ខេត្តសៀមរាប៖សេដ្ឋីដែលធ្លាប់រស់នៅប្រទេសបារាំងនិងជាប់ខ្សែស្រឡាយ ម្នាក់បានចេញសែកស្អុយជាង៨ម៉ឺនដុល្លារ ដើម្បីសងទៅសងទៅជនរងគ្រោះ ត្រូវតុលាការខេត្តសៀមរាប កោះហៅឲ្យចូលសវនាការនៅព្រឹកថ្ងៃទី ២០ ខែធ្នូខាងមុខនេះ។ខណៈជនគ្រោះសង្ឃឹមថា តុលាការខេត្តសៀមរាប នឹងផ្ដល់យុត្តិធម៌ដល់គាត់ជាក់ជាមិនខាន។
លោកហេង តូហ៊ា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣នេះថា លោកមានទុក្ខជាទម្ងន់ដោយសាររយៈពេលជិតពីរឆ្នាំមកនេះ ខ្ញុំបាទត្រូវបានមន្រ្តីធំមួយរូបធ្វើការក្នុងព្រះបរមរាជវាំងធ្វើបាប និង ទទួលរងនូវអំពើអយុត្តិធម៌ជាខ្លាំង។ ដើមហេតុគឺថាកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឈ្មោះ អ៊ុ វិជ្ជារាវុធ ភេទប្រុស អាយុ ៧០ឆ្នាំ មុខរបរជាមន្ត្រីរាជការនៅបុរមរាជវាំង បានសុំខ្ចីប្រាក់ពីខ្ញុំបាទ ចំនួន ៧១,០០០ (ប្រាំពីរម៉ឺន មួយពាន់) ដុល្លារអាមេរិក ដើម្បីយកទៅព្យាបាលជំងឺប្អូនស្រីដែលស្ថិតនៅមន្ទីរពេទ្យប្រទេសវៀតណាម ដោយសន្យាថាសងវិញក្នុងរយៈពេលបីខែ។ ក្រោយពីទទួលប្រាក់កម្ចីរួចមកឈ្មោះ អ៊ុ វិជ្ជារាវុធ មិនបានទូទាត់សងការប្រាក់ និងប្រាក់ដើមឲ្យខ្ញុំនោះទេ ទោះបីដល់កាលបរិច្ឆេទសង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ហើយក្តី។ ប៉ុន្តែដោយសារមានការទៅទាមទារប្រាក់ពីខ្ញុំបាទ ជាច្រើនលើកច្រើនសារ ទើបនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ អ៊ុ វិជ្ជារាវុធ បានចេញមូលប្បទានប័ត្រ ១សន្លឹក លេខ ៣៣២២២៦ ដែលមានសាច់ប្រាក់ ៨១.៨៨៧ (ប្រាំបីម៉ឺន មួយពាន់ ប្រាំបីរយប៉ែតសិបប្រាំពីរ) ដុល្លារអាមេរិក សរុបជាមួយការប្រាក់ឲ្យមកខ្ញុំបាទដើម្បីទូទាត់សងការប្រាក់ និងប្រាក់ដើម ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ក្រោយពីបានមូលប្បទានបត្រនោះហើយ ខ្ញុំបាទក៏បានយកទៅដកប្រាក់ភ្លាមដែរ ប៉ុន្តែមូលប្បទានប័ត្រគ្មានសាច់ប្រាក់នោះទេ ហើយបន្ទាប់មកគាត់ក៏បានពន្យាពេល នឹងបានសងការប្រាក់បន្តិចបន្តួច រួចហើយក៏ចាប់ផ្តើមគេចវេសចាប់ពីពេលនោះ រហូតមកដល់សព្វថ្ងៃនេះតែម្តង។
សូមបញ្ជាក់ផងដែរថា ទឹកប្រាក់សរុបទាំងនោះមិនមែនជាលុយរបស់ខ្ញុំបាទម្នាក់ឯងនោះទេ គឺខ្ញុំបាទបានខ្ចីបុលបន្តពីមិត្តរួមកាងារចំនួនពីរនាក់នឹងក្រុមហ៊ុនបញ្ចាំដើម្បីយកមកជួយរូបគាត់។ ក្នុងរយៈពេលជិតពីរឆ្នាំគិតមកដល់ពេលនេះ ខ្ញុំបាទត្រូវរងទុក្ខជាទំងន់ដោយត្រូវរកលុយសងការប្រាក់គេជំនួសគាត់យ៉ាងលំបាកជាទីបំផុតទាំងខ្លួនមានម្តាយចាស់ បងពិការភ្នែក និងក្មួយៗជាច្រើនក្នុងបន្ទុកត្រូវទទួលខុសត្រូវចិញ្ចឹម និងបំណុលធនាគារផ្ទាល់ខ្លួនថែមទៀតផង។ពីមួយថ្ងៃទៅមួយថ្ងៃជីវភាពខ្ញុំបាទកាន់តែលំបាកស្ទើតែទ្រំាលែងបាន។ក្នុងនាមជាប្រជាពលរដ្ឋសាមញ្ញម្នាក់ ខ្ញុំបាទគ្មានជំរើសអ្វីក្រៅពីសំពះលុតជង្គង់អង្វរ ដល់ថ្នាក់ដឹកនាំមេត្តាជួយស្វែងរកយុត្តិធម៌ និងជួយស្រោចស្រង់មកដល់រូបខ្ញុំបាទផង។ លោកហេង តូហ៊ា មានសង្ឃឹមយ៉ាងមុតមាំថា សវនាការ របស់សាលាដំបូងខេត្តសៀមរាប ដែលនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ អាចជួយរកយុត្តិធម៌ឲ្យគាត់បានជាក់ជាមិនខាន។
ជុំវិញករណីខាងលើនេះដែរ កម្ពុជាថ្មី មិនអាចសុំការពន្យល់តាមទូរស័ព្ទពីលោក អ៊ុ វិជ្ជារាវុធ បានទេនៅរសៀលថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣នេះ។
ពាក់ព័ន្ធនឹងបទល្មើសចេញសែកស្អុយនេះ មាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ បានចែងថា «បុគ្គលណាដែលមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទាន ដោយមានបំណង និងដោយមានចេតនាធ្វើឲ្យខូចប្រយោជន៍អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល ដោយមិនទាន់គិតដល់កាតព្វកិច្ចទូទាត់សងចំនួនសាច់ប្រាក់នៃឧបករណ៍អាចជួញដូរបាននោះទៅអ្នកកាន់»។ក្នុងមាត្រា ២៣១នេះដែរ ចំពោះបុគ្គលណាដែលផ្តល់សិទ្ធិអំណាចឲ្យផ្ទេរប្រាក់ចេញពីគណនីរបស់ខ្លួន ដោយមានបំណងឲ្យបញ្ជាទូទាត់ តែមិនត្រូវបានទូទាត់សង ឬកែបន្លំឧបករណ៍អាចជួញដូរបាន ហើយបានប្រើប្រាស់ដោយដឹងជាឧបករណ៍អាចជួញដូរបានទាំងនោះ ជាឧបករណ៍កែបន្លំ ឬក្លែងក្លាយ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួនពី ៥លានរៀល ដល់ ៥០លានរៀល៕ដោយ៖AFN