ខេត្តសៀមរាប៖កម្លាំងប្រជាការពារសង្កាត់ជ្រាវ និងកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ជ្រាវ ព្រមទាំងកម្លាំងនគរបាលក្រុងសៀមរាប បានសហការគ្នាចុះស្រាវជ្រាវបង្ក្រាប បានជនសង្ស័យម្នាក់ លួចគាស់ហាងលក់ទូរស័ព្ទយីហោ ងួន មុំ យកទូរស័ព្ទជាច្រើនគ្រឿង។ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០២២ស្ថិតនៅចំណុចទំនប់៧៨ ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា កម្លាំងប្រជាការពារសង្កាត់ជ្រាវ នគរបាលប៉ុស្តិ៍ជ្រាវ និងនគរបាលក្រុងសៀមរាប បានឃាត់ជនសង្ស័យឈ្មោះជុំ ប៊ុនថន ហៅ យ៉ត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នមិនច្បាស់លាស់ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោស( គាស់ហាងលួចយកទូរស័ព្ទ)។
លោកបន្តថា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០១និង៥០នាទី ស្ថិតនៅហាងលក់ទូរស័ព្ទដៃយីហោងួន មុំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោសគាស់ទម្លុះទម្លាយ( គាស់និងកាត់ជញ្ជាំងស័ង្កសីហាងលួចយកទូរស័ព្ទ) បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាត់ជញ្ជាំងស័ង្កសីហើយចូលលួចទូរស័ព្ទសរុបចំនួន៤៥គ្រឿង មានម៉ាក HOUWEI, SUMSUNG,VIVO,OPPO របស់ជនរងគ្រោះ ខណៈពេលដែរជនរងគ្រោះគេងលក់ ហើយគេចខ្លួន។ លុះនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ មានប្រជាពលរដ្ឋ បានទិញទូរស័ព្ទពីជនសង្ស័យ ហើយយកទូរស័ព្ទដែលទិញបានយកទៅបិទស្កុត នៅហាងជនរងគ្រោះ ហើយត្រូវជនរងគ្រោះឆែកលេខម៉ាស៊ីន( IMEI ) ទើបដឹងថាជាទូរស័ព្ទរបស់ខ្លួនដែលបាត់ ហើយរាយការណ៍មកសមត្ថកិច្ចយកមកសួរនាំ។ ក្រោយពីសាកសួរប្រជាពលរដ្ឋដែលទិញទូរស័ព្ទ រូបគាត់បានឆ្លើយថា ទូរស័ព្ទនេះបានទិញពីជនសង្ស័យខាងលើ ព្រមទាំងបង្ហាញរូបជនសង្ស័យដល់សមត្ថកិច្ចបានដឹង។ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានកាត់ស័ង្កសីចូលលួចទូរស័ព្ទចំនួន៤៥គ្រឿង របស់ជនរងគ្រោះពិតមែន ដោយទូរស័ព្ទខ្លួនយកតែ០៥គ្រឿង រីឯទូរស័ព្ទចំនួន៤០គ្រឿង ជនសង្ស័យបានទូរស័ព្ទហៅបក្ខពួកនៅឯខេត្តព្រះវិហារ មកយកទៅលក់នៅខេត្តព្រះវិហារ ។
លោកបន្ថែមថា វត្ថុតាងដកហូតបាន ទូរស័ព្ទចំនួន០៥គ្រឿង , ម៉ូតូជនសង្ស័យចំនួន០១គ្រឿង ,កង់ជនសង្ស័យជិះធ្វើសកម្មភាពចំនួន០១គ្រឿង,កន្ត្រៃចំនួន០១,តួណឺវីសចំនួន០១។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖សេរី



