ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីអំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃមួយបានកើតឡើង កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅចំណុច អគារ Blue Bay ដោយបុរសជាជនជាតិចិនម្នាក់ បានប្រើអំពើហិង្សា វាយ និងកាប់ទៅលើស្ត្រីជនជាតិខ្មែរម្នាក់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅក្នុងហេតុការណ៍នោះ ជនបង្កជាជនជាតិចិនបានវាយដំ និងកាប់ប្រហារលើជនរងគ្រោះ រួចថែមទាំងបានប៉ុនប៉ងបោះទម្លាក់នាងចេញពីលើអគារជាន់ទី១២ ទៀតផង។ យ៉ាងណាមិញ ជនបង្កបានទាញជនរងគ្រោះចូលមកក្នុងបន្ទប់វិញ ហើយបានបន្តវាយដំបន្ថែម និងយកភួយមករុំរាងកាយជនរងគ្រោះ រួចប៉ុនប៉ងដុតសម្លាប់ចោល ដើម្បីបំបាត់ភស្តុតាង។

ក្រោយកើតហេតុ ជនបង្កជាជនជាតិចិនរូបនោះ បានរត់គេចខ្លួនបាត់ស្រមោល ដើម្បីគេចវេះពីការឃាត់ខ្លួនរបស់សមត្ថកិច្ច។ ចំណែកឯជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ និងបានដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចរួចរាល់ហើយ ដើម្បីឱ្យជួយស្វែងរកយុត្តិធម៌ និងតាមចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយ៖កវីជាយដែន



