សៀមរាប៖នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលក្រុង សៀមរាប បានរៀបចំយុទ្ធនាការដាំកូនឈើព្រៃលិចទឹកឡើងវិញ បន្ទាប់ពីមានការឈូសឆាយរុករានទន្រ្ទានដីព្រៃពីជនល្មើស នារដូវប្រាំងកន្លងមក យុទ្ធនាការដាំកូនឈើព្រៃលិចទឹកនាពេលនេះ ដឹកនាំដោយលោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុង និងមានសមាសភាពចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង នាយក នាយករងរដ្ឋបាលសាលាក្រុង កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ក្រុមប្រឹក្សាសង្កាត់ សៀមរាប ស្វាយដង្គំ ស្រង៉ែ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប្រជាការពារភូមិ ធនាគារABA និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន៥៥៥នាក់ ដោយបានដាំកូនឈើចំនួន២០០០ដើម នៅ ចំណុចរួមមាន៖ ចំណុចខ្មោចហាំង ក្នុងភូមិសាស្រ្តសង្កាត់សៀមរាប នៅចំណុចភ្ញាជ័យ កន្រ្តក ក្នុងភូមិសាស្រ្តសង្កាត់ស្វាយដង្គំ និង នៅចំណុចរហាល ត្រស់ក្នុងភូមិសាស្ត្រ សង្កាត់ស្រង៉ែ។ លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងបានថ្លែង អំណរគុណដល់គ្រប់អ្នក ពាក់ព័ន្ធទាំងអស់ដែលបាន ចូលរួមយុទ្ធនាការ និងអរគុណសហគមន៍បឹងពារាំង ដែល បានផ្តល់កូនឈើព្រៃលិច ទឹកចំនួន ២០០០ដើម ដើម្បីយុទ្ធនាការដាំនាឱកាស នេះ និងបានផ្តល់អនុសាសន៍មួយចំនួនរួមមាន៖ ១-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សង្កាត់ បន្តដឹកនាំបង្ក្រាបបទល្មើសឈូសឆាយព្រៃលិចទឹកអោយកាន់តែសកម្ម ២-ស្នើសុំរដ្ឋបាលក្រុង សង្កាត់ និងមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តយុទ្ធនាការនេះអោយបានច្រើនក្នុងក្រុង សង្កាត់ ៣-សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមបង្ការ បង្រ្កាប និងទប់ស្កាត់ការរុករានទន្ទ្រានព្រៃលិចទឹក ៤-យើងមិនលើកលែងអោយជនល្មើសឡើយ ៥-សូមសហគមន៍ទាំងអស់ក្នុងក្រុងសៀមរាប បន្តបណ្តុះកូនឈើព្រៃលិចទឹក និងដឹកនាំអនុវត្តភារកិច្ចអោយកាន់តែសកម្ម ដូចសហគមន៍បឹងពារាំង៕ «សូមចូលរួមការពារសម្បត្តិធម្មជាតិយើងទាំងអស់គ្នា» «ព្រៃលិចទឹក ជាជម្រកត្រីពងកូន»