Sunday, July 13, 2025
Header Banner

កម្លាំងប្រជាការពារភូមិខ្នារ,នគរបាលប៉ុស្តិ៍ជ្រាវនិងនគរបាលក្រុងសៀមរាបបំបែកបានហើយ ករណីជនសង្ស័យគាស់ហាងទូរស័ព្ទនៅផ្សារខ្នារ

សៀមរាប៖នៅទីបំផុតកម្លាំងប្រជាការពារភូមិខ្នារ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ និងកម្លាំងនគរបាលក្រុងសៀមរាប បានសហការគ្នាស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជំនាញខាងឡើងហែកស័ង្កសីចូលក្នុងហាងលក់ទូរស័ព្ទលួចយកទ្រព្យសម្បត្តិពីជនរងគ្រោះរួចគេចខ្លួននោះ បានហើយ។ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី០៧ខែធ្នូឆ្នាំ២០២១ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។

   លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា កម្លាំងប្រជាការពារសង្កាត់ជ្រាវ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ ព្រមទាំងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រុងសៀមរាប សហការគ្នាស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះសយ ស៊ំា ភេទប្រុស អាយុ៣២ឆ្នាំមានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ន ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប ពាក់ព័ន្ធនិងករណីអំពើលួចមានស្ថានទម្ងន់ទោស ( គាស់ស័ង្កសីតូបលួចយកទូរស័ព្ទ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។លោកបន្ថែមថា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦.៣០នាទីស្ថិតនៅតូបលក់ទូរស័ព្ទយីហោ ពីង ពីង លក់ទូរស័ព្ទដៃទំនើប ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស ( គាស់ស័ង្កសីតូបលួចយកទូរស័ព្ទ )ចំនួន២១គ្រឿង មានទូរស័ព្ទម៉ាកសាំស៊ុងចំនួន០៥គ្រឿង ម៉ាកអូបពរ ចំនួន១៣គ្រឿង និងម៉ាកវីវូ ចំនួន០៣គ្រឿង របស់ជនរងគ្រោះនៅភូមិកើតហេតុខណៈពេលដែរជនរងគ្រោះមិននៅតូប ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។

លោកបន្ថែមថា បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ និងដោយផ្អែកលើកាមេរ៉ាសុវត្ថិភាព កម្លាំងជំនាញក៏កំណត់មុខសញ្ញាបាន ទើបនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១សមត្ថកិច្ចបានស្វែងរកហើយឃាត់ខ្លួនជនសង្ស័យខាងលើ ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ យកមកសាកសួរ។ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានឡើងហែកស័ង្កសីចូលទៅក្នុងតូបរបស់ជនរងគ្រោះលួចយកទូរស័ព្ទចំនួនខាងលើពិតមែន ដោយឡែកទូរស័ព្ទដែលជនសង្ស័យលួចនោះ ជនសង្ស័យបានយកទៅលក់ និងបញ្ចាំ អស់ហើយ។បន្ទាប់មកយើងបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យលទ្ធផល វិជ្ជមាន។

  បច្ចុប្បន្នកម្លាំងនគរបាលក្រុងសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីបន្តនីតិវិធី៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម