Saturday, October 12, 2024
Header Banner

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅក្នុងឃុំកន្តួត

ខេត្តសៀមរាប៖មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកស្វាយលើ ចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ មានភូមិកន្ទួត ភូមិខ្នារក្រៅ ភូមិសែនជ័យ ភូមិជប់រំដេង ភូមិអភិវឌ្ឍន៍ និងភូមិរុងរឿង ក្នុងឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងបរិវេណវត្ត វង្សភ័ក្រ្តបុរីសិរីរ័ត្ន ហៅវត្តខ្នារក្រៅ។

  លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប មានប្រសាសន៍ថា ការចុះផ្សព្វផ្សាយនូវតំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺជាការជូនដំណឹងដល់ម្ចាស់ក្បាលដីទាំងអស់ ដើម្បីត្រៀមលក្ខណៈទៅលើទីតាំងដីរបស់ខ្លួន ដូចជាការពិនិត្យទៅលើព្រំដីរបស់ខ្លួន និងអ្នកជាប់ព្រំឱ្យមានការឯកភាពគ្នា បញ្ចៀសទំនាស់អំឡុងពេលក្រុមការងារចុះវាស់វែង ជាពិសេសត្រៀមនូវឯកសារដែលពាក់ព័ន្ធឱ្យបានរួចជាស្រេច ដើម្បីឱ្យមន្រ្តីជំនាញចុះបញ្ជីវាស់វែងបានលឿន មាននូវសុក្រឹត្យភាព ត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងទាំងលក្ខណៈច្បាប់។

លោកអនុប្រធានមន្ទីរ បន្តថាចំពោះការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺទាមទារការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យច្បាស់លាស់ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ របស់មន្ទីរសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធទាំងអស់ ហើយក្រុមការងារអនុវត្តន៍តាមនីតិវិធីសំខាន់ៗ ចំនួន៥ដំណាក់កាលគឺ ១.ត្រៀមរៀបចំ ២.ប្រតិបត្តិបច្ចេកទេស ៣. បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ៤.សម្រេចលើឯកសារវិនិច្ឆ័យ និងទី៥.ចេញបណ្ណ និងចែកបណ្ណជូនម្ចាស់ដី។ ដោយឡែកចំពោះលទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ខេត្តសៀមរាប មន្ទីរបានសម្រេចប្រកាសកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធរួចបានចំនួន ៥៩៩ភូមិលើក្រុង/ស្រុកទាំង១៣ ។

    លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនជាម្ចាស់ក្បាលដី ដើម្បីទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លី ឬជាបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុពេញលេញស្របតាមលក្ខណៈច្បាប់។ លើសពីនេះ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺមន្ត្រីជំនាញបានអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប ដែលមានតម្លាភាព សុក្រឹត្យភាព និងការទទួលខុសត្រូវដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត និងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លីដែលស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល។ លោកក៏បានអំពាវនាវឱ្យបងប្អូនជាម្ចាស់ដីទាំងអស់ដែលរស់នៅក្នុងឃុំកន្តួត ត្រូវចូលរួមសហការជាមួយក្រុមការងារចុះវាស់វែង មិនត្រូវអវត្តមានអំឡុងពេលក្រុមការងារចុះវាស់ចំដីរបស់ខ្លួន ពិសេសត្រូវត្រៀមឯកសារពាក់ព័ន្ធ ដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លីនេះឱ្យបានលឿន និងឆាប់បានទទួលបណ្ណកម្មសិទ្ធគ្រប់ៗគ្នា៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម