សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កូនប្រុសបង្កើតរបស់នាយអាវុធហត្ថខេត្តសៀមរាប ម្នាក់បានយកអាវុធខ្លីរបស់ឪពុកទៅសម្ងំក្នុងបន្ទប់ទឹករួចបាញ់សម្លាប់ខ្លួនឯងយ៉ាងអណោចអធ័ម សង្ស័យមានវិបត្តិផ្លូវចិត្ត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥:០០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុផ្ទះជនរងគ្រោះ ស្ថិតក្រុមទី១២ ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីគ្រួសារសព កម្លាំងនគរបាលបច្ចេកទេស វិទ្យាសាស្ត្រ,កម្លាំងអធិការនគរបាលក្រុងសៀមរាប, កម្លាំងនគរបាលប៉ុស្តិ៍ស្លក្រាម និងគ្រូពេទ្យ បានចុះដល់កន្លែងកើតហេតុ បានពិនិត្យ និងស្រាវជាវ ជាលទ្ធផលបឋមដូចខាងក្រោម៖ជនរងគ្រោះឈ្មោះ វឿន ស៊ីតនីណាថាន់ ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរ: សិស្ស រស់នៅទីតាំងកន្លែងកើតហេតុខាងលើ។អាវុធខ្លីម៉ាក SIG SAUER លេខៈ2711U-S បង់២ ផល្លិតនៅប្រទេសអាមេរិក គ្រាប់សរុបចំនួន ៩គ្រាប់ បាញ់អស់ ១គ្រាប់ នៅសល់ជាក់ស្តែងចំនួន ៨គ្រាប់)។សមត្ថកិច្ចបន្តថា តាមការស្ដាប់បំភ្លឺរបស់ឈ្មោះ លីម ស្រីឡា ភេទស្រី អាយុ ៣៥ឆ្នាំ (ត្រូវជាម្ដាយចុងរបស់សព) បានរៀបរាប់បំភ្លឺថា នៅអំឡុងឆ្នាំ២០០៨ រូបខ្លួនបានរៀបការមួយឈ្មោះ អ៊ុយ ចយ ភេទប្រុស អាយុ ៤៨ឆ្នាំ ហើយបានមករស់នៅផ្ទះចំណុចកើតហេតុខាងលើ ហើយមានកូនប្រុសម្នាក់ឈ្មោះ វឿន ចាន់រ៉ាវុទ្ធ ។ នៅឆ្នាំ២០១២ ប្ដីរបស់ខ្លួន បានយកកូនដើមរបស់គាត់ឈ្មោះ វឿន ស៊ីតនីណាថាន់ មករស់នៅផ្ទះជាមួយពួកខ្លួន ដោយពួកខ្លួនបានចិញ្ចឹមបីបាច់ថែរក្សាដូចកូនបង្កើត ហើយពេលរស់នៅជាមួយគ្នារូបខ្លួន និងប្ដី មិនដែលបានប្រើប្រាស់ហិង្សា ទៅលើកូននោះទេ គ្រាន់តែពេលខ្លះ មានការស្ដីបន្ទោស ព្រោះរូបគាត់ជាមនុស្សមានចារឹករឹងរូស ។ ហើយនៅឆ្នាំ២០២១ ឈ្មោះ វឿន ស៊ីតនីណាថាន់ ចាប់ផ្ដើមមានអាការៈប្លែកៗ មិននិយាយស្ដីរកអ្នកណា មិនចេញក្រៅផ្ទះ ចូលចិត្តសម្ងំនោះតែក្នុងបន្ទប់លេងតែហ្គេម ។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទី ប្ដីរបស់ខ្លួនឈ្មោះ អ៊ុយ ចយ បានជិះរថយន្តមកដល់ផ្ទះ ហើយបានដើរចូលទៅហូបបាយ និង បាននិយាយជាមួយកូនគាត់ ដោយគាត់បានប្រាប់ថាឲ្យគេទៅកាត់សក់ និងយកអាវទៅប៉ាក់ឈ្មោះ។ ក្រោយពេលនិយាយគ្នារួចរូបគេបានទាញយកសោរថយន្ត ប៉ុន្តែត្រូវបានប្ដីរបស់ខ្លួន ស្រែកសួរថាយកសោរទៅធ្វើអ្វី ហើយឈ្មោះ វឿន ស៊ីតនីណាថាន់ បានដាក់សោរចុះហើយបានដើរចូលទៅក្នុងបន្ទប់គេបាត់។លុះដល់វេលាម៉ោង១៥:០០នាទី ថ្ងៃដដែល កូនប្រុសបង្កើតរបស់ខ្លួនឈ្មោះ វឿន ចាន់រ៉ាយុទ្ធ បានត្រលប់មកពីរៀនក៏បានឃើញស្រោមអាវុធរបស់ប្ដីខ្លួន នៅលើតុ ហើយរូបគេបានយកទៅឲ្យប្ដីខ្លួនមើល ពេលនោះរូបគាត់ និងប្តីបានស្ទុះទៅមើលក្នុងបន្ទប់ដេករបស់ឈ្មោះ វឿន ស៊ីតនីណាថាន់ ប៉ុន្តែមិនឃើញ ហើយក៏នាំគ្នាទៅមើលក្នុងរថយន្ត ស្រាប់តែបាត់អាវុធ ទើបគាត់បានចេញមកខាងក្រៅឃើញទ្វារបន្ទប់ទឹកបិទហើយចាក់សោរពីខាងក្នុង ហើយក៏បានគោះទ្វារ ប៉ុន្តែមិនមានអ្នកណាបើក ទើបប្តីគាត់បានសម្រេចចិត្តធាក់ទ្វារបន្ទប់ទឹកនោះរហូតដល់របើក ហើយបានឃើញកូនប្រុសឈ្មោះ វឿន ស៊ីតនីណាថាន់ បានដេកផ្កាប់មុខ ដោយមានឈាមហូរស្រោចលើការូ និងឃើញអាវុធខ្លីនៅជាប់និងខ្លួន ដោយពេលនោះប្ដីរបស់គាត់បានទាញលើកកូនដើម្បីជួយសង្គ្រោះ ប៉ុន្តែកូនបានស្លាប់បាត់ហើយ។ទើបប្តីគាត់ក៏បានលើកយកអាវុធនោះមកកាន់ រួចបានដាក់ចុះទៅវិញ បន្ទាប់មកប្ដីរបស់ខ្លួនក៏បានទូរស័ព្ទទៅសមត្ថកិច្ចដើម្បីមកពិនិត្យ ពេលសមត្ថកិច្ចចុះមកពិនិត្យ ដោយលើកបង្វិលផ្ងាសព និងជូតឈាមសម្អាត ដើម្បីពិនិត្យស្លាកស្នាម ទើបឃើញថាមាត់របស់សពមានបិទស្កុតពណ៌ខ្មៅ។សមត្ថកិច្ចបន្ថែមថា តាមការស្ដាប់បំភ្លឺរបស់ឈ្មោះ ច័ន្ទ លក្ខិណា ភេទស្រី អាយុ ៤០ឆ្នាំ (ម្តាយបង្កើតជនរងគ្រោះ) បានឲ្យដឹងថានៅអំឡុងឆ្នាំ២០១៦ ខ្លួនបានលែងលះជាមួយប្តីឈ្មោះ អ៊ុយ ចយ ក្រោយមកអតីតប្តីបានយកកូនឈ្មោះ វឿន ស៊ីតនីណាថាន់ ទៅរស់នៅជាមួយ ក្នុងការរួមរស់នៅជាមួយឪពុក គឺពុំដែលមានបញ្ហាអ្វីនោះទេ ហើយកូនប្រុសម្នាក់នេះ គឺជាមនុស្សប្រើតែដៃឆ្វេងក្នុងការសរសេរ ឬកាន់វត្ថុផ្សេងៗ។ ចាប់ពីអំឡុងឆ្នាំ២០១៩ មកកូនប្រុសខ្លួនឈ្មោះ វឿន ស៊ីតនីណាថាន់ មានអាការ:ប្លែកៗ មិនសូវនិយាយស្តីជាមួយនរណា ចូលចិត្តនៅម្នាក់ឯង។ ជាក់ស្តែងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦:៤០នាទី កូនស្រីឈ្មោះ វឿន ស៊ីតនិតថន បានទូរស័ព្ទប្រាប់ថា អូនសិទ្ធស្លាប់ហើយ ពេលឮដូចនោះខ្លួនបានជិះម៉ូតូឌុបទៅរកកូននៅផ្ទះអតីតប្តីឈ្មោះ អ៊ុយ ចយ ហើយបានឃើញកូនស្លាប់នៅក្នុងបន្ទប់ទឹកក្រៅផ្ទះ ដោយមានឈាមហូរប្រឡាក់ខ្លួន ហើយគ្មានសម្លៀកបំពាក់ ដោយបាញ់សម្លាប់ខ្លួនឯងនឹងកាំភ្លើងខ្លីរបស់អតីតប្តី។តាមការស្តាប់ឈ្មោះ វឿន ច័ន្ទបរមី ភេទស្រី អាយុ ២៣ឆ្នាំ និងឈ្មោះ វឿន ស៊ីតនិតថន ភេទស្រី អាយុ ២១ឆ្នាំ (អ្នកទាំងពីរត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ) បានបំភ្លឺស្រដៀងគ្នាថា៖ ក្រោយពេលម្តាយបានលែងលះជាមួយនិងឪពុកឈ្មោះ អ៊ុយ ចយ ប្អូនប្រុសរបស់ឈ្មោះ វឿន ស៊ីតនីណាថាន់ (ជនរងគ្រោះ) បានទៅរស់នៅជាមួយឪពុកតាំងពីនៅតូចមកម្លះ ហើយជនរងគ្រោះជាមនុស្សស្ងប់ស្ងាត់ ចូលចិត្តដាក់ខ្លួនឲ្យនៅដាច់ដោយឡែក មិនងាយជួបគេឯងនោះទេ សូម្បីតែបងប្អូន និងម្តាយបង្កើតចង់ជួបហូបអាហារជុំគ្នា ក៏គេមិនងាយចេញទៅជួបដែរ
ក្នុងនោះថ្មីៗនេះគេបាននិយាយប្លែកៗមកកាន់ពួកខ្លួនទាំងពីរថា ប្អូនអត់នៅទេ តិចទៀតប្អូនទៅវិញហើយ ពេលនោះពួកខ្លួនក៏បានសួរថា ទៅណា? គេតបថា គេទៅស្លាប់ ហើយគេនិយាយពាក្យនេះជាច្រើងលើកផងដែរ ស្រាប់តែនៅល្ងាចមិញនេះឪពុកខ្លួនឈ្មោះ អ៊ុយ ចយ បានទូរស័ព្ទប្រាប់ថា អាអូនបានបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹកបាត់ហើយ។សមត្ថកិច្ចបញ្ចាក់ថា តាមការស្តាប់ចម្លើយរបស់ឈ្មោះ អ៊ុយ ចយ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ និងជាម្ចាស់ផ្ទះកន្លែងកើតហេតុខាងលើ បានឲ្យដឹងថា សពត្រូវជាកូនបង្កើតរបស់ខ្លួន ដោយនៅវេលាម៉ោងប្រហែល ១៥:០០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កូនប្រុសរបស់ខ្លួនឈ្មោះ វឿន ច័ន្ទរ៉ាយុទ្ធ ភេទប្រុស អាយុ១២ឆ្នាំ បានកាន់ស្រោមកាំភ្លើងមកសួរខ្លួនថា ប៉ាម៉េចបានស្រោមកាំភ្លើងប៉ាឯងមកនៅលើកៅអីក្នុងបន្ទប់របស់ខ្ញុំ ភ្លាមនោះគាត់បានកាន់ស្រោមកាំភ្លើងរួចរត់មករកកាំភ្លើងក្នុងឡានតែពុំឃើញ ហើយបាត់កូនប្រុសរបស់ខ្លួនឈ្មោះ វឿន ស៊ីតនីណាថាន់ ក៏មិនឃើញនៅក្នុងបន្ទប់ ខ្លួនក៏ឆោឡោរត់រកកូននៅបន្ទប់ទឹកក្រៅផ្ទះ ដោយឃើញទ្វារបន្ទប់ទឹកចាក់សោរពីខាងក្នុង ហៅពុំមាននរណាបើក ក៏សម្រេចចិត្តធាក់ទ្វារនោះ របើក ក៏បានឃើញកូនខ្លួន ដេកស្លាប់ផ្កាប់មុខ និងមានឈាមពេញបន្ទប់ទឹក ដោយសពអាក្រាតកាយ រីឯកាំភ្លើងខ្លីរបស់ខ្លួននៅក្បែខ្លួនសពផ្នែកខាងស្តាំ ។ ចំពោះអាវុធខ្លីម៉ាក SIG SAUER ផលិតនៅប្រទេស អាមេរិក ជាកម្មសិទ្ធរបស់ខ្លួន ចំណែកប័ណ្ណសម្គាល់អាវុធមិនមាន កំពុងដាក់សំណើរ ។ គាត់បានបញ្ជាក់ផងដែរថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់តែងតែសម្ងំស្ងៀមស្ងាត់នៅក្នុងបន្ទប់ដេករបស់គេ និងបាននិយាយជាញឹកញាប់ថា អូនទៅហើយ ដោយមិននឹកស្មានថាគេគិតចង់ធ្វើអត្តឃាតបែបនិងទេ។
បន្តាប់ពីសមត្ថកិច្ចពិនិត្យកន្លែងកើតហេតុនឹងធ្វើកោសល្យវិច័យរួចក៏បានប្រគល់សពទៅគ្រួសារជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សេរី