Monday, July 7, 2025
Header Banner

ដុតបំផ្លាញគ្រឿងញៀនប្រមាណជិត៦៣គីឡូក្រាម នៃសំណុំរឿងចំនួន១០៩១ ដែលបង្រ្កាបបានពីបទល្មើសក្នុងខេត្តចំនួន៦

បាត់ដំបង៖បើតាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀនប្រមាណជិត៦៣គីឡូក្រាម នៃសំណុំរឿងចំនួន១០៩១ ដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីលានបាល់ទាត់ ស្ថិតភូមិរំចេក សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង។ ក្នុងពិធីនេះដែរ មានការអញ្ជើញជាគណៈអធិបតីពីឯកឧត្តម ងួន រតនៈ អភិបាល និងប្រធាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង និងឯកឧត្តម នួន សាន អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពីស្ថាប័នតុលាការ និងប្រធាន -តំណាងលេខាធិការដ្ឋានកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តទាំង៦។ ក្នុងឱកាសនោះ ឯកឧត្ដម កែវ សុជាតិ ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានជម្រាបជូនអង្គពិធីទាំងមូលថា គ្រឿងញៀនប្រមាណជិត៦៣គីឡូក្រាម ដែលមន្ត្រីជំនាញបានដុតបំផ្លាញនាពេលនេះ គឺបង្រ្កាបបានពីបទល្មើស កាលពីឆ្នាំ២០២០នៅក្នុងខេត្ត ចំនួន៦ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តប៉ៃលិន។ ក្នុងឱកាសនោះដែរ ឯកឧត្តម កែវ សុជាតិ បានបញ្ជាក់ថាការដុតបំផ្លាញគ្រឿងញៀននាពេលនេះ គឺជាសារឆ្លើយតប និងជាសកម្មភាពដែលបង្ហាញឲ្យសារធារណជនទូទៅបានឃើញថា វត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងនាំឲ្យមានភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោលនាឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ មិថុនា មកប្រារព្ធនៅថ្ងៃទី២៩ ខែកក្កដា នេះដោយសារបញ្ហាជំងឺកូវីដ-១៩។ជាមួយគ្នានេះ ឯកឧត្តម កែវ សុជាតិ បានបន្ថែមថា បរិមាណគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះប្រសិនបើសមត្ថកិច្ចយើងបង្រ្កាបមិនទាន់ពេលវេលាទេវានឹងពង្វក់ស្មារតីអូសទាញដល់ប្រជាពលរដ្ឋស្លូតត្រង់ពិសេសយុវជនឱ្យប្រើប្រាស់ដោយខុសច្បាប់បណ្តាលឱ្យខូចសុខភាពនិងឈានរហូតដល់ប្រព្រឹត្តបទល្មើសជាអាទិ៍ អំពើឃាតកម្ម និងឧក្រិដ្ឋកម្ម បង្កភាពអសន្តិសុខក្នុងសហគមន៍។ សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២១នេះ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង៣ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង៧ពាន់នាក់ និងចាប់យកគ្រឿងញៀនបានសរុបជាង៨៥០គីឡូក្រាម ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម