Tuesday, December 24, 2024
Header Banner

ប្រធានអង្គការរ៉ាក់៖បុគ្គលបំឡែងភេទទាំងអស់ត្រូវប្រើប្រាស់ថ្នាំអរម៉ូនឱ្យបានត្រឹមត្រូវជៀសវាងមានគ្រោះថ្នាក់នៅថ្ងៃក្រោយ

ខេត្តសៀមរាប៖នៅថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២៤នេះ អង្គការរ៉ាក់ប្រចាំនៅកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលបឋម នៃការសិក្សាស្ដីពីការ ឈ្វេងយល់អំពីការប្រើប្រាស់ថ្នាំអរម៉ូនក្នុងចំណោមបុគ្គលបំឡែងភេទក្នុងប្រទេសកម្ពុជា៖ ការសិក្សាពហុទីតាំងការប៉ាន់ប្រមាណកិច្ចអន្តរាគមន៍ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយទៅលើអាកប្បកិរិយាផ្លូវភេទក្នុងចំណោមយុវវ័យកម្ពុជា និងការសិក្សាដោយប្រើវិធីសាស្រ្តចម្រុះ ធ្វើឡើងនៅខេត្តសៀមរាប។

  លោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន នាយកប្រតិបត្តិអង្គការរ៉ាក់ បានមានប្រសាសន៍ថា គោលបំណង នៃសិក្ខាសាលានេះ គឺដើម្បីប្រមូលភ័ស្តុតាង និងហេតុការណ៍ពិតៗ ដើម្បីយកមកផ្សព្វផ្សាយ។យោងតាមការស្រាវជ្រាវនេះគឺដើម្បីស្វែងរកដំណោះស្រាយ សម្រាប់អ្នកប្លែងភេទឱ្យទទួលសេវាអរម៉ូនប្រកបដោយសុវត្ថិភាព ហើយការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ គឺកាន់តែមានប្រសិទ្ធិភាព។ លោកបន្តថា អង្គការរ៉ាក់បានធ្វើការជាង ៣០ ឆ្នាំហើយ ដើម្បីកែលម្អគុណភាពកម្មវិធីនានាមួយចំនួនតាមរយៈការសិក្សា ធ្វើកម្មវិធីសាកល្បង និងមានជាបទបង្ហាញលទ្ធផលទៅកាន់អ្នកពាក់ព័ន្ធ។ ជាឧទាហរណ៍ អង្គការរ៉ាក់បានចាប់ផ្ដើមធ្វើការងារអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយតាំងពីឆ្នាំ១៩៩៧ ប៉ុន្តែមិនបានគ្រប់ជ្រុងជ្រោយទេ ប៉ុន្តែពេលធ្វើយូរៗទៅ ក៏មានការទទួលស្គាល់ពីអាណាព្យាបាល ហើយក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាក់បញ្ចូលមុខវិជ្ជាអប់រំសុខភាពជាមុខវិជ្ជាគោលមួយ។

   លោកបន្តថា នៅអង្គការរ៉ាក់ ក៏បានធ្វើការងារលើការបង្ការអេដស៍ នៅភូមិភាគឧត្តរ ដែលយើងរកឃើញអ្នកផ្ទុកមេរោគអរដស៍រាប់រយអ្នកក្នុងមួយឆ្នាំៗ។ ពេលយើងធ្វើការនេះ ក៏ឮថាមានអ្នកប្លែងភេទប្រើអរម៉ូនដែលមិនសុវត្ថិភាព ទើបយើងធ្វើការស្រាវជ្រាវទាក់ទងនឹងការប្រើប្រាស់ថ្នាំអរម៉ូនក្នុងចំណោមបុគ្គលប្ដូរភេទ/យេនឌ័រដើម្បីប្រមូលភ័ស្តុតាង ហើយជំរុញឱ្យមានការកែលម្អដោយមានការផ្ដល់សេវាអរម៉ូនដែលមានសុវត្ថិភាព។ លោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន ក៏បានបន្ថែមថាអ្នកចូលរួមអាចប្រើប្រាស់ឯកសារសង្ខេបការសិក្សាទាំងពីរបានដើម្បីជាភ័ស្តុតាងនៅពេលមានការជជែកពីប្រធានបទទាំងនេះ។ សិក្ខាសាលានេះ ក៏មានការចូលរួមពីថ្នាក់ជាតិ និងថ្នាក់ខេត្តនៃក្រសួង អប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល តំណាងអង្គការដៃគូ ដែលមានដូចជា គ្លីនិករ៉ាក់, គ្លីនិកឈូកស, MHC, MHSS, WOMEN, និង បណ្តាញចតុមុខថ្នាក់ជាតិ BC និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងភ្ញៀវកិត្តិយស ដែលមានចំនួនសរុប ៦៨ រូប៕ដោយ៖ឧត្តរ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម