ខេត្តសៀមរាប៖កម្លាំងនគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន២នាក់ ករណីលួចគាស់តូបលក់កាហ្វេយកទ្រព្យសម្បត្តិពលរដ្ឋនិងប្រើប្រាស់គ្រឿងញៀន។
លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៣ នេះថា ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក នួន ស័ក្តិចំរេីនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៦:៣០នាទី នៅចំណុចតូបលក់កាហ្វេ មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោសដោយកាប់គាស់ទម្លុះទម្លាយ ( កាត់សោរទ្វារលួ,ចយកម៉ាស៊ីនឆុងកាហ្វេ ) បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើកម្មភាពកាត់សោរទ្វារ លួ,ចយកម៉ាស៊ីនឆុងកាហ្វេ ០១ឈុត របស់ជនរងគ្រោះរស់នៅភូមិកើតហេតុ ។
លោកបន្តថា ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុ ដោយយោងតាមកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ក៏កំណត់បានមុខសញ្ញាជនសង្ស័យខាងលើ ។ លុះនៅវេលា០៣:០០នាទី ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចយើង បានធ្វើការល្បាត ក៏ប្រទះឃើញជនសង្ស័យខាងទាំងពីរ ដែលកំពុងតែជិះម៉ូតូរ៉ឺម៉ក ហេីយឃាត់សួរនាំ ។
លោកបន្តទៀតថា ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពកាត់សោរទ្វារតូបលក់កាហ្វេ ហើយលួ,ចយកម៉ាស៊ីនឆុងកាហ្វេពិតមែន ក្រោយពីលួចបានហេីយ បានយកទៅដោះបំបែកយកស្ពាន់ ។
ជនសង្ស័យ៖០១/ឈ្មោះ ឆាង ថាន់ហ៊ីវ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបររើសអេតចាយ មានស្រុកកំណើតនៅប្រទេសវៀតណាម ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។០២/ឈ្មោះ ឡេ វឹងតឹង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបររើសអេតចាយ មានស្រុកកំណើតនៅប្រទេសវៀតណាម ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។
លោកបញ្ជាក់ថា កម្លាំងសមត្ថកិច្ចយើងបានធ្វើតេស្ត ស្វែងរកសារធាតុញៀនលើជនសង្ស័យទាំងពីរ ដោយលទ្ធផល វិជ្ជមាន (ជាតំរុយមេតំហ្វេតាមីន)+វត្ថុតាងដកហូតបាន៖ ម៉ូតូសណ្តោងរ៉ឺម៉កចំនួន០១គ្រឿង របស់ជនសង្ស័យធ្វើសកម្មភាព កន្រ្តៃកាត់ដែកចំនួន០១ និងម្ស៉ៅក្រាមពណ៌សថ្លាមួយចំនួន ព្រមទាំងម៉ាស៊ីនឆុងកាហ្វេរបស់ជនរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី៕AFN