ខេត្តសៀមរាប៖ មន្ទីរព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានរៀបចំពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោក លោកស្រី ជាប្រតិភូអមដំណើរ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានក្នុងខេត្តជាច្រើនរូបទៀត ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម លីវ សុខុន ទីប្រឹក្សាក្រសួង និង ជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានសម្ដែងនូវក្ដីសោមនស្សរីករាយក្រៃលែងចំពោះវត្តមានឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោកស្រីអភិបាលរងខេត្ត ដែលអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ដើម្បីបញ្រ្ជាបការយល់ដឹង និងអភិវឌ្ឍន៍ធនធានសមត្ថភាព អំពីតួនាទី ភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន សម្រាប់រក្សាសន្តិភាព និងសណ្ដាប់ធ្នាប់សង្គម ពិសេសគឺការបង្កើនការទំនាក់ទំនងឱ្យមានភាពស្និទ្ឋស្នាលរវាងអ្នកសារព័ត៌មានជាមួយថ្នាក់ដឹកនាំនិង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងន័យបង្ខិតឱ្យកាន់តែកៀកជិតគ្នា សហការល្អ សំដៅរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម ។
ឯកឧត្ដមសង្ឃឹមថា តាមរយៈពិធីសំណេះសំណាលនេះ នឹងធ្វើឲ្យអ្នកសារព័ត៌មានយើង បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត អំពីសិទ្ធិ តួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីពង្រឹងវិជ្ជាជីវៈ និងជំនឿទុកចិត្តពីសាធារណជន ។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា ៖ អ្នកសារព័ត៌មានមានតួនាទីរាយការណ៍ សរសេរអត្ថបទ នូវរឿងរ៉ាវគ្រប់ប្រធានបទ ដើម្បីបម្រើដល់អ្នកអាន អ្នកស្តាប់ អ្នកមើលនូវរឿងរ៉ាវទាំងនោះ ប៉ុន្តែចាំបាច់ត្រូវគោរពតាមច្បាប់ស្តីពីរបបសារព័ត៌មាន និង គោរពក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវពឹងផ្អែកទៅលើគោលការណ៍ចំនួន៦ចំណុច ដែលជាមូលដ្ឋានគ្រឺះសម្រាប់ការសរសេរ និង ការផ្សព្វផ្សាយព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និង មានសុក្រិតភាព ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានណែនាំដល់អ្នកសរសេរព័ត៌មាន ត្រូវដើរឱ្យទាន់ និងសិក្សាស្វែងយល់ អំពីការផលិតព័ត៌មាន ក្នុងបរិបទនៃការវីវដ្តបច្ចេកវិទ្យាឧស្សាហកម្ម៤.០ និងសារព័ត៌មានតាមប្រព័ន្ធអ៊ិនធើណែត ព្រោះតែដោយសារតែល្បឿននៃការបញ្ជូនព័ត៌មានបានលឿន និងទាន់ហេតុការណ៍នៅតាប្រព័ន្ធអ៊ីនធើណែត និងដោយសារតែការហូរចូលនូវប្រព័ន្ធកុំព្យូទ័រដ៏ច្រើនសន្ធឹកសន្ធាប់នាពេលបច្ចប្បន្ន ក៏ដូចជាវិសាលភាពនៃការរីកចម្រើនរបស់សារព័ត៌មានអ៊ីនធើណែត កាន់តែមានភាពធំឡើងៗ ដែលអាស្រ័យទៅដោយឧបករណ៍ មានភាពទំនើបនាពេលថ្មីៗទាំងនេះ ៕AFN
(ប្រភពពី មន្ទីរព័ត៌មានខេត្តសៀមរាប)