ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា តំណាងប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ តំណាងឱ្យ ៦០០គ្រួសារ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បានមកជួបជុំគ្នានៅមុខសាលាខេត្តសៀមរាប ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្ត ពាក់ព័ន្ធនឹងការផ្លាស់ប្តូរការកំណត់តំបន់ដីធ្លីរបស់អាជ្ញាធរជាតិអប្សរា ដែលបានកែប្រែភូមិសាស្ត្រភូមិមណ្ឌល៣ ពី «តំបន់លឿង» ទៅជា «តំបន់ក្រហម»។

លោក ឌុច គឹមដន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប រួមជាមួយនិងមន្ត្រីជំនាបានជួបពិភាក្សា ជាមួយតំណាងប្រជាពលរដ្ឋ។ដោយបានពន្យល់ថា
ស្ថានភាពផ្លូវច្បាប់៖ ភូមិសាស្រ្តភូមិមណ្ឌល៣ ស្ថិតក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដែលកំណត់ដោយព្រះរាជក្រឹត្យ និងស្ថិតក្រោមការមើលថែទាំរបស់អង្គការយូនីស្កូ (UNESCO)។ហើយអាជ្ញាធរខេត្តស្នើឱ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងផ្អាកការសាងសង់សំណង់ផ្សេងៗដោយគ្មានច្បាប់អនុញ្ញាត ជាបណ្តោះអាសន្ន ដើម្បីចៀសវាងការខូចខាតទ្រព្យសម្បត្តិ នៅពេលមានការចុះអនុវត្តវិធានការផ្លូវច្បាប់លើសំណង់ខុសច្បាប់។
លោកបន្តថា នីតិវិធីសាងសង់៖ ប្រជាពលរដ្ឋត្រូវដាក់ពាក្យស្នើសុំច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវ និងរង់ចាំការចេញច្បាប់អនុញ្ញាតសិន។

ដំណោះស្រាយបន្ត៖ រដ្ឋបាលខេត្តបានទទួលយកសំណើរបស់ប្រជាពលរដ្ឋរួចហើយ និងរៀបចំយកទៅពិនិត្យ ពិភាក្សា នៅក្នុងអង្គវេទិការអន្តរក្រសួងនាខែខាងមុខ ដើម្បីស្វែងរកដំណោះស្រាយស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ អាជ្ញាធរក៏បានស្នើឱ្យប្រជាពលរដ្ឋចាត់តំណាងចូលរួមដោះស្រាយនៅពេលក្រោយៗទៀត ចៀសវាងការប្រមូលផ្តុំមនុស្សច្រើន ដែលនាំឱ្យខាតបង់ពេលវេលា ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពក្រុងទេសចរណ៍។
សូមជម្រាបថាបន្ទាប់ពីទទួលបានការបកស្រាយ និងពន្យល់យ៉ាងលម្អិត តំណាងប្រជាពលរដ្ឋបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តសៀមរាប ព្រមទាំងសម្តែងនូវក្ដីទុកចិត្តលើការដឹកនាំ និងការយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាករបស់រាជរដ្ឋាភិបាល៕AFN





