Friday, May 10, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សម្តេចពិជ័យសេនា អញ្ជើញសម្ពោធ អាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក និងការប្រកួតហែលទឹកជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០

ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក និងការប្រកួតហែលទឹកជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់នៃស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាធរដែន តំណាងក្រុមហ៊ុនសាងសង់ សមាជិក សមាជិកាសហព័ន្ធ កីឡាករ កីឡាការិនី និងក្រុមកាយរិទ្ធិជាច្រើនរូបផងដែរ។ អាងហែលទឹកនេះត្រូវបានជួសជុល និងពង្រីកបន្ថែម ដែលមានបណ្ដោយប្រវែង ៥០ម៉ែត្រ និងទទឹងប្រវែង ២៥ម៉ែត្រ មាន១០បន្ទាត់ ជាខ្នាតអន្តរជាតិ សាងសង់ដោយក្រុមហ៊ុន Shanghai Construction ប្រើប្រាស់រយៈពេល១៨ខែ ចំណាយថវិកាប្រមាណ៣.០០០.០០០ដុល្លាអាមេរិក ដែលជាជំនួយរបស់ក្រុមហ៊ុន Shanghai Construction។ ហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹកនេះមានបំពាក់ម៉ាស៊ីនបូបនិងម៉ាស៊ីនចម្រោះទឹកថ្មីៗ បន្ទប់សម្រាប់ដាក់ឧបករណ៍ បន្ទប់បញ្ជាឧបករណ៍អេឡិចត្រូនិក ផ្ទាំងLED សាលហ្វឹកហាត់សាច់ដុំ សាលប្រជុំ បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងកៅអីជាង ១៦០០ សម្រាប់អង្គុយទស្សនា ។ បច្ចុប្បន្នកម្ពុជា មានអាងហែលទឹកនៅតាមបណ្ដាខេត្តមួយចំនួនដូចជា៖ ខេត្តបាត់ដំបង កំពង់ចាម ភ្នំពេញ និងខេត្តកណ្ដាល (ស្រុកកោះធំ) ដើម្បីបង្កភាពងាយស្រួលដល់យុវជនកម្ពុជាទាំងឡាយ ដែលស្នេហាវិស័យកីឡានេះចូលរួមហ្វឹកហាត់ឲ្យបានច្រើនថែមទៀតលើវិញ្ញាសាហែលទឹក បាល់ទឹក លោតទឹក និងរបាំទឹកជាដើម ដើម្បីបង្កើន និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីខ្មែរឲ្យដល់កម្រិតស្តង់ដាអន្តរជាតិ និងឈានទៅដណ្ដើមយកមេដាយជូនជាតិមាតិភូមិ។ ក្នុងអំឡុងទស្សវត្សឆ្នាំ៦០ កម្ពុជាមានភាពល្បីល្បាញពាសពេញសកលលោក តាមរយៈការដណ្ដើមបានមេដាយជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងពិភពលោកលើវិញ្ញាសាកីឡាហែលទឹក ហើយឯកឧត្ដមទេសរដ្ឋមន្ត្រីប្រាថ្នាចង់ឃើញយុវជនយើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីស្ដារកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិឱ្យល្បីសុះសាយឡើងវិញ ឬមានសមត្ថភាពជាងទស្សវត្សនោះ។ លើសពីនេះទៀត សហព័ន្ធនឹងផ្ដល់គ្រូបង្វឹកដែលមានបទពិសោធន៍ល្អៗ ដើម្បីបង្ហាត់សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ទន្ទឹមនឹងនោះ សម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីសហព័ន្ធខ្មែរកីឡាហែលទឹកទាំងអស់ ដែលបានខិតខំប្រមូលការឧបត្ថម្ភគាំទ្រ និងជំរុញ នូវការជួសជុលសាងសង់អាងហែលទឹក និងអាងលោតទឹកនេះ ដោយមានបំពាក់ឧបករណ៍ទំនើប ទាន់សម័យ ស្របតាមស្តង់ដារអន្តរជាតិទាំងនៅភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន។ លើសពីនេះទៅទៀតសម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រីបានណែនាំឲ្យយកចិត្តទុកដាក់ខ្ពស់លើចំណុចមួយចំនួន ក្រោយពេលជំងឺកូវីដ ១៩ បានធូរស្រាល និងសាបសូន្យទៅ ដែលរួមមាន៖ បង្កើនការបណ្ដុះបណ្តាលធនធានមនុស្ស បំពាក់ឧបករណ៍និងសម្ភារកីឡាឲ្យបានសមស្រប ទំនើប និងទាន់សម័យត្រឹមត្រូវតាមស្តង់ដារ បច្ចេកទេសអន្តរជាតិយកចិត្តទុកដាក់លើការឧបត្ថម្ភនិងការលើកកម្ពស់ជីវភាពរស់នៅ ការស្នាក់នៅ និងការបរិភោគរបស់កីឡាករ-កីឡាការិនី និងគ្រូបង្វឹកឱ្យបានល្អ និងបង្កើនការប្រកួតឲ្យបានញឹកញាប់។ សូមបញ្ជាក់ថា៖ ឆ្នាំ១៩៦១-១៩៦៥ ពហុកីឡដ្ឋានជាតិ រួមទាំងអាងហែលទឹកត្រូវបានស្ថាបនាឡើងដោយ បិតាស្ថាបត្យករខ្មែរ លោក វណ្ណ មូល្លីវណ្ណ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទនរោត្ដមសីហនុ ហើយបើកឲ្យដំណើរការតាំងពីឆ្នាំ១៩៦៧។ ចន្លោះឆ្នាំ១៩៧៥-១៩៧៩ អាងហែលទឹក និងអាងលោតទឹកក្នុងពហុកីឡដ្ឋានជាតិត្រូវបានខូចខាតដោយសារសង្គ្រាមក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (របបប៉ុល ពល)។ នៅឆ្នាំ១៩៨០ លោកព្រឹទ្ធាចារ្យ ហែម ថុន និងលោកព្រឹទ្ធាចារ្យ ផាត់ សំអ៊ុន រួមទាំងមន្ត្រីមួយចំនួនបានស្ដារឡើងវិញនិងបានទទួលរៀបចំព្រឹត្តិការណ៍ជាច្រើន។ ដោយមើលឃើញពីការលំបាក ឯកឧត្ដមទេសរដ្ឋមន្ត្រី បានស្វែងរកថវិកាពីសប្បុរសជន និងបានជួសជុល និងពង្រីកអាងហែលទឹកនេះឲ្យមានលក្ខណៈស្ដង់ដារអន្តរជាតិ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម