ខេត្តព្រៃវែង៖នៅក្នុងលិខិតមួយកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានស្នើសុំគោលការណ៍ ទៅឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើតេស្តរកសារធាតុញៀនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
បើយោងតាមលិខិតគោរពជូនអគ្គស្នងការនគរបាលជាតិ លោកស្នងការនគរបាលខេត្តព្រៃវែង បានលើកឡើងថា ក្នុងរយៈពេល ៥ខែកន្លងមកនេះ កម្លាំងចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះបង្ក្រាបករណ៍ប្រើប្រាស់ និងជួញដូរគ្រឿងញៀនទាំងតូច ទាំងធំបានចំនួន ១០៩ករណី ដោយឃាត់ខ្លួនជនសង្ស័យបាន ១៦៧នាក់ និងរឹបអូសគ្រឿងញៀនបានចំនួន ១៨៧៥១,៩៩ក្រាម។
សមិទ្ធិផលទាំងនេះ គឺជាការខិតខំប្រឹងប្រែងរួមគ្នាទាំងកម្លាំងនគរបាលខេត្ត អធិការដ្ឋាន នគរបាលក្រុង-ស្រុកទាំង ១៣ ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦។ទន្ទឹមទទួលបានលទ្ធផលដូចខាងលើ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនគរបាលបានធ្វើកន្លងមក ក៏ទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋជាហូរហែរផងដែរ។
ដើម្បីឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាន់តែទទួលបានជោគជ័យ និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានស្នើសុំគោលការណ៍ពីនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អនុវត្តដូចជា៖១. ធ្វើការត្រួតពិនិត្យតេស្តរកសារធាតុញៀន ដល់មន្ត្រីនគរបាលដែលមានក្របខណ្ឌពេញសិទ្ធិ ក្នុង ខេត្តព្រៃវែងទាំងមូលជាប្រចាំ ធ្វើជាគំរូដល់ប្រជាពលរដ្ឋក្នុងនាមជាមន្ត្រីអនុវត្តច្បាប់។២. ករណីមន្ត្រីគេចវេសមិនចូលរួម ពិនិត្យស្វែងរកសារធាតុញៀនតាមការកំណត់របស់ ស្នងការដ្ឋាននរគបាលខេត្ត គោរពស្នើសុំអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ (០០៦ ប.ប.ជ)។៣. ករណីរកឃើញមន្ត្រីមានការប្រើប្រាស់គ្រឿងញៀន គោរពស្នើសុំអនុវត្តវិន័យកងកម្លាំងនគរបាល ជាតិ (០០៦ ប.ប.ជ) បណ្តញចេញពីក្របខណ្ឌនគរបាលជាតិ។៤. យុទ្ធនាការតេស្តរកសារធាតុញៀននេះ គោរពសុំការអនុញ្ញាតផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
ពាក់ព័ន្ធនឹងករណីនេះដែរមហាជន បានសាទរទៅនឹងចំណាត់ការរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ដែលតែងតែយកចិត្តទុកដាក់ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងសង្គមបានយ៉ាងល្អ៕ដោយ៖AFN