ខេត្តសៀមរាប៖បន្ទាប់ពីមានការចុះផ្សាយពីសារព័ត៌មាន នាពេលកន្លងមក គណៈកម្មការចំណុះជើងវត្តព្រះព្រហ្មរ័តន៍ បានចេញសេចក្តីបំភ្លឺ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដែលមានខ្លឹមសារ ដូចខាងក្រោម៖សេចក្តីបំភ្លឺកន្លងមកថ្មីៗនេះ មានសារព័តមានខ្លះ បានចុះផ្សាយថា សណ្ឋាគារស្ទឹងសៀមរាប បានវាយរបងវត្តព្រះព្រហ្មរ័តន៍ ដើម្បីដាក់ម៉ាស៊ីនភ្លើង។
តាងនាមគណៈកម្មការចំណុះជើងវត្តព្រះព្រហ្មរ័តន៍ សូមធ្វើការបំភ្លឺដូចខាងក្រោម៖តាមពិតភាគីសណ្ឋាគារស្ទឹងសៀមរាប ពុំបាន វាយរបងវត្តទេ ដោយគ្រាន់តែកែលម្អត្របក ឈូករបងវត្តដែលមានសភាពចាស់ និងមានការ ប្រេះស្រាំ ដោយសារ មិនទាន់បានលាបថ្នាំ។ ក្នុងការកែលម្អនេះ ភាគីសណ្ឋាគារបានរកជាងចម្លាក់មកធ្វើការជួសជុលឡើងវិញ តាំងពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ម្លេះ រួមមាន៖១- បិតក្បាច់ចម្លាក់លើរបងវត្តដែលមិនទាន់បានបិត។
២- ជួសជុល កែលម្អក្បាច់ត្របកឈូក ដែល មានសភាពចាស់ និងប្រេះស្រាំ ឡើងវិញ។៣- លាបថ្នាំពណ៌លើក្បាច់ចម្លាក់ លើផ្ទៃ ជញ្ជាំង និងលើអក្សរ ដែលចាស់ឱ្យថ្មីឡើងវិញ។៤- លាបថ្នាំពណ៌លើក្បាច់ចម្លាក់ លើផ្ទៃ ជញ្ជាំង លើអក្សរ និងត្របកឈូក ដែលបានជួសជុល កែលម្អឡើងវិញ។
ការកែលម្អខាងលើ ដូចមានក្នុងកិច្ចសន្យា ស្តីពីការបិតក្បាច់ចម្លាក់ និងលាបថ្នាំពណ៍លើ ជញ្ជាំង និងអក្សរ របងវត្ត រវាងភាគីម្ចាស់សំណង់ និងភាគីជាង ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ដូចមានភ្ជាប់ជូនខាងក្រោមស្រាប់។
ដោយសារក្បាច់ចម្លាក់ ដែលត្រូវធ្វើ មានច្រើនក្បាច់ខុសៗ គ្នា ហើយជាងត្រូវចាក់ពុម្ពក្បាច់ ទើបត្រូវប្រើពេលយូរ ហើយមានការយឺតយ៉ាវ បណ្តាលឱ្យមានការភ័ន្តច្រឡំ។គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នេះ ជាងបានលាបថ្នាំពណ៌លើផ្ទៃជញ្ជាំង និងអក្សរ រួច ហើយ។ រីឯក្បាច់ចម្លាក់ផ្សេងទៀត បាន និង
កំពុងធ្វើជាបន្តបន្ទាប់ទៀត។
អាស្រ័យដូចបានបំភ្លឺខាងលើ សូមឧបាសក ឧបាសិកានិងសាជារណៈជន ជ្រាបជាព័ត៌មាន។
ក្រោយពីមានការចុះផ្សាយលើគេហទំព័រ របស់គណៈកម្មការចំណុះជើងវត្តព្រះព្រហ្មរ័តន៍ឈ្មោះ «វត្ត ព្រះព្រហ្មរ័តន៍»រួចមក ឧបាសក ឧបាសិកា ចំណុះជើងវត្ត មានការសប្បាយ រីករាយ និងថ្លែងអំណរគុណ ដល់ម្ចាស់សណ្ឋាគារស្ទឹងសៀមរាប ដែលមានសទ្ធាជ្រះថ្លា ក្នុងការជួយបិតក្បាច់ ជួសជុលត្របកឈូកលាបថ្នាំពណ៌ លើក្បាច់ លើផ្ទៃជញ្ជាំង និងលើអក្សរ ទាំងចាស់ ទាំងថ្មី ឡើងវិញ៕