*** សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ…
សៀមរាប៖បន្ទាប់ពីមានការលើកឡើងនៅបណ្តាញសង្គមថាមានករណីផ្ទុះអាវុធ ក្នុងករណីបំភ្លេចបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋនៅភូមិអញ្ចាញសង្កាត់នគរធំ ក្រុងសៀមរាប កាលពីថ្ងៃទី២៨ខែសីហាឆ្នាំ២០២១ ថ្នាក់ដឹកនាំនៃខេត្តសៀមរាប បានបញ្ជារជាឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេត។បន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវរួចបានចេញលទ្ធផលថា ជាករណីផ្ទុះកំប៉ុងហ្គាសដែលពលរដ្ឋកំពុងដាំស្ល។ជាមួយគ្នានោះដែរ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយខុសច្បាប់។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយទទួលបានការណែនាំពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២១ កម្លាំងនគរបាលជំនាញ បានទទួលពាក្យបណ្ដឹងពី ដើមចោទ ឈ្មោះ ស៊ូ ដារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបររកស៊ី បច្ចុប្បន្នរស់នៅភូមិឡកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងទៅលើ ឈ្មោះ គិ ផល្លី ភេទប្រុស អាយុ ប្រហែល៤០ឆ្នាំ មុខរបររកស៊ី រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប និងបក្សពួកពីបទ៖ធ្វើឲខូចខាតដោយចេតនា ។លោកបន្តថា តាមការបំភ្លឺរបស់ដើមចោទ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៣ ឪពុក របស់គាត់បានធ្វើផ្ទះ ០១ខ្នងប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ បន្ទប់ទឹកប្រក់ស័ង្កសី ០១ និង បោះបង្គោលរបងនៅលើដី មានទីតាំងស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលគាត់អះអាងថា ជាដីកម្មសិទ្ធរបស់គាត់ ។ ក្រោយមកនៅវេលាម៉ោង ១៥ និង ០០នាទី ថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២១ មានឈ្មោះ ស៊ុ ផល្លី និង ឈ្មោះ តា គង់ ភេទប្រុស អាយុ ៣៦ឆ្នាំ និងបក្សពួក ០៦ នាក់ទៀត មិនស្គាល់ឈ្មោះ ប្រដាប់ដោយដំបង ខ្វែវធ្វើសកម្មភាព វាយកំទេចបង្គោលរបងនៅលើដីខាង លើ ដែលជាកម្មសិទ្ធរបស់ឪគាត់ បណ្តាលឲ្យបាក់បង្គោលអស់ចំនួន ១៣១ដើម និងរុះរើផ្ទះប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ ចំនួន ០១ខ្នង បន្ទប់ទឹកប្រក់ស័ង្កសី ចំនួន ០១ (ផ្ទះ និងបន្ទប់ទឹកនេះ ត្រូវ បានខូចខាតទាំងស្រុង )។ បន្ទាប់ពីធ្វើសកម្មភាពហើយ ភាគីចុងចោទ និងបក្សពួក បានគេចខ្លួនបាត់ ទើប ដើមចោទ ដាក់ពាក្យបណ្តឹងតែម្តង ។លោកបន្ថែមថា ក្រោយពេលទទួលពាក្យបណ្តឹងរួចហើយកម្លាំងនគរបាលជំនាញ បានស្នើសុំឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដើម្បីស្នើសុំដីកាសម្រេចឲ្យបើកការស៊ើបអង្កេតបឋម។លោកបញ្ជាក់ថា លុះដល់វេលាម៉ោង១០និង ០០នាទី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ ដើមចោទ បានរាយការណ៏ តាមរយៈទូរស័ព្ទប្រាប់ថា ចុងចោទ ឈ្មោះ គិ ផលី និង ឈ្មោះ តាត គង់ បាននាំបក្ខពួក មកបំផ្លិច បំផ្លាញទ្រព្យសម្បត្តិ នៅលើដីរបស់គាត់ទៀត ពេលនោះកម្លាំងសមត្ថកិច្ចបានរាយការណ៍ភ្លាម ជូនឯកឧត្តម ព្រះរាជអាជ្ញាដើម្បីបើកការស៊ើបអង្កេត។បន្ទាប់មក កម្លាំងនគរបាលចំនួន ០២នាក់ គឺលោកវរសេនីយ៍ទោ ងឹម ម៉េងលឹម និងលោក វរសេនីយ៍ត្រី ជា ប៊ុនឡុង បានចុះទៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ និងពិនិត្យ បទល្មើស តើមានពិតដែររឺទេ ដោយស្លៀកពាក់ស៊ីវិល មានកាតនគរបាល មិនមានកាំភ្លើងនៅជាប់និងខ្លួន នោះទេ។លោកបន្ថែមថា នៅពេលដែលសមត្ថកិច្ចចុះទៅដល់ កន្លែងកើតហេតុ បានឃើញ បង្គោលរបងនៅកន្លែងកើតហេតុ ត្រូវបានវាយបំបាក់ និង ផ្ទះប្រក់ស័ង្កសីទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ ចំនួន០១ខ្នង បន្ទប់ទឹកប្រក់ស័ង្កសី ចំនួន ០១ ត្រូវបានខូចខាតទាំងស្រុង និង ឃើញភាគីចុងចោទ និងអ្នកសារព័ត៌មានជាច្រើនអ្នក កំពុងធ្វើការ ឡាយ (Live ) ពេលនោះ យើងបម្រុង ហៅ ភាគី ចុងចោទ មកធ្វើការសាកសួរ ស្រាប់តែ ភាគីចុងចោទ និង អ្នកសារព័ត៌មាន បាននាំគ្នាគេចខ្លួនបាត់នៅសល់តែឈ្មោះតាត គង់ យើងក៏បានហៅមកធ្វើការសាកសួរ ។តាមចម្លើយសារភាព របស់ចុងចោទ ឈ្មោះ គាត គង់ បានឆ្លើយសារភាពថា៖ រូបគាត់ និង បក្សពួក ពិតជាបាន នាំគ្នាយកកាំបិត ដំបង ខ្វែវ ធ្វើសកម្មភាព វាយបំផ្លិចបំផ្លាញ របង ផ្ទះ និង បន្ទប់ទឹក នៅលើដីរបស់ដើមចោទ ឈ្មោះ ស៊ូ ដារ៉ា មានទីតាំងស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ពិតប្រាកដមែន ដោយអះអាងថា ដីខាងលើនេះ ជាកម្មសិទ្ធរបស់គាត់ ។ ទន្ទឹមនឹងនោះ ចុង ចោទ ឈ្មោះ តាត គង់ បានឆ្លើយបញ្ជាក់ថា ពេលដែលនគរបាលទៅដល់ទីកន្លែងកើតហេតុនោះ ពុំឃើញ មានអាវុធ ឬផ្ទុះអាវុធនោះទេ។លោកបញ្ចាក់ថា ផ្អែកលើការស្រាវជ្រាវ និងស៊ើបអង្កេត ករណីនេះ ឯកឧត្ដមព្រះរាជអាជ្ញា បានបញ្ជារឲ្យឃាត់ខ្លួន ចុងចោទ ឈ្មោះ តាត គង់ ជាបណ្តោះអាសន្ន និងរៀបសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធីច្បាប់។លោកស្នងការរង បញ្ជាក់ទៀតថា ក្នុងហេតការណ៍នោះមានការលើកឡើងនៅបណ្តាញសង្គមថាមានករណីផ្ទុះអាវុធ តែតាមការស្រាវជ្រាវគឺបានបង្ហាញថា ជាករណីផ្ទុះកំប៉ុងហ្គាស។អាស្រ័យហេតុនេះសូមបងប្អូនអ្នកសារព័ត៌មាននិងសាធារណៈជនទាំងអស់មេត្តាជ្រាបនិងសូមកុំយល់ច្រឡំ៕ដោយ៖ភក្តី