**អ្នកប្រាជ្ញលើកឡើងថា «អង្គរវត្ត ជាមេមាន់ពងមាស»
ខេត្តសៀមរាប៖មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរា បានថ្លែងបញ្ជាក់យ៉ាងច្បាស់លាស់ថា ការថតរូបភាពទេសចរ រូបភាពអនុស្សាវរីយ៍និងរូបភាពសម្រាប់ការអប់រំ មិនមានការហាមឃាត់ទេ គឺហាមឃាត់ចំពោះការតែការថតណាសម្រាប់យកទៅធ្វើអាជីវកម្មប៉ុណ្ណោះ។
អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល បានថ្លែងបញ្ជាក់ នៅក្នុងសន្និសីទ សារព័ត៌មាន កាលពីព្រឹកថ្ងៃទី៥ខែតុលាថា ចំពោះសាធារណជន ដែលមទស្សនាតំបន់អង្គរ ក្នុងខេត្តសៀមរាប គឺអាចថតរូប អនុស្សាវរិយ៍ រូបទេសចរណ៍ ជាលក្ខណគ្រួសារនិងរូបភាពសម្រាប់យកទៅផ្សព្វផ្សាយ អប់រំបានដោយសេរី មិនមានការហាមឃាត់អ្វីឡើយ។
ដោយឡែកចំពោះ ការថតភាពយន្ត ថតចម្រៀងកាយវិការ ឬក៏ឯកសារផ្សេងៗ ដោយយោងតាមអនុក្រិត្យរបស់រដ្ឋាភិបាល គឺតម្រូវឱ្យផលិតករ ចាំបាច់ត្រូវតែសុំការអនុញ្ញាត ទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមុន ដោយដាក់ទាំងអត្ថបទនៃសាច់រឿងទៅជាមួយផង ដើម្បីឱ្យក្រុមអ្នកជំនាញផ្នែកវប្បធម៌ បានពិនិត្យមើលខ្លឹមសារនៃសាច់រឿង។ឯកឧត្តម ឡុង កុសល បានបញ្ជាក់យ៉ាងច្បាស់ថាការដែលតម្រូវ ឱ្យផលិតករដាក់ទាំងអត្ថបទ ឱ្យអ្នកជំនាញពិនិត្យខ្លឹមសារនោះ គឺមិនមែនជាការរឹតត្បិតសេរីភាពនៃការសរសេររបស់ផលិតករទេ ដោយគ្រាន់តែចង់ចូលរួមកែសម្រួលនូវ ប្រវត្តិសាស្រ្ត ឬក៏ទម្រង់នៃវប្បធម៌ ឱ្យបានត្រឹមត្រូវប៉ុណ្ណោះ។កន្លងមកមានប្រជាពលរដ្ឋជាច្រើន ដែលបានប្រកបរបរស្លៀកសម្លៀកបំពាក់បុរាណខ្មែរ សម្រាប់ភ្ញៀវទេសចរណ៍ដែលចូលទៅទស្សនាប្រាសាទ ហើយអ្នកជំនាញរបស់ក្រសួងវប្បធម៌ ក៏បានទៅពិនិត្យនិងជួយកែលំអ ឱ្យត្រូវទៅតាមទម្រង់នៃសម្លៀកបំពាក់ខ្មែរដែរ។មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានសំណូមពរ ឱ្យម្ចាស់ផលិតកម្ម ដែលត្រូវមកថតភាពយន្ត ថតចម្រៀងកាយវិការក្តី យោគយល់ចំពោះ ការអនុវត្តន៍យន្តការគ្រប់គ្រងការប្រើប្រាស់និងការថតរូបភាព រមណីយដ្ឋានអង្គរនិងកន្លែងមួយចំនួនទៀតដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចអាជ្ញាធរអប្សរា ដោយតម្រូវឱ្យសុំការអនុញ្ញាតទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈនេះ ។
គោលបំណងនៃការតម្រូវឱ្យម្ចាស់ផលិតកម្ម ដែលត្រូវមកថតភាពយន្ត ថតចម្រៀងកាយវិការ នៅតំបន់អង្គរត្រូវសុំការអនុញ្ញាត ជាមុននេះ គ្មានអ្វីក្រៅពីចង់លើកតំកើងអង្គរ វប្បធម៌ ប្រពៃណីនិងស្ថាប្យកម្ម អង្គរដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ ដែលមិនអាចកាត់ថ្លៃបាននោះទេ។អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល បានប្រៀបធៀបអង្គររបស់ខ្មែរ ទៅនិងមេមាន់ ដែលពងចេញមាស ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋខ្មែរគ្រប់រូប មិននាំគ្នាជួយថែរក្សាអង្គរឱ្យបានល្អទេ នោះមេមាន់នឹងលែងពងចេញមាសទៀតហើយ។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរា មានគំរោងនឹងធ្វើការកែលំអនីតិវិធីខ្វះខាតមួយចំនួន ដើម្បីធ្វើយ៉ាងណា ឱ្យផលិតករភាពយន្ត ឬក៏អ្នកថតរូបធ្វើអាជីវកម្ម អាចស្នើសុំការអនុញ្ញាត ចូលថតរូបនៅក្នុងតំបន់អង្គរ បានកាន់តែងាយស្រួលនិងរលូន។ ជាមួយគ្នានេះ អាជ្ញាធរអប្សរា ក៏មានគំរោងរៀបចំឱ្យមានCall Center ដើម្បីឱ្យអាជីវករដែលត្រូវការថតរូបក្នុងតំបន់អង្គរ អាចទាក់ទងបានងាយស្រួល ព្រមទាំងបង្កើតប្រព័ន្ធOnlineដើម្បីឱ្យ អាជីវករអាចចូលស្នើសុំតាមប្រព័ន្ធបច្ចេកវិទ្យា បានយ៉ាងឆាប់រហ័សផង។
ស្ដែងចេញពីការប្រឹងប្រែងទាំងអស់នេះហើយ ក្នុងនាមជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ គួរតែចូលរួមថែរក្សានិងអភិរក្សរមណីយដ្ឋានអង្គរ ឲ្យបានល្អផូរផង់យូរអង្វែងដូចពាក្យស្លោកលើកឡើងថា «អង្គរវត្តជាមេមាន់ពងមាស»៕AFN