ខេត្តសៀមរាប៖អាជ្ញាធរសង្កាត់ជ្រាវ នៃក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២៤នេះបានបញ្ជាក់អំពីប្រវត្តិដីរបស់លោកគង់ មង្គល និងសិទ្ធិក្នុងការអាស្រ័យផល ក្រោយអនុក្រិត្យកាត់ឆ្វៀល ដើម្បីបញ្ជៀសការយល់ច្រឡំ ដល់អ្នកសារព័ត៌មានជាតិ។
លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ នៃក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ដីក្នុងភូមិសាស្ត្រទំនប់៧៨ តំបន់២ពេលបច្ចុប្បន្ននេះ ដែលមួយផ្នែកធំជារបស់ពលរដ្ឋក្នុងសង្កាត់ និងមួយផ្នែកជារបស់លោកគង់ មង្គល ពីដើមឡើយគឺជាវាលស្រែល្ហល្ហេវ។ នៅឆ្នាំ១៩៩៣ រដ្ឋាភិបាលសម្រេចអោយអាជ្ញាធរថ្នាក់ក្រោមវាស់ចែកជូនប្រជាជនមាតុភូមិនិវត្តន៍មកពីជំរុំ ក្នុងមួយគ្រួសារកន្លះហិកតាដាំដុះអាស្រ័យផល។ តែដោយតំបន់នោះខ្វះខាតទឹកស្រោចស្រព្វ ពលរដ្ឋមួយចំនួនក៏ទុកចោលចេញទៅរកស៊ីនៅតំបន់ផ្សេងធ្វើអោយមានព្រៃដុះវិញខ្លះៗ។ លោកបន្តថាស្របពេល នោះលោកគង់ មង្គល ជាប្រធានសហគមន៍ជ្រាវ ផងនិងប្រធានសហគមន៍បឹងពារាំង ក៏បានប្រមូលទិញដើម្បីអោយសមាជិកក្នុងសហគមន៍ធ្វើស្រែបន្ត។លុះឆ្នាំ២០១១រដ្ឋាភិបាលបានបង្កើតអាជ្ញាធរបឹងទន្លេសាប ហើយឃើញដីខាងលើមានព្រៃខ្លះៗ ក៏សម្រេចកាត់ឆ្វៀលដីទាំងនេះទៅជាតំបន់៣ ដើម្បីរក្សាព្រៃជាជម្រកត្រីពងនិងកូន។
លោកចៅសង្កាត់ បានបន្ថែមថា ដីខាងលើជាប្រភេទដីស្រែសម្រាប់អាស្រ័យផលដំណាំស្រូវរបស់ពលរដ្ឋតាំងពីយូរលង់ ហើយពុំមែនជាព្រៃដែលចាំបាច់ត្រូវរក្សាទុកអាជ្ញាធរក្រុង ខេត្ត ជាមួយមន្ទីរពាក់ព័ន្ធបានធ្វើការជួបប្រជុំជាច្រើនដង សុំការអនុញ្ញាត កាត់ឆ្វៀលមកជាតំបន់២ដើម្បីផ្តល់ជូនពលរដ្ឋអាស្រ័យផលដូចដើមវិញ។
. លោកបញ្ជាក់ទៀតថា ជាមួយគ្នានេះនៅ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចេញអនុក្រិត្យលេខ៨៨អនក្រ.បកចុះថ្ងៃទី២ខែឧសភាឆ្នាំ២០២៣ ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ស្រុកពួក ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគមនិងស្រុកជីក្រែង ខេត្តសៀមរាប។
.លោកចៅសង្កាត់បញ្ជាក់ថា យោងអនុក្រិត្យរបស់រាជរដ្ឋាភិបាល ទាំងពលរដ្ឋ ទាំងលោកគង់ មង្គល មានសិទ្ធិគ្រប់គ្រាន់ក្នុងការកែសម្រួលផ្ទៃដីរបស់ខ្លួន ដើម្បីអាស្រ័យផល អីចឹងទេ សូមអ្នកសារព័ត៌មានជាតិគ្រប់ស្ថាប័ន ជ្រាបជាព័ត៌មាន និងកុំមានការយល់ច្រឡំតទៅទៀត។
ជុំវិញករណីខាងលើនេះដែរ លោកគង់ មង្គល ដែលជាម្ចាស់ដីស្របច្បាប់ក៏បានបញ្ជាក់ផងដែរថា ដីរបស់លោកគឺមានប្រវត្តិដូចលោកចៅសង្កាត់បញ្ជាក់យ៉ាងដូច្នេះ។ បន្ទាប់ពីរដ្ឋាភិបាលចេញអនុក្រិត្យកាត់ឆ្វៀលពីតំបន់៣ មកជាតំបន់២ដល់ពលរដ្ឋ រូបលោកមានសិទ្ធិគ្រប់គ្រាន់ក្នុងការកែប្រែផ្ទៃដី ដើម្បីអាស្រ័យផលដូចពលរដ្ឋដទៃទៀតដែរ។
លោកគង់ មង្គល បញ្ជាក់ថា ដីរបស់លោកមានគណ:កម្មការចម្រុះចុះវាស់វែងផ្តល់អោយត្រឹមត្រូវពុំមែនរូបលោកដើរចង្អុរយកនោះឡើយ។ អីចឹងទេសូមស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកសារព័ត៌មាន មេត្តាពិនិត្យឯកសារ និងអនុក្រិត្យអោយបានច្បាស់ ចៀសវាងការបរិយាយ ប៉ះពាល់ដល់កិត្តិយស និងសិទ្ធិអ្នកដទៃ៕ដោយ៖AFN