ខេត្តសៀមរាប៖សមាគមន៍ទេសចរណ៍កម្ពុជា ដែលហៅកាត់ថា(CATA) បានស្វែងរកដៃគូរសហការដើម្បីបើកវគ្គសិក្សាខ្លីៗដល់យុវជនដែលមកពីតំបន់ដាច់ស្រយាល និង ក្រីក្រ ចំនួន៩០នាក់ឲ្យបានរៀនសូត្រ ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីធ្វើយ៉ាងណាជួយពង្រឹងវិស័យទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែមានភាពរស់រវើក និងទាន់សម័យថែមទៀត។
ពិធីចែកវិញ្ញាបនបត្រនៃវគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅរសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២៤ ក្នុងសណ្ឋាគារស្តារីអង្គរ ក្រុងសៀមរាប ក្រោមអធិបតីភាពលោក យុន លីណេ អភិបាលរងខេត្តសៀមរាបតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ,លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា និងអស់លោក-លោកស្រី ភ្ញៀវកិត្តិយសមកពីស្ថាប័នជាច្រើនចូលរួមផងដែរ។
លោក អេង គន្ធា ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា សាខាខេត្តសៀមរាប បានឡើងអានរបាយការណ៍ជម្រាបជូនគណៈអធិបតី យ៉ាងដូច្នេះថា សមាគមទេសចរណ៍កម្ពុជា(CATA) បានសហការជាមួយ ក្រុមហ៊ុនស្រាវជ្រាវនិងប្រឹក្សា នព្វន្ត ដែលទទួលបានការអនុម័តជំនួយថវិកាដោយ គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពានិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (Sustainable Assets for Agriculture Markets, Business and Trade) ហៅកាត់ថា (SAAMBAT) ចំណុះឲ្យសួងសេដ្ឋកិច្ចបានធ្វើការបណ្ដុះបណ្ដាលជំនាញដល់យុវជនដែលមកពីតំបន់ដាច់ស្រយាល និង ក្រីក្រ អោយបានទទួលការរៀនសូត្រ ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចចំនួន៣ផ្នែក មានដូចជា៖១.ផ្នែកសេវាម្ហូបអាហារនិងភេសជ្ជៈ៣០នាក់,២.ផ្នែកការិយាល័យជួរមុខ៣០នាក់ ៣. ផ្នែកគេហកិច្ច និង រៀបបន្ទប់៣០នាក់ដែលមានរយៈពេល៣ខែ សរុបទាំងការរៀនទ្រឹស្ដី និងការអនុវត្តផ្ទាល់ចាប់តាំងពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ចំពោះជំនាញទាំង៣នេះ មានសិក្ខាកាមសរុបចំនួន៩០នាក់ ក្នុងនោះ សិក្ខាកាមស្រីសរុបចំនួន៦២នាក់ ស្មើនឹង៦៩ភាគរយ។
បច្ចុប្បន្ននេះសិក្ខាកាមដែលមានការងារធ្វើមានចំនួន សរុប២៩នាក់ ស្មើនឹង៣២ភាគរយ ហើយនៅក្នុងនោះមានសិក្ខាកាមស្រីដែលមានការងារធ្វើមានចំនួនសរុប២០នាក់ ខាងសមាគមនឹងបន្តស្វែងរកការងារធ្វើបន្ថែមជូនដល់សិក្ខាកាមផ្សេងៗទៀតផងដែរ។សិស្សដែលទទួលការសិក្សារនេះ បានទទួលនូវប្រាក់ឧប្ថម្ភក្នុងម្នាក់ ២៤មឺនរៀលក្នុងមួយខែ មានរយៈពេលបីខែ។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងនៅក្នុងបន្ទប់សិក្សារបស់វិទ្យាស្ថានជាតិរហុបច្ចេកទេសអង្គរ ហើយបង្រៀនដោយគ្រូបង្គោលរបស់យើងចំនួនបីរូប ដែលមានបទសោធន៍ជាច្រើនឆ្នាំ។ សិស្សបានធ្វើការប្រលងបញ្ចប់វគ្គសិក្សានាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ក្រោយពីការចុះហាត់ការអស់រយះពេល១ខែនៅតាមក្រុមហ៊ុន និង សណ្ឋាគារដៃគូនានា។ក្នុងនោះដែរលោកក៏បានថ្លែងអំណរគុណចំពោះគំរោងសម្បត្តិ និង ក្រុមហ៊ុនប្រឹក្សា នពន្ធ ដែលបានចូលរួមគាំទ្រដែលធ្វើអោយគំរោងនេះកើតឡើង ជាពិសេស អរគុណចំពោះ ក្រុមប្រឹក្សាភិបាលសមាគម គ្រូបង្គោល ក្រុមការងារ ក្រុមហ៊ុននិងសណ្ឋាគារដៃគូ និង សិក្ខាកាម ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ដែលធ្វើអោយគំរោងនេះប្រព្រឹត្តទៅដោយរលូន។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា បានឲ្យដឹងថា កម្ពុជាគឺជាប្រទេសដែលមានភាពសំបូរបែប នូវសក្តានុពលទេសចរណ៍ ដោយមានទាំងតំបន់ទេសចរណ៍បែបសម្បត្តិវប្បធម៌ តំបន់អេកូទេសចរណ៍ មានទេសភាពដ៏ស្រស់បំព្រង និងមានតំបន់ឆ្នេរដ៏ស្រស់ស្អាត។ការប្រកបអាជីពនេះ គ្រាន់តែដុសខាត់ កែច្នៃ បង្កើតជាផលិតផល និងសេវាកម្ម ដែលទាក់ទាញដល់ភ្ញៀវទេសចរ ពួកគេនឹងទទួលបានអត្ថប្រយោជន៍ ពីភ្ញៀវដែលមកទស្សនា។ ភ្ញៀវទេសចរភាគច្រើន គឺចូលចិត្តអ្វីដែលថ្មី ប្លែក ហេតុនេះហើយ អ្នករកស៊ីក្នុងវិស័យនេះ ត្រូវមានភាពឆ្លាតវៃ ក្នុងការបង្កើតនូវផលិតផល និងសេវាកម្មទេសចរណ៍ប្លែក និងសិក្សានូវកន្លែងថ្មីៗ ទីតាំងទេសចរណ៍ថ្មីដើម្បីទាក់ទាញភ្ញៀវទេសចរ។
លោក យុន លីណេ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោកសំដែងនូវសេចក្តីរីករាយយ៉ាងខ្លាំងដែលសមាគមទេសចរណ៍កម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះឡើងដល់អ្នកជំនាញសេវាកម្មទេសចរណ៍អាចពង្រឹងសមត្ថភាពបន្ថែមក្នុងការបម្រើនៅក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបដោយជោគជ័យ។លោកបន្ថែមថា អាជ្ញាធរខេត្តសង្ឃឹមថា បងប្អូនសិក្ខាការដែលបានបញ្ចប់វគ្គសិក្សានេះនឹងយកចំណេះដឹងដែលទទួលបានទៅបម្រើការងារសេវាកម្មទេសចររបស់យើងឲ្យបានកាន់តែមានប្រសិទ្ធភាពដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចខេត្តសៀមរាបឲ្យកាន់តែមាននិរន្តរភាពនិងបង្កើនចំណូលដល់សេដ្ឋកិច្ចគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ៕ដោយ៖AFN