ខេត្តសៀមរាប៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ នៅក្នុងពិធីប្រគេនសេចក្តីសម្រេចប្រគេន សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមទីប្រឹក្សាផ្ទាល់គណៈសង្ឃនាយក សមាជិកថេរសភា ព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ទទួលភារកិច្ចសម្របសម្រួលការងារពុទ្ធសាសនា នៅខេត្តសៀមរាប ដោយបានបញ្ជាក់ថា សព្វថ្ងៃនេះខេត្តសៀមរាប ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយមានវត្តអារាមចំណាស់ៗជាវត្តទេសចរណ៍ ជាចំណែកមួយសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។
ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នៅវត្តរាជបូណ៌ ក្រុងសៀមរាប ថា ជម្រុញឲ្យគ្រប់បណ្តាវត្តទាំងអស់នៅក្នុងខេត្តសៀមរាប រៀបចំសម្អាតបរិស្ថាន សណ្ឋាប់ធ្នាប់ តុបតែងបរិវេណវត្តឲ្យបានស្អាត ជារមណីយដ្ឋានវត្តស្អាត ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ ជាពិសេសនៅពេលថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ពុទ្ធបរិស័ទមិនទៅណាឆ្ងាយពីវត្តនោះទេ បើសិនជាវត្តស្អាត ។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ពេលនេះសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ត្រូវទទួលភារកិច្ចជួយមើលការងារកិច្ចការព្រះពុទ្ធសាសនា និងទីវត្តអារាមនានា ទូទាំងខេត្តសៀមរាប ។ ដូចនេះឯកឧត្តមសំណូមពរដល់សម្តេចព្រះព្រហ្មរតនមុនី ពិន សែម និងព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃថ្នាក់ខេត្ត ព្រះគ្រូអនុគណស្រុក ព្រះមន្ត្រីសង្ឃថ្នាក់ស្រុក រួមគ្នាពង្រឹងព្រះធម៌ ព្រះវិន័យ និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានស្រាប់ ដើម្បីលើកកម្ពស់កិត្យានុភាពតម្លៃនៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមទីវត្តអារាម ឲ្យបានល្អស័ក្តិសមជាទីកន្លែងសម្រាប់គោរពសក្ការបូជា និងជាទីកន្លែងសម្រាប់ទេសចរជាតិ អន្តរជាតិ បានឈ្វេងយល់ពីវប្បធម៌ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ជាតិខ្មែរយើងតាំងពីអតីតកាល រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ជាពិសេសរំពឹងថា អធិករណ៍ ដែលកើតមានទៅតាមធម៌វិន័យនៅតាមវត្ត និងត្រូវដោះស្រាយរឿងធំធ្វើមកជារឿងតូច, រឿងតូចធ្វើទៅជារឿងល្អៗ ដើម្បីបញ្ចប់ ។ ខេត្តសៀមរាប ជាខេត្តគំរូមួយ ដែលមានការប្រតិបត្តិព្រះធម៌ ព្រះវិន័យ នៃព្រះពុទ្ធសាសនាបានល្អជាងគេ ។សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃដីកាថា ជាការពិតណានៅក្នុងខេត្តសៀមរាបនេះ មានតំបន់បេតិកភណ្ឌពិភពលោក ហើយនៅក្នុងតំបន់នោះ ក៏មានវត្តជាច្រើនផងដែរ។
ដូចនេះព្រះសង្ឃត្រូវមានការចូលគ្រប់សកម្មភាព ដើម្បីការពារថែរក្សាកុំឲ្យបាត់បង់ខូចខាតនូវស្នាមញញឹមវប្បធម៌របស់ជាតិខ្មែរយើង។ គណៈសង្ឃនាយ នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចប្រគេនភារកិច្ចប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិនសែម ដើម្បីសហការជាមួយអាជ្ញាធរពាក់ព័ន្ធធ្វើការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា សម្របសម្រួលប្លង់មេនៃសំណង់ស្របតាមចរនាបទខ្មែរ វត្តអារាមក្នុងឧទ្យាអង្គរ ដើម្បីឱ្យមានរបៀបរៀបរយល្អ ជាពិសេសការពង្រឹងប្រតិបត្តិធម៌វិន័យ ។
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ មានសង្ឃដីកាប្តេជ្ញាចិត្តថា នឹងអនុវត្តភារកិច្ចដែលគណៈសង្ឃនាយ នៃព្រះរាជាណាចក្រកម្ពុជាប្រគេន ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឲ្យបានទៅតាមអ្វីដែលមានក្នុងចែងនៅក្នុងសេចក្តីសម្រេចនេះ ជាពិសេសសម្តេចនឹងពង្រឹងការប្រតិបត្តិធម៌ វិន័យ ព្រះសង្ឃនៅក្នុងខេត្តសៀមរាប ឱ្យមានសេចក្តីថ្លៃថ្នូតាមប្រពៃណីព្រះពុទ្ធសាសនា៕AFN