ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរលោកយាយព្រំ កួយអាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀងឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លាន នៅថ្ងៃនេះ។
មកទល់ពេលនេះកម្ពុជាយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន៩លាននាក់ គឺស្មើនឹង ៩០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ ចំនួននេះមិនទាន់គិតពីការចាក់ជូនកុមារនិងយុវវ័យដែលមកដល់ពេលនេះចាក់បាន៦៩.៤៧ភាគរយនៃចំនួន១.៩៦៦.៩៣១នាក់ដែលត្រូវចាក់ព្រមទាំងបងប្អូនដែលបានចាក់ដូសទី៣ ឬដូសជំរុញនោះទេ។ ប្រសិននិយាយពីតួលេខសរុបយើងចាក់បានលើស១០លាននាក់ ដែលប្រមាណ៦៥ភាគរយ នៃប្រជាជនសរុប១៦លាននាក់។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំចូលរួមនៅក្នុងដំណើរការចាក់វ៉ាក់សាំង។
លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកា ១០លានរៀល និងសម្ភារៈមួយចំនួនទៀតដែលជាជំនួយ របស់សម្តេច ទៅប្រគល់ជូនដោយផ្ទាល់។
សូមជូនពរលោកយាយព្រំ កួយ និងក្រុមគ្រួសារព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខនិងចៀសផុតពីជំងឺកូវីដ-១៩ ទាំអស់គ្នា៕ដោយ៖ភក្តី