សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមអ្នកដឹកជញ្ជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិ នាព្រឹកថ្ងៃទី៣ មករា ឆ្នាំ២០២៤នេះបានប្រមូលផ្ដុំគ្នានៅមុខរដ្ឋបាលខេត្តសៀមរាប ដោយស្នើឲ្យអាជ្ញាធរជួយដោះស្រាយកង្វល់ ខណៈក្រុមហ៊ុនចិន គ្រប់គ្រងព្រលានយន្តហោះសៀមរាបអង្គរ យកថ្លៃផ្លូវ ឲ្យមានតម្លៃសមរម្យ។
ក្រុមអ្នករត់តាក់ស៊ីប្រមាណជា១០០នាក់ បានមកឈរមុខរដ្ឋបាលខេត្តសៀមរាប សុំស្នើទៅក្រុមហ៊ុនធ្វើព្រលានយន្តហោះថ្មីនៃខេត្តសៀមរាប លុបចោល លើការយកសេវានេះ ដែលជាបន្ទុកបន្ថែម សម្រាប់អ្នករកស៊ីដឹកភ្ញៀវ ព្រោះថា ក្រុមហ៊ុនបានយកថ្លៃចំណតឡាន នៅក្នុងព្រលានរួចទៅហើយ។
ពាក់ព័ន្ធនឹងករណីនេះដែរ មន្ត្រីរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តកំពុងសិក្សា និងរិះរកមធ្យោបាយដើម្បីចរចាជាមួយក្រុមហ៊ុនចិន ដែលវិនិយោគសាងសង់ ព្រលានយន្តហោះថ្មី ដ្បិតថាផ្លូវនេះស្ថិតក្នុងផែនការវិនិយោគច្បាស់លាស់របស់ក្រុមហ៊ុនចិនមួយនេះ។
នៅក្នុងកិច្ចប្រជុំរកដំណោះស្រាយ រវាងអ្នកដឹកភ្ញៀវទេសចរនិងអាជ្ញាធរខេត្តសៀមរាប នេះ អាជ្ញាធរបានទទួលសំណើរបស់ក្រុមអ្នកដឹកភ្ញៀវទេសចរណ៍យកទៅរាយការណ៍ជូនថ្នាក់លើ ហើយលោកអភិបាលខេត្តនឹងទៅចូលរួមប្រជុំនៅភ្នំពេញជាមួយថ្នាក់ដឹកនាំ។ គ្រានោះលោកអភិបាលខេត្តនឹងសុំគោលការណ៍ទៅថ្នាក់នាំ ជាពិសេសសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួយរកដំណោះស្រាយ។
ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរ វិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។
ព្រលាននេះចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ ជាព្រលានលំដាប់ថ្នាក់ 4E ដែលអាចទទួលយន្តហោះខ្នាតធំៗអាចចុះចតបានផងដែរ។ យោងតាមការជូនដំណឹងរបស់ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះរបស់ចិន ការយកសេវារថយន្ត បើកកាត់ផ្លូវកៅស៊ូទៅព្រលានយន្តហោះសៀមរាបអង្គរ (SIA) នឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។ សេវាទាំងនោះបែងចែកជា៤ផ្នែកតាមប្រភេទរថយន្ត ដែលតម្លៃសម្រាប់រថយន្តលក្ខណៈគ្រួសារ និងរថយន្តដឹកទំនិញធុនតូច តម្លៃ៣ដុល្លារ, រថយន្តដឹកអ្នកដំណើរក្រោម១៩កៅអី និងរថយន្តដឹកទំនិញក្រោម៩តោន តម្លៃ៦ដុល្លារ, រថយន្តដឹកអ្នកដំណើរចាប់ពី២០កៅអីឡើង និងរថយន្តដឹកទំនិញចាប់ពី៩ដល់១០តោន តម្លៃ៩ដុល្លារ និងរថយន្តដឹកទំនិញទម្ងន់ពី១០ទៅ២០តោន តម្លៃ១២ដុល្លារ។ តម្លៃនេះមិនរាប់បញ្ចូលពីថេរវេលាដែលចូលចតក្នុងចំណោតរបស់ព្រលានយន្តហោះឡើយ។
ទោះជាយ៉ាងនេះក្តីពលរដ្ឋក៏ដូចជាអ្នកដឹកភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាបកំពុងរង់ចាំស្ដាប់នូវដំណោះស្រាយរបស់អាជ្ញាធរខេត្តសៀមរាប ដែលបានយកសំណើរបស់ពួកគាត់ទៅក្រុមហ៊ុនចិនក៏ដូចជាថ្នាក់ដឹកនាំ៕ដោយ៖AFN