Wednesday, November 27, 2024
Header Banner

គម្រោងសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា វប្បធម៌ សន្តិភាព របស់សម្ដេចសង្ឃរាជ ទេព វង្ស នឹងត្រូវដំណើរការឡើងវិញនាពេលឆាប់ៗនេះ!

ខេត្តសៀមរាប៖គម្រោងសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា វប្បធម៌ សន្តិភាព របស់សម្ដេចសង្ឃរាជ ទេព វង្ស ត្រូវបានអាជ្ញាធរពាក់ព័ន្ធបើកកិច្ចប្រជុំគិតគូរសាងសង់ឡើងវិញ បន្ទាប់ពីអាក់ខានជិត៣ឆ្នាំមកហើយដោយសារតែវិបត្តិកូវីដ.១៩។កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា  ឆ្នាំ២០២៣ ក្នុងសាលប្រជុំរដ្ឋបាលខេត្តសៀមរាប។

    លោកជេម វណ្ណ នាយកប្រតិបត្តិនៃគម្រោងសាងសង់មជ្ឈមណ្ឌល ព្រះពុទ្ធសាសនា វប្បធម៌ សន្តិភាព របស់សម្ដេចសង្ឃរាជ ទេព វង្ស បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ខែកញ្ញានេះថា ដោយមានការអនុញ្ញាតពីសំណាក់ឯកឧត្តមប្រាក់  សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ទើបលោកនឹងក្រុមការងារបានចូលទៅគោរពគារវកិច្ច និងជូនពរឯកឧត្តមអភិបាលខេត្តព្រមទាំង រាយការណ៍ពីគម្រោងសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា វប្បធម៌ សន្តិភាព របស់សម្ដេចសង្ឃរាជ ទេព វង្ស ជូនឯកឧត្តមអភិបាលខេត្តជ្រាបពីគម្រោងនេះ។  លោកបន្តថា ការបង្កើតគម្រោងនេះគឺ ផ្ដោតសំខាន់លើការចូលរួមនិងនាំមកនូវទេសចរណ៍ បែបព្រះពុទ្ធសាសនា និងវប្បធម៌ធម្មជាតិ ហើយក៏ធ្វើឡើងដើម្បីថ្វាយសម្ដេចសង្ឃទេព វង្ស ទុកជាអនុស្សវរីយ៍ក្នុងទឹកដីស្រុកកំណើតរបស់ព្រះអង្គផងដែរ។

   ​លោកបន្ថែមថា ក្នុងជំនួបនោះដែរ ឯកឧត្តមអភិបាលខេត្ត បានគាំទ្រនូវគម្រោងនេះផងដែរ ហើយបើមានការខ្វះខាតផ្លូវច្បាប់យ៉ាងណានោះឯកឧត្តមនឹងជួយសម្រួលថែមទៀត។លោកបញ្ជាក់ថា បើមិនមានធ្វីផ្លាស់ប្តូរនោះទេ គម្រោងនេះគឺនឹងត្រូវសាងសង់ឲ្យបានរួចរាល់ជាស្ថាពរក្នុងរយៈពេល៣ឆ្នាំ។

    ឯកឧត្តមប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ ប្រាប់អ្នកកាសែតនាព្រឹកថ្ងៃទី២៦ខែកញ្ញានេះថា កាលពីថ្ងៃទី២៥ខែកញ្ញា ម្សិលមិញលោកបានអនុញ្ញាតឲ្យក្រុមការងារគម្រោងសាងសង់ មជ្ឈមណ្ឌល ព្រះពុទ្ធសាសនា វប្បធម៌ សន្តិភាព របស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព រង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារគម្រោង ដែលគ្រោងសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏ធំមួយនៅក្នុងខេត្តសៀមរាបនាពេលខាងមុខ ។

    នៅពេលដែលឃើញព័ត៌មាននេះ ពលរដ្ឋនៅក្នុងមូលដ្ឋាននៃសង្កាត់ជ្រាវ ក្រុងសៀមរាប បានសាទរនិងមានសង្ឃឹមយ៉ាងមុតមាំថាពួកគាត់និងមានជីវភាពធូរធារគ្រាន់បើជាងមុន បន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធបានអនុញាតិឲ្យសាងសង់គម្រោងនេះឡើងវិញ។

   សូមរម្លឹកផងដែរថា គម្រោងអភិវឌ្ឍន៍លើផ្ទៃដីទំហំ ២៨៨,៦០៣ហិកតា  ដែលរាជរដ្ឋាភិបាលបានអនុញ្ញាត តាមរយៈលិខិតលេខ ៩៤៩ សជណ ចុះថ្ងៃទី២០ សីហា ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាតថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដើមី្បធ្វើការអភិវឌ្ឍន៍ នៅក្នុងភូមិសាស្ត្រសង្កាត់ជ្រាវក្រុងសៀមរាប៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម