Sunday, November 24, 2024
Header Banner

សមត្ថកិច្ចចម្រុះខេត្តសៀមរាប បន្តចុះផ្អាកអាជីវកម្ម ហាងផឹកស៊ីចំនួន០៤កន្លែងនៅភូមិជន្លង់

សៀមរាប៖សមត្ថកិច្ចចម្រុះបានបន្តសហការគ្នាចុះផ្អាក សកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ បៀរហ្គាឌិន (មានការប្រគំតន្ត្រី)ចំនួន០៤កន្លែងនៅក្នុងក្រុងសៀមរាប។ការនេះធ្វើឡើងនៅយប់ថ្ងៃទី០៤ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

អធិការនគរបាលក្រុងសៀមរាបលោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានឲ្យដឹងថា នៅយប់មិញនេះ តំណាងរដ្ឋបាលក្រុងសៀមរាប និងកម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប សហការណ៍ជាមួយ ក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបន្តធ្វើការល្បាត និងចុះផ្អាកសកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ បៀរហ្គាឌិន (មានការប្រគំតន្ត្រី) ០៤កន្លែង ស្ថិតនៅក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានឈ្មោះ ដូចខាងក្រោម៖១សែនសប្បាយ ហ្កាឡាក់ស៊ី (អាជ្ញាបណ្ណទេសចរណ៍ ហួសសុពលភាព)។២.សែនមនោរម្យ ក្លាស៊ិក៥ (គ្មានអាជ្ញាបណ្ណទេសចរណ៍)។៣.សែនមនោរម្យ ក្លាស៊ិក (គ្មានអាជ្ញាបណ្ណទេសចរណ៍។៤.ផ្លាទីនឹម សែនសប្បាយ (គ្មានអាជ្ញាបណ្ណ ទេសចរណ៍)។ទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ បៀរហ្គាឌិន (មានការប្រគំតន្ត្រី)ទាំង៤ខាងលើនេះ មានច្បាប់អនុញ្ញាតអាជីវកម្ម ០៣ កន្លែង អាជ្ញាប័ណ្ណហួសសុពលភាព ០១កន្លែង ព្រមទាំងលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ព្រមទាំងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសសៀមរាប ក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩នេះ។ក្រុមការងារចំរុះបានធ្វើកំណត់ហេតុ និងណែនាំឲ្យម្ចាស់អាជីវកម្មផ្អាកអាជីវកម្មរបស់ខ្លួន និងដាក់ពាក្យស្នើសុំច្បាប់នៅច្រកចេញចូលតែមួយរដ្ឋបាលខេត្ត និងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយទៅជាភោជនីយដ្ឋានឲ្យបានត្រឹមត្រូវ ទើបអាចបើកដំណើរការអាជីវកម្មបានវិញ។អាជ្ញាធរដែនដីសូម អំពាវនាវ ដល់ម្ចាស់អាជីវកម្មបៀរហ្គាឌិន ស្កាយបារ បារបារំាង ក្នុងក្រុងសៀមរាបទាំងអស់ អញ្ជើញដាក់ពាក្យស្នើសុំច្បាប់នៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត និងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយទៅជាភោជនីយដ្ឋាន ទើបអាចប្រកបអាជីវកម្មបាន៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម