អន្តរជាតិ៖ករណីប៉ះទង្គិចគ្នារវាងកងកម្លាំងប៉ូលិស និងអ្នកតវ៉ា បានកើតមានកាលពីថ្ងៃព្រហស្បត្តិ៍ ទី៦ សីហា ក្នុងទីក្រុងបេរូត ប្រទេសលីបង់ ដោយមានទាំងការឧស្ម័នហ្គាសបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ។ ប្រពលរដ្ឋលីបង់ជាច្រើននាក់ កាលពីថ្ងៃព្រហស្បត្តិ៍ បានប្រមូលផ្តុំគ្នានៅក្បែរវិមានរដ្ឋសភា ដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលប្រទេសនេះ ក្រោយខឹងក្នុងហេតុការណ៍ផ្ទុះសារធាតុគីមីអាម៉ូនីញ៉ូមនីដ្រាត ដល់ទៅ ២៧៥០តោន កាលពីថ្ងៃអង្គារកន្លងមក ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៧នាក់ និងជាង ៥០០០នាក់ផ្សេងទៀតរងរបួស។ អ្នកតវ៉ាបានអះអាងថា ការផ្ទុះសារធាតុគីមីនេះ គឺជាកំហុសរបស់រដ្ឋាភិបាលទាំងស្រុង ដោយសារតែការស្តុកទុកសារធាតុគីមីអាម៉ូនីញ៉ូមនីដ្រាត សរុប ២៧៥០តោន នៅឯកំពុងផែទីក្រុង ត្រូវគេរាយការណ៍តាំងពីឆ្នាំ ២០១៣ ថាគ្មានសុវត្ថិភាព ប៉ុន្តែរដ្ឋាភិបាលលីបង់ នៅតែមិនអើពើ រហូតទល់តែមានសោកនាដកម្មកើតឡើង។ ពាក់ព័ន្ធនឹងករណីនេះផ្ទុះឃ្លាំងរក្សាទុកសារធាតុគីមីអាម៉ូនីញ៉ូមនីដ្រាត នៅបេរូត រដ្ឋាភិបាលលីបង់ កាលពីម្សិលមិញ បានឃាត់ខ្លួនមនុស្ស ១៦នាក់ សុទ្ធសឹងអ្នកបុគ្គលិកកំពុងផែ ដើម្បីបើកការស៊ើបអង្កេតពីមូលហេតុ ស្របពេលមន្ត្រីជាន់ខ្ពស់ពីនាក់ ក៏បានលាលែងចេញពីដំណែង ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Marwan Hamadeh ចុះចេញពីដំណែងកាលពីថ្ងៃពុធ និងអគ្គរដ្ឋទូតលីបង់ប្រចាំប្រទេសស៊ូដង់ លោក Tracy Chamoun ចុះចេញកាលពីថ្ងៃព្រហស្បត្តិ៍៕