Friday, November 22, 2024
Header Banner

សិស្សកម្រិតបឋមនៅតាមជនបទចំនួន១០ខេត្តនៃប្រទេសកម្ពុជា ទទួលបានរបបអាហារពេលព្រឹកប្រចាំថ្ងៃ

ខេត្តសៀមរាប៖កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ក្នុងឆ្នាំ២០២៤នេះ បានទៅដល់គោលដៅចំនួន៥៥៣សាលា ដោយមានសិស្សសាលាកម្រិតបឋមជាអ្នកទទួលផលចំនួន១៥៣.៥៨៦នាក់។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅក្នុងឱកាសទស្សនកិច្ចទៅកាន់សាលារៀនដែលមានកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងសម្ពោធផ្ទះបាយនៅសាលាបឋមសិក្សាល្វា នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្ដម បានថ្លែងថា ក្នុងឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅតាមសាលារៀនគោលដៅចំនួន៥៥៣សាលា ក្នុងខេត្តចំនួន១០ រួមមាន៖ ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ក្នុងនោះមានសិស្សទទួលផលចំនួន ១៥៣ ៥៨៦ នាក់ និងចុងភៅ ១ ៥១៨ នាក់ សម្រាប់ត្រីមាសទី១ ឆ្នាំសិក្សា២០២៣-២០២៤ ដោយបានចំណាយថវិកាស្មើនឹង៥ លាន៥៦ម៉ឺនដុល្លារ។

កម្មវិធីផ្តល់អាហារតាមសាលារៀន បានចាប់ផ្តើមអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមហិរញ្ញប្បទានជំនួយដៃគូអភិវឌ្ឍន៍ ដោយចាប់ផ្ដើម៦៤សាលា មានអ្នកទទួលផល៣៧.៥០០នាក់ចាប់តាំងពីឆ្នាំ១៩៩៩មក។ កម្មវិធីនេះដំបូងឡើយ ត្រូវបានអនុវត្តដោយ WFP ក្រោមហិរញ្ញប្បទានរបស់មូលនិធិ McGovern-Dole និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ កម្មវិធីនេះបានវិវត្តជាបន្តបន្ទាប់ស្របតាមបរិបទសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការកើនឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ទីផ្សារតាមជនបទ និងចរន្ដផលិតកម្មនៅតាមសហគមន៍ជនបទ បានប្រែក្លាយពីកម្មវិធីផ្ដល់អាហារពេលព្រឹកបែបសាមញ្ញ មកជាកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីមួយដែលបានជួយជំរុញកសិករឱ្យបង្កើនការដាំដុះ និងចិញ្ចឹមសត្វ។

នៅឆ្នាំសិក្សា ២០១៩-២០២០ កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានដាក់ឱ្យអនុវត្តជាកម្មវិធីរបស់រាជរដ្ឋាភិបាល ក្រោមហិរញ្ញប្បទានថវិការដ្ឋ ដោយយកម៉ូឌែល (Model) ប្រើប្រាស់កសិផលក្នុងសហគមន៍ យោងតាមប្រកាសអន្តរក្រសួង ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័នដឹកនាំអនុវត្ត។ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន, បញ្ចប់ការសិក្សា, និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។

សូមបញ្ជាក់ថា សាលាបឋមសិក្សាល្វា ក៏បានទទួលផ្ទះបាយដោយទទួលបានការគាំទ្រ និងការចូលរួមបដិភាគក្នុងការសាងសង់ផ្ទះបាយពី ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងទំហំ ៤.៥ម x ៧ម ដោយចំណាយថវិកាក្នុងការសាងសង់ផ្ទះបាយអស់ចំនួន២០លានរៀល ខណៈបច្ចុប្បន្ន សាលាបឋមសិក្សាល្វា មានសិស្សសរុបចំនួន ៤០៧នាក់ ស្រី១៨៥នាក់, គ្រូបង្រៀនសរុប ១១នាក់ ស្រី ៨នាក់ មានអាគារ ២ ខ្នង ស្មើ ៨បន្ទប់ ដោយសិស្សទទួលបានអាហារពេលព្រឹកចំនួន ២០០នាក់ ស្មើនឹង៥០% នៃសិស្សសរុប។ ជាចក្ខុវិស័យ សិស្សានុសិស្សទាំងអស់ក្នុងសហគមន៍ ទទួលបានការអប់រំតាមបែបវិជ្ជមាន ដ៏មានគុណភាពខ្ពស់ក្នុងសាលាជាទីមេត្រី ដើម្បីឱ្យពួកគេអភិវឌ្ឍទាំងកាយសម្បទា, វិជ្ជាសម្បទា, បំណិនសម្បទា និងចរិយាសម្បទា អាចបន្តការសិក្សាយ៉ាងល្អប្រសើរ នៅកម្រិតសិក្សាខ្ពស់ៗ និងមានជីវិតរស់នៅដោយរីករាយ និងសុខដុមរមនាផងដែរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម