សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនសំណុំរឿងចំនួន ២ករណី ពីបទចោទបើកកន្លែងផឹកសុី នៅចំណុចហាងពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងហាង សប្បាយ សប្បាយ ស្ថិតនៅភូមិកំពង់ម្កាក់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប និងបាននាំខ្លួនជនសង្ស័យចំនួន០៤នាក់ មកសាកសួរពីដំណើររឿងនៃការលួចបើកកន្លែងផឹកស៊ី។ ក្រោយពីបានសាកសួររួចមក ជនសង្ស័យទាំង០៤នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្ត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទ ដែលត្រូវបានតុលាការ បង្គាប់ឱ្យឃុំខ្លួនទាំង០៤រូប ដូចមានរាយនាមខាងក្រោម៖
១-ឈ្មោះ សាន ឆេងគី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរថៅកែហាងពិភពធម្មជាតិ។
២-ឈ្មោះ ប្រាក់ សារ៉ន ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរ មេកាហាងពិភពធម្មជាតិ។
៣-ឈ្មោះ លាង គា ភេទប្រុស អាយុ៤០ឆ្នាំ (ប្តី)ជនជាតិខ្មែរ រស់នៅភូមិកំពង់ម្កាក់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរម្ចាស់ហាងសប្បាយ សប្បាយ។
៤-ឈ្មោះ តាំង ម្លិះ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ) រស់នៅភូមិកំពង់ម្កាក់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរម្ចាស់ហាងសប្បាយ សប្បាយ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។ សូមម្ចាស់អាជីវកម្មដ្ឋានទាំងអស់ចូលរួមសហការជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់ ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ ចេញពីសហគមន៍ ដែលនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សង្គមរបស់យើងវិលទៅរកប្រក្រតីភាពឡើងវិញ។
សូមរំឭកផងដែរថាកន្លងទៅរដ្ឋបាលខេត្តសៀមរាបតែងតែផ្សាយជូនដំណឹងដល់បងប្អូនអាជីវករអ្នកលក់គ្រឿងស្រវឹងនិងហាងផឹកស៊ី ទាំងអស់ក្នុងខេត្ត ត្រូវផ្អាកជាបណ្ដោះអាសន្នដើម្បីបង្ការការរាលដាលនៃជំងឺកូវីដ.១៩។ប៉ុន្តែក្នុងនោះគេឃើញមានហាងផឹកស៊ីមួយចំនួនបានលួចបើកលក់ដូរល្មើសនឹងបទបញ្ជាររបស់ថ្នាល់ដឹកនាំ៕ដោយ៖វាយោ