Thursday, May 9, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អភិបាលខេត្តសៀមរាប បញ្ជាក់ថា ការបណ្ដុះបណ្ដាលជនបង្គោល ដើម្បីជំរុញការងារសុវត្ថិភាពទេសចរណ៍ឲ្យបានម៉ឺងម៉ាត់ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានណែនាំកន្លងមក

សៀមរាប៖ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ និង ទៅថ្ងៃខាងមុខទៀត ផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩នេះ គឺពិតជាពិបាកធ្វើការវាយតម្លៃឲ្យបានប្រាកដប្រជា អំពីស្ថានភាពវិវត្តន៍ជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ១៩ រួមជាមួយនឹងការចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតនានា ពិសេសការចាប់ផ្តើមអនុញ្ញាតឲ្យមានការដើរហើរក្នុងប្រទេសដោយសេរី និងការចាប់ផ្តើមបើកទ្វារអាជីវកម្មជាបន្តបន្ទាប់ ដើម្បីបន្ឋូរភាពតានតឹងនៃសេដ្ឋកិច្ចដែលរាំងស្ទះជាង៧ខែមកហើយឱ្យមានដំណើរការជាជំហានៗទៅតាមស្ថានភាពជាក់ស្តែង ជាមួយការបន្តការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះការបណ្ដុះបណ្ដាលជនបង្គោល ដើម្បីជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ គឺជាការអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ចំពោះវិធានសុវត្ថិភាពទេសចរណ៍ផ្សេងៗ និងវិធានការដទៃទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានណែនាំកន្លងមក ។ឯកឧត្តម ទៀ សីហា មានប្រសាសន៍បន្ថែមថា សម្រាប់អាជីវកម្មសេវាកម្មក្នុងខេត្តសៀមរាបទាំងអស់ ត្រូវចូលរួមគោរពអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីអនុវត្តតាម «គោលការណ៍ណែនាំថ្មីៗ» ទាំងសម្រាប់មូលដ្ឋានអាជីវកម្ម ដែលកំពុងដំណើរការ និងមូលដ្ឋានអាជីវកម្មដែលបានផ្អាក ឬបិទទ្វារ នៅពេលដែលមានការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ទោះបីជាអាចប្រឈមនឹងកត្តាមិនអំណោយផលមួយចំនួន ដូចជាលទ្ធភាពក្នុងការទទួលភ្ញៀវបានចំនួនតិចជាងមុន និងការចំណាយប្រតិបត្តិការខ្ពស់ជាងមុនក៏ដោយ ដើម្បីធានានូវសុវត្ថិភាពសម្រាប់គ្រប់ភាគី ទាំងភ្ញៀវ និងបុគ្គលិក ទាំងដៃគូពាក់ព័ន្ឋ ក្នុងគោលបំណងរក្សាឲ្យបាននូវទំនុកចិត្ត របស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចំពោះគុណភាពសេវាកម្មរបស់យើង ជាសំខាន់ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩នេះ ស្របតាមពាក្យស្លោក «សុវត្ថិភាពរបស់អ្នក ជាភារកិច្ចរបស់យើងខ្ញុំ »។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលជនបង្គោល ដើម្បីជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ១៩ ដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម គឹម សេរីរ័ត្ន អគ្គលេខាធិការរង គណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ នៃក្រសួងទេសចរណ៍ , លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ , អភិបាលរងក្រុង ស្រុក និងតំណាងប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តប្រមាណជិត ២០០នាក់ ។ សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានប្រធានបទសំខាន់ៗចំនួន០៣ ដែលត្រូវបានលើកមកបង្ហាញ រួមមាន ៖ ១- បទបង្ហាញ ស្ដីពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ស្នាក់នៅទេសចរណ៍ និងវិធានសម្រាប់សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន , ២- បទបង្ហាញ ស្ដីពីការគ្រប់គ្រងទិន្នន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍ តាមប្រព័ន្ធតេឡេក្រាម ( Telegram ) ( BOT ) ក្នុងដំណាក់កាលកូវីដ១៩ និង ៣- បទបង្ហាញ ស្តីពីការពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គម តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយហានិភ័យ នៃការរីករាលដាលជំងឺកូវីដ១៩ ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម