សៀមរាប៖ជនសង្ស័យដែលជំនាញខាងលួចចូលក្នុងផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិរួចគេចខ្លួនបានដោយសុវត្ថិភាពជាច្រើនដងនោះ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប បានចុះស្រាវជ្រាវទៅតាមបណ្តឹងរបស់ជនរងគ្រោះនឹងបានឃាត់ខ្លួនបានទៀតហើយ។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី០៦ខែធ្នូឆ្នាំ២០២១ ស្ថតិនៅចំណុចភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោក វរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប,លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯកណុប សារ៉ាក់ ស្នងការរងទទួលការិយាល័យព្រហ្មកម្រិតធ្ងន់ ទើបក្រុមការងារនគរបាលជំនាញបានបើកការស្រាវជ្រាវទៅតាមពាក្យបណ្តឹងជនរងគ្រោះចំនួន០៤ពាក្យបណ្តឹង។លោកបន្ថែមថា កម្លាំងនគរបាលជំនាញពញរហ្មទណ្ឌខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ាន់ បូរី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិកំព្រុំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើលួច មានស្ថានទម្ងន់ទោស ប្រព្រឹត្តក្នុងក្រុងសៀមរាប ចំនួន ០៤ករណី គឺនៅក្នុងអំឡុងខែតុលានិងខែវិច្ឆិកាឆ្នាំ២០២១ ជនសង្ស័យ ឈ្មោះ យ៉ាន់ បូរី បានធ្វើសកម្មភាពផ្លោះរបង ចូលលួចទ្រព្យសម្បត្តិក្នុងក្រុងសៀមរាប ករណីទី១កាលពីវេលាម៉ោង ០២និង៣០នាទី យប់ថ្ងៃទី១៨ខែតុលាឆ្នាំ២០២១ ត្រង់ចំណុច ហាងលក់ទូរស័ព្ទរបស់ជនរងគ្រោះ ឈ្មោះ រ៉ែម រាប ស្ថិតវត្តបូព៌ ជនសង្ស័យលួចយកកូនសោរទូរចាក់បើកយកទូរស័ព្ទម៉ាកoppoនិងvivoចំនួន០៨គ្រឿង។ករណីទី២កាលពីវេលាម៉ោង០១និង ៤០នាទី ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២១ ត្រង់ចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ចាន់ ធឿន ស្ថិតក្នុងភូមិគោកតាចាន់ ជនសង្ស័យ បានផ្លោះរបងចូលលួចយកប្រាក់ដុល្លា៧០០០ដុល្លារនិងទូរស័ព្ទ sumsung១គ្រឿង។ករណីទី៣:កាលពីវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១ លើជនរងគ្រោះ ឈ្មោះ ហេង សៀក ត្រង់ចំណុចភូមិសាលាកន្សែង ជនសង្ស័យ ចូលលួចយកទូរស័ព្ទ០៤គ្រឿង( iPhone 6plus ០១គ្រឿង, xs max ០១គ្រឿង, oppo ០១គ្រឿង និង reall me ០១គ្រឿង )។ករណីទី៤: កាលពីវេលាម៉ោង ០២និង៥០នាទី យប់ឈានចូលថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២១លើជនរងគ្រោះ ឈ្មោះគុជ សុវណ្ណ ត្រង់ចំណុចភូមិខ្នារ ជនសង្ស័យ បានយកឈើឆ្កិះយកកាប របស់ជនរងគ្រោះទុកក្នុង បន្ទប់ ក្នុងកាបូបមានប្រាក់ចំនួន៥០០ដុល្លារ, ប្រាក់ខ្មែរ៥ម៉ឹនរៀល។ រហូតដល់ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ។លោកបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ យ៉ាន់ បូរី បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពករណីខាងលើនេះ ពិតប្រាកដមែន ។ចំពោះប្រាក់ដែលលួចបាន ខ្លួនបានចាយអស់ ចំណែកទូរស័ព្ទ ខ្លួនបានលក់ឲ្យពួកម៉ូតូឌុបមុខផ្សារលើ យកប្រាក់ចាយអស់ហើយ។លោកបញ្ជាក់ទៀតថា ចំពោះករណីទាំង០៤ ខាងលើនេះគឺមាន video camera ថតអំពីសកម្មភាព របស់ជនសង្ស័យ ឈ្មោះ យ៉ាន់ បូរី នៅកន្លែងកើតហេតុផងដែរ។លោក វរសេនីយ៍ទោ សុខ ម៉េងអ៊ាង កន្លងទៅក្រុមការងាររបស់លោកបានចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យដែលជំនាញខាងលួចគាស់ផ្ទះពលរដ្ឋ បានជាបន្តបន្ទាប់ផងដែរ។
បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖សេរី