សៀមរាប៖យោងតាមរបាយការណ៍បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣ខែមករាឆ្នាំ២០២១ម្សិលមិញនេះ គ្រឿងបង្គំនៃផ្ទះចំនួន១៣៩ខ្នងក្នុងចំណោមផ្ទះចំនួន ៤៣០ ខ្នង របស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្មគ្រ័ចិត្ត រុះរើចេញពីដីចំណីស្ទឹងទៅទីតាំងថ្មី ត្រូវបានក្រុមការងារ នៃរដ្ឋបាល ក្រុងសៀមរាប ដឹកនាំដោយ លោកនួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ជួយដឹកជញ្ជូនចេញ ទៅទីតាំងថ្មី នៅក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ការបញ្ជូនរថយន្តជាច្រើនគ្រឿង ទៅជួយដឹកជញ្ជូនសម្ភារៈនិងគ្រឿងឈើបង្គំនៃផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលបានរុះរើចេញពីដីចំណីស្ទឹង ទៅទីតាំងថ្មីនេះ គឺដើម្បីរួមចំណែកគាំទ្រដល់គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ខ្សែ និង ការស្តារស្ទឹងសៀមរាប ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង ដើម្បីរួមចំណែក សម្រាលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋជាម្ចាស់សំណង់មិនរៀបរយ លើដីចំណីមាត់ស្ទឹងសៀមរាប ដែលបានស្ម័ត្រចិត្តធ្វើការរុះរើ ទៅនៅទីតាំងថ្មី ផងដែរ។
គួរបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋជាម្ចាស់សំណងមិនរៀបរយ ដែលស្ម័ត្រចិត្តធ្វើការរុះរើ ទៅនៅទីតាំងថ្មី ចេញពីដីចំណីមាត់ស្ទឹងសៀមរាប នឹងទទួលបានគោលនយោបាយដីស្របច្បាប់ ទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ជាមួយនឹងការបោះបង្គោលព្រំយ៉ាងច្បាស់លាស់ អណ្តូងទឹក ប្រពន្ធ័ភ្លើង បង្គន់អនាម័យ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សមស្រប ទៅតាមតម្រូវការក្នុងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ៕ដោយ៖សហការី