ខេត្តសៀមរាប៖អាជ្ញាធរមូលដ្ឋាននៃសង្កាត់ស្លក្រាម ក្រុងសៀមរាប បានហៅម្ចាស់រថយន្តដឹកដីដែលធ្លាក់ជ្រុះរាយប៉ាយតាមផ្លូវ មកធ្វើកិច្ចសន្យាបញ្ឈប់និងសម្អាតផ្លូវនោះឡើងវិញ។
ពលរដ្ឋបានលើកឡើងថា បច្ចុប្បន្ននេះជារដូវវស្សាមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ហើយគេសង្កេតឃើញថាមានរថយន្តធន់ធ្ងន់មួយចំនួនដឹកទំនិញចូលក្នុងក្រុងសៀមរាប យ៉ាងគគ្លើនដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងការខូចខាត។ពលរដ្ឋស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ គរបន្តចុះរឹតបន្តឹងចំពោះឡានដឹកទំនិញធន់ធ្ងន់ឲ្យបានញឹកញាប់ ដើម្បីធ្វើយ៉ាងណាឲ្យផ្លូវថ្នល់ក្នុងក្រុងសៀមរាប បានជាប់យូរអង្វែង។
លោកហាយ យ៉ុង អភិបាលរងក្រុងសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី៥ ខែតុលានេះថា បន្ទាប់ពីលោកទទួលបានសេចក្តីរាយការណ៍មកលោកបានដាក់បទបញ្ជា ទៅអាជ្ញាធរមូលដ្ឋាននៃសង្កាត់ស្លកក្រាម ឲ្យចុះធ្វើការរឿងនេះឲ្យបានហ្មត់ចត់។ យោងតាមលិខិតដែលអាជ្ញាធរសង្កាត់ស្លក្រាម បានធ្វើកិច្ចសន្យានោះបានឲ្យដឹងថា ម្ចាស់ឡានមានឈ្មោះថោង ឡង់ឌី ភេទប្រុសអាយុ៣១ ឆ្នាំរស់នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។ម្ចាស់ឡានទឹកដីខាងលើបានចាក់ដីដោយមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋាននិងជំនាញនោះទេ។ លិខិតដដែលបន្តថា អាជ្ញាធរបានតម្រូវឲ្យម្ចាស់ឡានដឹកដីគ្របឲ្យបានត្រឹមត្រូវនៅពេលស្នើសុំច្បាប់រួចរាល់និងសម្អាតផ្លូវឲ្យបានត្រឹមត្រូវនិងបញ្ឈប់ការដឹកដីក្នុងអំឡុងពេលទឹកលិចផ្លូវរយៈពេលមួយឆ្នាំ៕AFN