ភ្នំពេញ៖សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ក្នុងសំណុំរឿងកាប់សម្លាប់ស្ត្រីជាម្ចាស់បំណុល នៅស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ស្នងការដ្ឋានខេត្តពោធិ៍សាត់ ឃាត់ខ្លួនបានហើយនៅវេលាម៉ោង១៣និង០៣នាទីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ នៅចំណុចខាងជើងរង្វង់មូលប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ជនដៃដល់បានធ្វើសកម្មភាពទាញកាំបិតផ្គាក់កាប់លើជនរងគ្រោះជាម្ចាស់បំណុល ខណៈដែលស្ត្រីរងគ្រោះទៅទារលុយចំនួន៣៦ម៉ឺនរៀល និងថតឡាយវីដេអូនៅចំណុចផ្ទះជនដៃដល់ក្នុងភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលឲ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្រោយពីកាប់សម្លាប់ជនរងគ្រោះ ជនដៃដល់បានជិះម៉ូតូមួយគ្រឿងម៉ាកគុបរត់គេចខ្លួនបាត់៕AFN