Wednesday, November 12, 2025
Header Banner

អាជ្ញាធរពាក់ព័ន្ធប្រារព្វពិធីរំលឹកគុណអង្គរ និងត្រូវគំរប់ខួប៣០ឆ្នាំនៃការដាក់បញ្ចូលអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌនៃពិភពលោក

ខេត្តសៀមរាប៖នាព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០២២នេះ នៅមុខប្រាសាទអង្គរវត្ត អាជ្ញាធរថ្នាក់ជាតិនិង អាជ្ញាធរពាក់ព័ន្ធនៃខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជការ សិស្សនិស្សិត ព្រមទាំងព្រះសង្ឃ ប្រមាណជា១០០០អង្គ/នាក់ បានចូលរួមពិធីបួងសួង សូត្រមន្តចំរើនព្រះបរិត្តនិងពិធីរាប់បាត្រប្រគេនទ័យទានចំពោះព្រះសង្ឃ នៅក្នុងការរៀបចំប្រារព្ធព្រឹត្តិការណ៍រំលឹកគុណអង្គរ និងត្រូវជាថ្ងៃគំរប់ខួប៣០ឆ្នាំនៃការដាក់បញ្ចូលអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌនៃពិភពលោក។

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណាបានថ្លែងថាពិធីបុណ្យរំលឹកគុណអង្គរនេះ គឺរៀបចំឡើងដើម្បីអរគុណដល់សន្តិភាព និងការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលជានិច្ចជាកាល តែងចាត់ទុកកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌ ជាអាទិភាពនិងតែផ្ញើសាររំលឹកដល់ជនរួមជាតិ ឱ្យចូលរួមការពារបេតិកភណ្ឌរបស់ជាតិ ដើម្បីជាប្រយោជន៍រួមនោះ។
ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ទៀតថាតាមរយៈព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ យើងទាំងអស់គ្នាមិនភ្លេចឡើយថាប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចទាំងពេលបច្ចុប្បន្ននិងទៅអនាគត ក្នុងការចូលរួមអភិរក្សនិងការពារអង្គរ ពីព្រោះអង្គរមិនត្រឹមតែជារតនៈសម្បត្តិនៃបេតិកភណ្ឌរបស់ជាតិប៉ុណ្ណោះទេ គឺអង្គរក៏ជាសម្បត្តិវប្បធម៌របស់មនុស្សជាតិនៅទូទាំងពិភពលោកផងដែរ។
ចំណែកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ជំទាវ ម៉ែន សំអន ដែលបានអញ្ជើញជាគណអធិបតី ជំនួសឱ្យប្រមុខរាជរដ្ឋាភិបាល បានថ្លែងថាព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ គឺជាការរំលឹកមួយទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យចងចាំនូវគុណូបការៈរបស់បុព្វបុរសខ្មែរ ដែលបានលះបង់យ៉ាងច្រើនដើម្បីការពារអង្គរ ឱ្យបានគង់វង្ស បន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ ហើយយើងគ្រប់គ្នាដែលជាកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយគឺជាអ្នកស្នងមត៌កទាំងនេះ ដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងជាអ្នកដែលត្រូវបន្តវេនថែរក្សាអង្គរតទៅទៀត។
លោក ជំទាវ ម៉ែន សំអន មានប្រសាសន៍ទៀតថាបេតិកភណ្ឌអង្គរ មិនអាចបំភ្លេចបានឡើយ ពីព្រោះវប្បធម៌គឺជាបេតិកភណ្ឌអរូបិយរបស់ជាតិយើង ហើយអង្គរគឺជារតនៈសម្បត្តិដ៏មហាសាលដែលមិនអាចកាត់ថ្លៃបាន។
ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ បានចាប់ផ្ដើមធ្វើឡើងជាប់គ្នារយៈពេល២ថ្ងៃមកហើយ ដោយកាលពីថ្ងៃទី១៣ខែធ្នូ មានក្រុមសិស្សានុសិស្ស ចំនួនជិត១ពាន់នាក់ អមដំណើរដោយលោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរារួមទាំងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត បានធ្វើព្យុះហយាត្រាដង្ហែក្បួន ដើម្បីឱ្យសាធារណៈជនក៍ដូចជាប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិនិងអន្ដរជាតិ បានចូលរួមរំលឹកគុណដល់ប្រាសាទអង្គរ ជាបេតិកភណ្ឌពិភពលោក មិនអាចកាត់ថ្លៃបាន។
ព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំនេះ គឺចំពេលខួប៣០ឆ្នាំនៃការដាក់បញ្ចូលអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌនៃពិភពលោក ដូច្នេះ អាជ្ញាធរជាតិអប្សរា បានរៀបចំកន្លែងដាក់តាំងពិពរណ៍ពាក់ព័ន្ធសកម្មភាពការជួសជុល អភិរក្សនិងការថែរក្សាបេតិកភណ្ឌជាច្រើន ព្រមទាំងពេលល្ងាចមានក្រុមរបាំ និងក្រុមរបស់លោកព្រហ្ម ម៉ាញចូលរួមសំដែងជូនសាធារណជន ឱ្យចូលទស្សនាដោយសេរីផង។
រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសថាព្រឹត្តិការណ៍រំលឹកគុណអង្គរ ត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៤-១៦ខែធ្នូ ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២២តទៅ ដើម្បីជាការចូលរួមចំណែកដ៏សំខាន់ជាមួយផែនការមេនៃវិស័យទេសចរណ៍របស់ខេត្តសៀមរាប ដោយសហការជាមួយក្រសួងពាក់ព័ន្ធនិងអាជ្ញាធរដែនដី លើការបំផុសឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិម្នាក់ យ៉ាងហោចណាស់បានមកទស្សនាអង្គរបានម្ដងក្នុង១ឆ្នាំ ពោលគឺមកទស្សនាម្ដងហើយចង់មកទស្សនាម្ដងទៀត។
ជាមួយគ្នានេះដែរព្រឹត្តិការណ៍រំលឹកគុណអង្គរ ក៏ជាការបំផុសចលនាស្រលាញ់និងការចូលរួមការពាររមណីយដ្ឋានអង្គរ ជៀសវាងឱ្យបាននូវការបំផ្លាញ ដោយស្នាដៃមនុស្សនិងធម្មជាតិ តាមរយៈការរៀបចំកម្មវិធីស្វែងយល់ផ្ទាល់នៅតាមការដ្ឋាន ការងារអាជ្ញាធរជាតិអប្សរា បញ្ហាប្រឈម និងការបញ្ជ្រាបតាមរយៈការសម្ដែងសិល្បៈទស្សនីយភាព ដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់និងចូលរួមថែរក្សា ការពារនិងលើកតម្កើងបេតិកភណ្ឌវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីដ៏ផូរផង់របស់កម្ពុជាផងដែរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម