Wednesday, November 27, 2024
Header Banner

ថ្នាក់ដឹកខេត្តសៀមរាប ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!

ខេត្តសៀមរាប៖កាលពីរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានជួបធ្វើការសំណេះសំណាលជាមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីចាត់ការ អង្គភាពទាំង៦ នៃរដ្ឋបាលសាលាខេត្តសៀមរាប និង កម្មករ ក្នុងឱកាសរដូវកាលដែលប្រជាពលរដ្ឋកម្ពុជា ប្រារព្ធធ្វើពិធីអបអរសាទរបុណ្យភ្ជុំបិណ្ឌ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ចូលរួមផងដែរ នៅសាលប្រជុំសាលាខេត្តសៀមរាប ។

ក្នុងលក្ខណៈជាគ្រួសារតែមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប មានប្រសាសន៍សំណេះ សំណាលនោះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង កម្មករ រដ្ឋបាលសាលាខេត្ត អស់រយៈពេល១ឆ្នាំមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនៈក្រៃលែង ។

ឯកឧត្តមទាំងពីរក៏បានបន្តទៀតថា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោមគោលនយោបាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិទាំងមូលទទួលបានសន្តិភាពពេញលេញ និងធ្វើឲ្យសេដ្ឋកិច្ចជាតិ ប្រទេសជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។ ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានលើកឡើងផងដែរថា ទោះបីកម្ពុជាយើង និង និយាយដោយឡែកខេត្តសៀមរាប ក្នុងរយៈពេលជិត៣ឆ្នាំ បានជួបនូវវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យមានការធ្លាក់ចុះក្នុងវិស័យទេសចរណ៍ ។ ក្រោយពេលមានភាពធូស្រាលនេះ ខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលជាខេត្តវប្បធម៌ដ៏សម្បូរបែប សម្បូរទៅដោយប្រាង្គប្រាសាទ និង រមណីយដ្ឋានធម្មជាតិ បានកំពុងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍លើពិភពលោក ចូលមក ទស្សនាកម្សាន្តជាបណ្តើរៗឡើងវិញ ក្នុងការស្តារឡើងវិស័យទេសចររបស់ខេត្តយើងផងដែរ ។

ទាំងនេះគឺអាស្រ័យដោយកិច្ចសហការ និង ការចូលរួមរបស់មន្ត្រីរាជការសាលាខេត្ត ដែលជាសេនាធិការរបស់ខេត្ត ដែលធ្វើឲ្យសេវាសាធារណៈ បម្រើជូនដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំ ដែលជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរម្តងៗ តែងតែធ្វើការជួបជុំសំណេះសំណាលនៃមហាគ្រួសារមន្ត្រី សាលាខេត្ត ដែលមានមន្ត្រីជារៀបច្បង និង មន្ត្រីរាជការនៃសាលាខេត្តសៀមរាបទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកា ដើម្បីឲ្យបងប្អូនយកទៅប្រើប្រាស់ ទៅតាមសេចក្តីតម្រូវការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងការធ្វើនូវចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទិ្ទសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ លោកអ្នកមានគុណ ញ្ញាតិកាលប្រាំពីរសណ្តាន ដែលបានចែកឋានទៅសោយសុខក្នុងសុគតិភពផងដែរ ។ ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានធ្វើការណែនាំមួយចំនួន និង ផ្តាំផ្ញើដល់មន្ត្រីរាជការ រដ្ឋបាលសាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និង មានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាជូនប្រជាជនឲ្យបានទាន់ពេលវេលា និង ធ្វើការគ្រប់គ្រងឲ្យបានល្អចំពោះមន្ត្រីក្រោមឱវាទ និង មានការទំនាក់ទំនងល្អជាមួយ បណ្តាមន្ទីរ អង្គភាព និង ភ្ញៀវជាតិ អន្តរជាតិ និង ក្នុងពេលបើកបរសូមឲ្យប្រើប្រាស់នូវមួកសុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលបើកបរ សំខាន់នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះផងដែរ ៕ស.រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម