សៀមរាប៖ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបន្តដឹកនាំគណៈបញ្ជាការឯកភាពខេត្ត និងក្រុមការងារចម្រុះ ចុះពិនិត្យតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តស្រុកជីក្រែង ខេត្តសៀមរាប (តំបន់៣ នៃអជ្ញាធរបឹងទន្លេសាប) ។
ក្នុងនោះផ្ទៃដីព្រៃលិចទឹកដែលបានកាត់ឆ្វៀលកន្លងមក ក្នុងមូលដ្ឋានស្រុកជីក្រែង ដោយផ្អែកតាមនិយាមការ នៃអនុក្រឹត្យ១៩៧ ផ្ទៃដីព្រៃលិចទឹកតំបន់៣ មានទំហំ ៣,៩៧៩ហិកតា គ្របដណ្តប់លើ ឃុំចំនួន៧ នៃស្រុកជីក្រែងរួមមាន៖ឃុំឫស្សីលក,ឃុំសង្វើយ,ឃុំគោកធ្លកក្រោម,ឃុំជីក្រែង,ឃុំអន្លង់សំណរ,ឃុំស្ពានត្នោឃុំល្វែងឫស្សី។
ការចុះត្រួតពិនិត្យនេះ ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យ និងស្រាវជ្រាវលើករណីជនល្មើសដែលបានកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធ ហើយការអនុវត្តនេះត្រូវធ្វើឲ្យបានហ្មត់ចត់ និងឆាប់រហ័ស ព្រមទាំងស្វែងរករាល់ជនល្មើសដែលបានកាប់បំផ្លិញបំផ្លាញព្រៃលិចទាំងនេះ ហើយត្រូវដកហូតមកធ្វើជាកម្មសិទ្ធរបស់រដ្ឋ ព្រមទាំងដាំដើមឈើទាំងនោះឡើងវិញ ដើម្បីជាជម្រកត្រីពងកូន បរិស្ថាន និងជាប្រយោជន៍ដល់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ រួមទាំងសក្តានុពលទេសចរខេត្តសៀមរាបទាំងមូលថែមទៀត៕ដោយ៖វាយោ