ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ និងរថយន្តក្រុង២៣គ្រឿង ត្រូវបានអគ្គិភ័យឆេះបំផ្លាញ នៅវេលាម៉ោងជាង ៤ល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ដោយសារគ្រោះអគ្គិភ័យឆេះឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូន «វិរៈប៊ុនថាំ» ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ដើមចមនៃការឆេះរហូតដល់មានមនុស្សស្លាប់ នៅមិនទាន់ដឹងមូលហេតុនៅឡើយទេ ខណៈកម្លាំងជំនាញកំពុងខិតខំស្រាវជ្រាវ។បើតាមលោកវរសេនីយ៍ ព្រហ្ម យ៉ន ក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយសម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដ៣៥គ្រឿង ដោយប្រើប្រាស់ទឹកអស់៩១ឡាន។ ក្នុងនោះរួមមាន៖ រថយន្តការិយាល័យអគ្គិភ័យចំនួន២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៦៣ឡាន ស្មេីនឹង២៥០ម៉ែត្រគូប។រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម៖ រថយន្តក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន សើ្មនឹង២៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡានសើ្មនឹង៨០ម៉ែត្រគូប និងរថយន្តទីក្រុងអូរឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡានសើ្មនឹង១៦ម៉ែត្រគូប៕ដោយ៖ភក្តី
រូបភាព៖ពីអគ្គស្នងការនគរបាលជាតិ