អន្តរជាតិ៖ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា វ៉ាក់សាំងកូវីដអាចនឹងត្រូវផលិតមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី៣ខែវិច្ឆិកា។កិច្ចការនេះគឺលឿនជាងការបញ្ជាក់ដោយវេជ្ជបណ្ឌិតកំពូលផ្នែកជំងឺឆ្លងរបស់លោក។ លោក Trump បានឆ្លើយតបបែបនេះទៅនឹងសំនួររបស់កម្មវិធីវិទ្យុជជែកតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ដែលបានសួរថាតើវ៉ាក់សាំងមួយអាចផលិតឡើងទាន់ការបោះឆ្នោតដែរឬទេ។ លោកបាននិយាយថា “ខ្ញុំគិតថា ក្នុងករណីខ្លះអាចធ្វើបានមុន។ ប៉ុន្តែនៅក្នុងអំឡុងពេលនោះ”។ លោក Trump បាននិយាយថា “វ៉ាក់សាំងនឹងត្រៀមរួចរាល់មុនដំណាច់ឆ្នាំនេះ។ វាអាចនឹងឆាប់ជាងនេះ”។ លោកបន្តថា “យើងមានវ៉ាក់សាំងជាច្រើនដែលកំពុងសិក្សា។ យើងមើលទៅពិតជាទទួលបានលទ្ធផលល្អលើវ៉ាក់សាំងនិងការព្យាបាលផងដែរ” ។ រដ្ឋបាលរបស់លោក Trump កំពុងចំណាយមូលនិធិសហព័ន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើការអភិវឌ្ឍវ៉ាក់សាំងដែលត្រូវបានគេមើលឃើញថាជាមធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់ជំងឺកូវីដនិងបញ្ចប់ការបិទទ្វារទ្រង់ទ្រាយធំនិងវិធានការគម្លាតសង្គមដែលបានធ្វើឲ្យសេដ្ឋកិច្ចក្នុងប្រទេសជុំវិញពិភពលោកធ្លាក់ចុះ៕