Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ឃុំកំពង់ភ្លុក៖ពលរដ្ឋពឹងផ្អែកលើរបរនេសាទនិងដឹកភ្ញៀវទេសចរណ៍សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ

សៀមរាប៖សេចក្តីរាយការណ៍ពីអ្នកសារព័ត៌មានដែលបានទៅសម្ភាសន៍ចាមួយអាជ្ញាធរបានឲ្យដឹងថា ឃុំកំពង់ភ្លុក គឺជាឃុំមួយនៅជាប់នឹងមាត់បឹងទន្លេសាប ដែលមានព្រៃលិចទឹកជារាប់រយហិចតា លាតសន្ទឹងពណ៌ខៀវស្រងាត់ គួរជាទីគយគន់ ដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកទស្សនា ម្តងហើយចង់មកម្តងទៀត។ហេតុដូច្នេះទើបធ្វើឲ្យពលរដ្ឋនៅក្នុងឃុំនេះមានជីវភាពសមរម្យ និងមិនអាចបោះបង់មុខរបរដែលបន្សល់ទុកពីដូនតា នោះឡើយ។

   ***ឃុំកំពង់ភ្លុក នៃស្រុកប្រាសាទបាគង ដើម្បីស្វែងយល់ពីការរស់របស់ពលរដ្ឋ រស់នៅតំបន់នោះក្នុងគ្រា ដែលមានជំងឺកូវីដ-១៩ចូលមកដល់ផងដែរ។លោកសុខ ប្លង់ មេឃុំកំពង់ភ្លុក បានមានប្រសាសន៍ឲ្យដឹថា ឃុំកំពង់ភ្លុក ស្ថិតនៅទិសខាងកើតទីប្រ-ជុំជនខេត្តសៀមរាប បើធ្វើដំណើរតាមផ្លូវជាតិលេខ៦ មកដល់ជិតអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង មានចម្ងាយ១៥គីឡូម៉ែត្របត់ស្តាំតាមផ្លូវកៅស៊ូ មានចម្ងាយ១៦គីឡូម៉ែត្រយើងនឹងមកដល់ទីនេះហើយ ។កំពង់ភ្លុកជាឃុំមួយក្នុងចំណោមឃុំទាំង ៩របស់ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ភូមិសាស្រ្តនៃឃុំនេះមានផ្ទៃដីសរុប ១២៣២៩គីឡូម៉ែត្រក្រឡា) កុ្នងនោះផៃ្ទដីសាងសង់លំនៅដ្ឋានចំនួន១២០ហ.ត ដីព្រៃ ៦៥១ ហ.តដីផ្សេងៗ៥៦៩០ហ.ត ។ ឃុំនេះមិនមានដីបង្កបង្កើនផលទេ ព្រោះជាតំបន់បឹងទន្លេសាប។ ប្រជាពលរដ្ឋទូទាំងឃុំប្រកបរបរនេសាទចំនួន៦៥%, ដឹកភ្ញៀវទេសចរណ៍កំសាន្តនៅតំបន់ព្រៃលិចទឹកដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិ៣០% និង៥% ទៀតជាអ្នកលក់ដូរនិងជាជាងឈើ ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺ ការប្រកបរបរនេសាទ ពេលខ្លះក៏ទទួលបានផល តែពេលខ្លះទៀតមិនទទួលបានផលទេឯការប្រកបរបរកសិកម្មវិញ គឺប្រជាជនពុំមានដីកសិកម្មឡើយ ព្រោះដីក្នុងភូមិសាស្ត្រឃុំនេះលិចទឹកទាំងអស់នៅរដូវវស្សា និងរដូវប្រាំងវិញក៏មានសេសសល់ដីទួលបន្តិចបន្តួចប៉ុណ្ណោះ ។ ប៉ុន្តែកំពង់ភ្លុក មានសក្តានុពលផែក ទេសចរណ៍ដែលបចុ្ចប្បន្នមាន ភ្ញៀវទេសចរណ៍ជាតិ បាននាំគ្នាមកកំសាន្ត ធ្វើឲ្យប្រជាជនបង្កើតបានមុខរបរថ្មីមួយ ដែលផ្តល់ប្រយោជន៍ដ៏សំខាន់ នោះគឺការប្រើប្រាស់កាណូត និងអុំទូកដឹកភ្ញៀវទេសចរណ៍កំសាន្តបន្ថែម លើមុខ របរនេសាទត្រី ។ ឃុំនេះមាន ៣ភូមិ គឺភូមិត្នោតកំបុតភូមិដីក្រហម និងភូមិគោកក្តុល ។ ឃុំកំពង់ភ្លុកមានព្រំប្រទល់ខាងកើតទល់នឹងឃុំដានរុនសុ្រកសូទ្រនិគម, ខាងលិចទល់នឹង ឃុំកណែក្ត ,ខាងជើងទល់នឹងឃុំមានជ័យ ខាងត្បូងទល់នឹងបឹងទន្លេសាប ។ឃុំកំពង់ភ្លុកត្រូវ បានបង្កើតឡើងនៅឆ្នាំ១៩៧៩ គ្រានោះស្ថិតនៅក្នុងក្របខណ្ឌរដ្ឋបាលស្រុកសូទ្រនិគម ហើយកាត់ចូលមកស្រុកសៀមរាប ក្រោយមកក៏កាត់មកស្រុកប្រាសាទបាគង។ ឃុំនេះ ផ្ទៃដីទាំងអស់ជាដីព្រៃលិចទឹក ជាប់មាត់បឹងទន្លសាបដែលមានទេសភាពគួរជាទីទាក់ទាញ ។ ប្រជា-ពលរដ្ឋក្នុងឃុំនេះភាគច្រើន លើសលប់ជាអ្នកភូមិដើមកំណើតនៅទីនេះតែម្តង ដោយមិនសូវមានអ្នកចំណូលថ្មីនោះឡើយ ។ គិតត្រឹមឆ្នាំ ២០១៩-២០២០ឃុំមានពលរដ្ឋចំនួន៨៦៧គ្រួសារស្មើនឹងមនុស្សចំនួន ៣៦៨០ នាក់(ស្រី១៨៦៥នាក់) ។ ពលរដ្ឋចំណាកស្រុកទៅធ្វើការក្នុងប្រទេស០,០៣%។ មកដល់ពេលនេះផ្ទះ ដែលមានអគ្គិសនីប្រើប្រាស់ជិត ៩០ភាគរយ។លោកបន្តថា  ប្រជាពលរដ្ឋមានស្មារតីឧស្សាហ៍ព្យាយាមហើយជឿជាក់លើរដ្ឋអំណាច, មានមាគ៌ាដឹកនាំត្រឹមត្រូវរបស់បក្សនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា,មានមន្ត្រីថ្នាក់ដឹកនាំមន្ត្រីក្រុមការងារចុះជួយមូលដ្ឋានស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ។ លោកមេឃុំបានអធិប្បាយដោយចង្អុលទៅលើតារាងតួលេខមួយផ្ទាំងថា វិស័យទេសចរណ៍គឺជាគោលដៅសំខាន់បំផុតសម្រាប់-ការអភិវឌ្ឍឃុំ។ ពិសេសការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន ដែល លោកតែងរំលឹកដល់ពលរដ្ឋនិងអាជ្ញាធរជាញឹកញាប់ ។ប៉ុន្តែនៅដើមឆ្នាំ២០២០ដល់ឆ្នាំ២០២១នេះ ពលរដ្ឋបាននៅឃុំកំពង់ភ្លុក និងពលរដ្ឋសកលលោកបានទទួលរតទុក្ខយ៉ាងធ្ងន់ធ្ងរនោះគឺ ជំងឺរាតត្បាតដ៏សាហាវ កូវីដ-១៩ ធ្វើឲ្យវិស័យផ្សេងៗមួយចំនួនក្នុងឃុំត្រូវចុះថយ។ លោកមេឃុំបានបន្តថា តំបន់ដែលគោក ឬក៏ លិចទឹកក្នុងរយៈពេលខ្លីពីមុន គឺផ្លូវពិបាក ធ្វើដំណើរណាស់ តែបច្ចុប្បន្នត្រូវបានកសាង និងជួសជុលជាបណ្តើរៗបានប្រែក្លាយ ពីផ្លូវក្រាលដីសទៅក្រាលគ្រួសក្រហមនិងឈានទៅចាក់បេតុងប្រវែង៤៣០ម៉ែត្រ ដែលជាថវិកាមូលនិធិឃុំ ចំណាយអស់១៧៩លានរៀល។ ទន្ទឹមនឹងទទួលបានការស្ថាបនាកែលំអផ្លូវថ្មីៗ ក៏មានផ្លូវលំមួយចំនួនបានខូចខាតទៅវិញ ។ លោកមេឃុំបានរំលឹកផងដែរថា ឃុំបានទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន (ក្រុមហ៊ុនអាជីវករពាណិជ្ជករសេវាករ) ដើម្បីទៅបង្កើតមុខរបររកស៊ី និងជួយលើកទឹកចិត្តពលរដ្ឋឲ្យចូលរួម។បច្ចុប្បន្នឃុំបាន នឹងកំពុងសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ជួយលើគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្តដើម្បី ជំរុញលើកកម្ពស់ជីវភាព ពលរដ្ឋនិងសេដ្ឋកិច្ចមូលដ្ឋាន ក្នុងនោះមានអង្គការរ៉ាឆា(RACHA), អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ជាដើម ។

  បន្ទាប់ពីលោក មេឃុំកំពង់ភ្លុក រាយការណ៍ពីប្រវត្តិ និងស្ថានភាព សកម្មភាពផ្សេងៗក្នុងឃុំរួចមកលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ក៏បានមានប្រសាសន៍ស្រដៀងគ្នាជាមួយលោកមេឃុំផងដែរ។ប៉ុន្តែ លោកអភិបាលស្រុកសង្កត់ធ្ងន់ថា នៅក្នុងស្រុកប្រាសាទបាគង មានពលរដ្ឋជាច្រើនគ្រួសារងាកមករករបរដាំដុះបន្លែបង្កា,ធ្វើស្រែចំការនិងចិញ្ចឹមត្រី កង្កែប ជាដើម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈជំងឺរាតត្បាតកូវីដ-១៩ បានចូលមកដល់។លោកបន្តថា ដោយប្រការនេះហើយធ្វើឲ្យពលរដ្ឋមួយចំនួនមានជីវភាពប្រចាំថ្ងៃជាធម្មតានិងខ្វះខាតតិចតួច។ទោះជាយ៉ាងនេះក្តីក្នុងនាម លោកជាថ្នាក់ដឹកនាំម្នាក់ លោកតែងតែខ្នះខ្នែងស្វែងរកជំនួយសប្បុរសធម៌ដើម្បីជួយជ្រោមជ្រែងពលរដ្ឋដែលខ្វះខាត និងជាពិសេសណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកផ្សព្វ

ផ្សាយឲ្យពលរដ្ឋបានយល់ដឹងពីវិធីការពារជំងឺកូវីដ-19នេះជាប្រចាំផងដែរ។

   ជាមួយគ្នានេះផងដែរ អ្នករស់នៅក្នុងខេត្តសៀមរាប ភាគច្រើនសុទ្ធសឹងតែបានដឹងថា ពលរដ្ឋនិងសហគមន៍កំពុងភ្លុក ព្រមទាំងអាជ្ញាធរដែនដី បាននាំគ្នាអភិរក្សព្រៃលិចទឹក និងត្រី បាននៅគង់វង់ គួរសម ព្រោះនៅតំបន់នេះគេមិនឲ្យអ្នកនេសាទល្មើសច្បាប់មកតំបន់ផ្សេងចូលមកនេសាទបានឡើយ ដោយពួកគេនាំគ្នារក្សាទុកត្រី ដើម្បីសហគមន៍ពួកគាត់នេសាទជាលក្ខណៈគ្រួសារបន្តិចបន្តួចតែប៉ុណ្ណោះ។លើកលែងតែនៅកណ្តាលទន្លេទើបពួកគាត់មិនគ្រប់គ្រង ដោយវាជាតូនាទីរបស់មន្ត្រីរដ្ឋបាលជលផល។

  ជាទូទៅការអភិរក្សនិងអភិវឌ្ឍនៅតំបន់នេះអាជ្ញាធរពាក់ព័ន្ធពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិតែងតែ ចុះមកគិតគូរផ្តល់កម្លាំងចិត្តដល់ពលរដ្ឋជារឿយៗផងដែរ៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម