Friday, November 1, 2024
Header Banner

កិច្ចប្រជុំស្តីពីយុត្តិធម៌ព្រហ្មទណ្ឌ “ ការនាំចេញដោយមិនស្របច្បាប់ នីតិវិធីនៃការឃាត់ខ្លួន និងនីតិវិធីនៃការឃុំខ្លួនអនីតិជន ”

សៀមរាប៖នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានសហកាជាមួយរដ្ឋបាលខេត្ត និងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប និងមានការចូលរួមគាំទ្រពីអង្គការជីវិតនៅកម្ពុជា (TLC) អង្គការដែនដីមនុស្សហូរឡង់ដ៏ប្រចាំនៅកម្ពុជា អង្គការសកម្មភាពដើម្បីកុមារ (APLE) និងអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) បានរៀបចំកិច្ចប្រជុំពង្រឹងសមត្ថភាពស្តីពីយុត្តិធម៌ព្រហ្មទណ្ឌ “ ការនាំចេញដោយមិនស្របច្បាប់ នីតិវិធីនៃការឃាត់ខ្លួន និងនីតិវិធីនៃការឃុំខ្លួនអនីតិជន ” នៅបន្ទប់ប្រជុំធំរដ្ឋបាលសាលាខេត្តសៀមរាបក្រោមអធិបតី លោកស្រី យូ សុភា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកជំទាវ ស៊ិន ណម សមាជិការក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ដឹកនាំសម្របសម្រួលកិច្ចប្រជុំ ដោយឯកឧត្តម ជឺ សុខ ប្រធានសាលាដំបូងខេត្ត និងឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងស្ថាប័នតុលាការ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាល អភិបាលរងក្រុង ស្រុក អធិការ អធិការរង មេបញ្ជាការ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក និងអង្គការដៃគូជាតិ អន្តរជាតិ សរុបចំនួន ៨៧ នាក់ ស្រី២៦នាក់។ កិច្ចប្រជុំនេះ ដើម្បីពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការរវាងមន្រ្តីនគរបាលយុត្តិធម៌ ជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូជាតិ-អន្តរជាតិ ក្នុងការបង្ការទប់ស្កាត់ ការបង្ក្រាប ការអន្តរាគមន៍ និងកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងកិច្ចការពារកុមារពីការំលោភបំពានផ្សេងៗ។ លោកស្រី យូ សុភា បានថ្លែងថា ស្របតាមស្ថានភាព ខេត្តសៀមរាបកំពុងជួបបញ្ហាប្រឈមនៅក្នុងប្រតិបត្តិការរបស់សមត្ថកិច្ច ហើយក៏ជារបៀបវារៈដ៏សំខាន់ផងដែរ ដែលកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ និងអាជ្ញាធរក្រុង-ស្រុក បណ្តាអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត ត្រូវការភាពច្បាស់លាស់ ក្នុងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ជាពិសេសបានផ្តល់ឱកាសសម្រាប់ការលើកឡើងជាសំណួរ នូវរាល់ចម្ងល់ទាំងឡាយ ឬក៏បញ្ហាប្រឈមនានា ដែលពាក់ព័ន្ធដល់នីតិវិធីនៃការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលនិងធ្វើការបង្ហាញអមអំពីនីតិវិធីនៃការអនុវត្តច្បាប់ ដោយឯកឧត្តមប្រធាន និងឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត។ អង្គប្រជុំបានលើកជាសំណួរប្រមាណជាង៣០សំណួរ-សំណូពរ ដោយមានការបង្ហាញបំភ្លឺអំពីនីតិវិធីផ្លូវច្បាប់ និងការផ្តល់អនុវសាសន៍ សម្រាប់ការអនុវត្តឱ្យឆ្លើយតបក្នុងការដោះស្រាយបញ្ហាដែលបានកើតឡើង នៅមូលដ្ឋាន រួមមាន៖ – ការកំណត់អំពីបញ្ហាផ្លូវច្បាប់ដោយយោងទៅ ក្រមនីតិវិធីព្រហ្មទណ្ឌ និងតាមច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ – ការពិនិត្យទៅលើគោលបំណង នៃការជ្រើសរើសការនាំចេញដោយមិនស្របច្បាប់ និងការនាំឆ្លងដែនដោយមិនស្របច្បាប់ (ផ្តោតទាំងមនុស្សពេញវ័ញ និងអនីតិជន) ក្នុងនោះផងដែរ បានធ្វើការបង្ហាញលម្អិត និងផ្តោតសំខាន់នៅត្រង់មាត្រា១ គោលបំណងនៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ, មាត្រា៤ ការទទួលខុសត្រូវព្រហ្មទណ្ឌ, មាត្រា៨ និយមន័យនៃការនាំចេញដោយមិនស្របច្បាប់, មាត្រា៩ ការនាំយកអនីតិជនជាអាទិ៍ចេញដោយមិនស្របច្បាប់,មាត្រា១០ ការនាំចេញដោយមិនស្របច្បាប់ដោយមានគោលដៅ និងមាត្រា១១ ការនាំចេញដោយមិនស្រប់សម្រាប់នាំឆ្លងដែន។ – នីតិវិធីនៃការឃាត់ខ្លួន និងនីតិវិធីនៃការឃុំខ្លួនអនីតិជនប្រព្រឹត្តបទល្មើស (ច្បាប់ស្តីពីយុត្តិធម៌អនីតិជន) សមត្ថកិច្ចត្រូវជូនដំណឹងទៅឪពុកម្តាយ ឬអាណាព្យាបាល ឬមេធាវី ឬមន្រ្តីសង្គមកិច្ច ឬ ជាមុនសិន។ – ការធ្វើសម្ភាសន៍កុមារបែបកុមារមេត្រី – នីតិវិធី ស៊ើបសួរ ឬសួរចម្លើយ នៅក្នុងដំណាក់កាលដំណើរការរឿងក្តី (ត្រូវមានការចូលរួមពីអាណាព្យាបាល ឬ មេធាវី ឬមន្រ្តីសង្គមកិច្ច) ដោយផ្តោតសំខាន់ទៅការវាយតម្លៃលើ ភស្តុតាង សំណុំឯកសារដែលបានកសាងសំណុំរឿងដោយមន្រ្តីនគរបាលយុត្តិធម៌បញ្ជូនទៅតុលាការ ដែលជាឆន្ទានុសិទ្ធិរបស់ចៅក្រមក្នុងការសម្រេចក្តី។ – នីតិវិធីនៃការផ្តល់ និងការទទួលសំណង – ការទប់ស្កាត់ និងការអនុវត្តតាមនីតិវិធីលើជនបង្ហោះរូបភាពកុមាររងគ្រោះ ឬកុមារទំនាស់នឹងច្បាប់ ដោយពុំបានបិតបាំងអត្តសញ្ញាណជនរងគ្រោះតាមបណ្តាញសង្គមនានា – ការពិនិត្យលើបញ្ហានៃការនាំចេញដោយមិនស្របច្បាប់ (ការនាំយកកុមារទៅសុំទាន) – វិធានការបង្វែរករណី ឬ ជម្រើសផ្សេងៗ ដោយពិនិត្យទៅលើលក្ខខ័ណ្ឌច្បាប់។ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការការពារអនីតិជន កាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងធ្វើការរៀបចំកិច្ចប្រជុំ យុត្តិធម៌ព្រហ្មទណ្ឌរៀងរាល់ប្រាំមួយខែម្តង និងពង្រឹងលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យបានកាន់តែរលូននិងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ លេខាធិការដ្ឋាន គ.ខ.ប.ជ សូមធ្វើការថ្លែងអំណរគុណដល់ រដ្ឋបាលសាលាខេត្តសៀមរាប ស្ថាប័នតុលាការ ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អាជ្ញាធរមានកិច្ចសមត្ថកិច្ច និងអង្គការដៃគូជាតិ អន្តរជាតិទាំងអស់ ដែលតែងតែមានកិច្ចសហការល្អ និងគាំទ្រលើរាល់សកម្មភាពរបស់លេខាធិការដ្ឋាន ដែលឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិ ការបង្ការទប់ស្កាត់ ការការពារ ការបង្ក្រាប និងការផ្តន្ទាទោស៕ប្រភពពី៖រដ្ឋបាលខេត្តសៀមរាប (សៀមរាបថែមស៍)

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម