ខេត្តសៀមរាប៖ កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ (COSTI-85) បានបិទបញ្ចប់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ដោយផ្តោតលើនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់។
គណៈកម្មាធិការនេះនឹងបញ្ជូនលទ្ធផលនៃកិច្ចប្រជុំ និងអនុសាសន៍របស់ខ្លួន ជូនកិច្ចប្រជុំរដ្ឋ មន្ត្រី អាស៊ាន ផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីពិនិត្យសម្រេច។
ផ្នែកសំខាន់មួយនៃកិច្ចប្រជុំ COSTI-85 នៅទីក្រុងសៀមរាបនេះ គឺការពិនិត្យសកម្មភាពដែលកំពុងបន្តចំនួន ៩៣ រួមមានគម្រោងដែលគាំទ្រដោយមូលនិធិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន (ASTIF)។ គម្រោងសំខាន់ៗពីរគឺ គម្រោងតាមដានហ្សែនជំងឺរាតត្បាតសម្រាប់អាស៊ាន និងការសិក្សា តាមដានភាពស៊ាំរបស់ប្រជាជនទៅនឹងមេរោគកូវីដ-១៩ កំពុងត្រូវបានអនុវត្ត។
អាស៊ានកំពុងធ្វើការជាមួយដៃគូសន្ទនាលើសកម្មភាពចំនួន៦៩ លើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។ អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ រុស្ស៊ី ទួរគី ចក្រភព អង់គ្លេស និងសហរដ្ឋអាមេរិក សុទ្ធតែបានចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមទាំងនេះ។ ជាឧទាហរណ៍ ប្រទេស អូស្ត្រាលីកំពុងគាំទ្រការបង្កើតផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុ វត្តន៍ (APASTI) ឆ្នាំ ២០២៦-២០៣៥។ ស្រដៀងគ្នានេះដែរ ប្រទេសចិនបានផ្តល់ថវិកាគាំទ្រ គម្រោង ជាច្រើន ក្រោមមូលនិធិសហប្រតិបត្តិការអាស៊ាន-ចិន (ACCF) រួមទាំងកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ កម្មវិធីសហគ្រិនភាពចិន-អាស៊ាន ឆ្នាំ២០២៤ និងមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ានជាដើម។
ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជា ប្រធាន គណៈកម្មាធិការអាស៊ាន COSTI បានលើកឡើងថា៖ “ការ ប្រើប្រាស់ថវិកា ដៃគូ សន្ទនា មានសារៈ សំខាន់ណាស់ ដើម្បីពង្រីកលទ្ធភាពក្នុងការស្រាវជ្រាវអនុវត្តប្រកបដោយប្រសិទ្ធភាព និងជំរុញវឌ្ឍនភាព ផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់អាស៊ាន។”
មូលនិធិសរុបពីដៃគូសន្ទនា រួមមានអូស្ត្រាលី ចិន ជប៉ុន និងសហរដ្ឋអាមេរិក មានចំនួនប្រមាណ ៣៩០ លានដុល្លារ។ ឯកឧត្តមបានបន្ថែមថា រដ្ឋជាសមាជិកអាស៊ានត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ មូលនិធិ ទាំងនេះប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយតម្រូវការក្នុងតំបន់ តាមរយៈដំណោះស្រាយ វិទ្យា សាស្ត្រជាក់ស្តែង។
កិច្ចប្រជុំបានបិទបញ្ចប់ដោយពិនិត្យ និងព្រមព្រៀងលើលទ្ធផលនៃការអនុវត្តអាទិភាពឆ្នាំ២០២៣ ដែលរួមមានការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន សិក្ខាសាលាស្តីពីបញ្ញាសិប្បនិម្មិត និង ការ បង្កើតយុទ្ធសាស្ត្រស្រាវជ្រាវហេដ្ឋារចនាសម្ព័ន្ធអាស៊ាន។
កិច្ចប្រជុំ COSTI-85 បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយដៃគូសន្ទនា។ កិច្ចខិត ខំប្រឹង ប្រែងទាំងនេះមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែងរបស់អាស៊ាន នៅលើឆាកពិភពលោក៕ដោយ៖AFN