ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អង្គការ FOUR PAWS បានអំពាវនាវឲ្យមានការហាមឃាត់ជាដាច់ខាតនូវការជួញដូរសាច់សុនខ(ឆ្កែ) និងឆ្មានៅទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមការពារ និងថែរក្សាដល់សុខុមាលភាពសត្វ និងសុខភាពសាធារណៈ។ លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថានៅអាស៊ីអាគ្នេយ៍មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា «ការស៊ើបអង្កេតរបស់ អង្គការ FOUR PAWS បានបង្ហាញពីបញ្ហាសុខុមាលភាពសត្វធ្ងន់ធ្ងរនៅក្នុងគ្រប់ដំណាក់កាល នៃការជួញដូរ ចាប់ពីការចាប់បានរហូតដល់ការសម្លាប់។ ការជួញដូរនេះ មានទំហំធំធេងគួរឲ្យកត់សម្គាល់ដែលពាក់ព័ន្ធនឹងការកើនឡើង នៃសត្វសុនខចំនួន៣លានក្បាលជារៀងរាល់ឆ្នាំ ដែលភាគច្រើនត្រូវបានចាប់យកនៅតាមផ្លូវ»។ លោកស្រីបានបន្តថា បច្ចុប្បន្ននេះមានសត្វសុនខប្រមាណ៣លានក្បាល ដែលរាប់បញ្ចូលទាំងសត្វចិញ្ចឹមដែលត្រូវបានគេលួច និងសម្លាប់យកសាច់នៅប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ ដោយសម្លាប់ដោយពន្លិចក្នុងរណ្តៅ ព្យួរ.ក ឬ ចាក់.ក។ យោងតាមការស្រាវជ្រាវរបស់ អង្គការ FOUR PAWS នៅក្នុងរាជធានីភ្នំពេញមាន ភោជនីយដ្ឋានសាច់សុនខជាង ១១០ កន្លែងហើយអ្នកបរិភោគភាគច្រើនជាបុរសដែលពួកគេមានទំនោរក្នុងការញ៉ាំសាច់សុនខជាអាហារសម្រន់ជាមួយមិត្តភ័ក្ដិអមដោយគ្រឿងស្រវឹង។ ចំណែកស្ត្រីដែលបរិភោគសាច់នេះដោយសារតែគេជឿថា ជាថ្នាំព្យាបាលជំងឺ។ លោកបណ្ឌិត ការ៉ាន់វី គុគ្រេចា ដែលជាពេទ្យសត្វ និងជាអ្នកគ្រប់គ្រងគម្រោង នៃយុទ្ធនាការការបញ្ចប់ការជួញដូរសត្វសុនខ និងឆ្មា បាននិយាយថា “តាមរយៈការងារ និងកិច្ចសហប្រតិបត្តិការអប់រំជាមួយអាជ្ញាធរ សហគមន៍មូលដ្ឋាន និង ភាគីពាក់ព័ន្ធផ្នែកទេសចរណ៍ គោលដៅរបស់អង្គការ FOUR PAWS គឺចង់ឲ្យរដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ពង្រឹង និង អនុវត្តច្បាប់ការពារសត្វ ដើម្បីបញ្ចប់ការចាប់យកសម្លាប់ និងបរិភោគសាច់សុនខ និងឆ្មា»។ លោកបានបន្តថាការបញ្ចប់ការបរិភោគសត្វនេះមិនត្រឹមតែអាចការពារសត្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារមនុស្សផងដែរពីហានិភ័យសុខភាពសាធារណៈ។ គួរបញ្ជាក់ថា ថ្មីៗនេះខេត្តសៀមរាប បានក្លាយជាខេត្តដំបូងគេនៅប្រទេសកម្ពុជា ដែលបាន ហាមឃាត់ការហូបសាច់សុនខ និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅផងដែរ៕