ខេត្តសៀមរាប៖កម្លាំងជំនាញរដ្ឋបាលជលខាងជើងបឹងទន្លេសាប សហការជាមួយកម្លាំងផ្នែករដ្ឋបាលជលចុងឃ្នៀស ចុះបង្ក្រាបបទល្មើសនេសាទដាក់របាំងលបសាច់អួនវែងៗខុស ច្បាប់ចំនួន១០ របាំងមានប្រវែង១៥០០ម៉ែត្រ, កាប់ចម្រឹងចំនួន៦០០ដើម,ព្រលែងត្រីចម្រុះចំនួន៣០គីឡូក្រាម ស្ថិតនៅក្នុងភូមិសាស្ត្រនៃក្រុងសៀមរាប។
លោក ពត វណ្ណដេត នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នេះលោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានដឹកនាំកម្លាំង ផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងសហគមន៍នេសាទចុងឃ្នៀស សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំដោយលោកសោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលចាប់ពីចំណុចមាត់ពាមចុងឃ្នៀសដល់ចំណុចអូរប្រតប់ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រុមការងារបានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់(ប) ចោលនៅនឹងកន្លែងចំនួន០១ករណី៖ឧបករណ៍ប-ក្បាលបចំនួន ១០គ្រឿង-របាំងសាច់អួនប្រវែង ១៥០០ម៉ែត្រ-ចម្រឹងចំនួន៦០០ដើម-ព្រលែងត្រីចម្រុះចំនួន ៣០គីឡូក្រាម ប្រើប្រាស់កម្លាំង១៤នាក់ កាណូតចំនួន០២គ្រឿង។
លោកបន្តថា ការប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់នៅក្នុងសង្កាត់ភ្នំក្រោមនេះ មានដូចជាឧបករណ៍បរ ស្បៃមុង និងរបាំងសាច់ក្រហម គឺត្រូវបានហាមឃាត់ មិនអោយមានការប្រើប្រាស់ជាដាច់ខាត ដោយផ្នែករដ្ឋបាលជលផលចុងឃ្នៀស និងសង្កាត់បាន សហការគ្នាបង្រ្កាបជាប្រចាំ ក្រោមការបញ្ជារបស់លោកធិននី សុទ្ធី នាយខណ្ទរដ្ឋបាលជលផលសៀមរាប បានដាក់បទបញ្ជាឲ្យមានការបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់។
លោក ពត វណ្ណដេត នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានសំណូមពរ ដល់ប្រជានេសាទទាំងអស់សូមឈប់ប្រើប្រាស់តែឧបករណ៍ណាដែលខុសច្បាប់ ដូចជារបាំងសាច់ បរ និងឆក់ត្រី និងបទល្មើសផ្សេងៗ ដើម្បីចៀសវាងការបាត់បង់ និងខូចខាតថវិកា ដោយសារតែសមត្ថកិច្ច បង្រ្កាប ហើយអាចឈានដល់ការពាក់ព័ន្ឋនឹងផ្លូវច្បាប់ ម្យ៉ាងទៀតសុំឲ្យជួយគ្នាថែរក្សាធនធានមឆ្ឆាជាតិ សម្រាប់តម្រូវការស្បៀងអាហារដល់ពលរដ្ឋទូទៅ។
ពាក់ព័ន្ធនឹងការបង្ក្រាបករណីបទល្មើសនេសាទក្នុងភូមិសាស្ត្រនៃក្រុងសៀមរាប នេះដែរមហាជនសាទរ ហើយបានស្នើឲ្យមានចំណាត់ការបែបនេះឲ្យបានដូចភ្លៀងរលឹម៕AFN