ខេត្តសៀមរាប៖អគារមជ្ឈមណ្ឌលកណ្តាលនៃសមាគមទ្រទ្រង់ពន្លឺព្រះធម៌កម្ពុជាសាងសង់អំពីថ្ម ឥដ្ឋ ស៊ីម៉ងនិងដែក កម្ពស់៣ជាន់មានទំហំទទឹង២១ម៉ែត្រនិងបណ្តោយ៤០ម៉ែត្រ ចំណាយថវិកាអស់ប្រមាណជា៤០ម៉ឺនដុល្លារអាមេរិក ស្ថិតក្នុងភូមិតាគង់ សង្កាត់សំបួរក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីនេះត្រូវបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការឋក្រោមអធិបតីភាព លោកអ៊ឹង គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងវត្តមាន ព្រឹទ្ឋាចារ្យ និងក្រុមប្រតិភូមកពីសមាគមសែងថាំសងឡានៃប្រទេសថៃ និង តំណាងសមាគមទ្រទ្រង់ពន្លឺព្រះធម៌ពិភពលោក មកពីប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន មន្ត្រីនៃអង្គភាពមន្ទីរពាក់ព័ន្ឋក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ជាច្រើនផងដែរ។
នេះជាសមិទ្ឋផលដំបូងគេនៅក្នុងប្រទេសម្ពុជា ដែលកើតឡើងពីការជួយជ្រោមជ្រែងចូលរួមរបស់ព្រឹទ្ឋាចារ្យ រៀមច្បង តាមរយៈមូលនិធិសែងថាំសងឡាប្រទេសថៃនៃសមាគមទ្រទ្រង់ពន្លឺព្រះធម៌ពិភពលោក ដែលមានសាខានៅតាមបណ្តាប្រទេសអាស៊ានទាំង១០ព្រមទាំងប្រទេសមួយចំនួនទៀត និងសមាគមទ្រទ្រង់ពន្លឺព្រះធម៌កម្ពុជា ព្រមទាំងសប្បុរជនទាំងក្នុងនិងក្រៅប្រទេសផងដែរ។ លោក ព្រំ សម្បត្តិ ប្រធានសមាគមទ្រទ្រង់ពន្លឺព្រះធម៌កម្ពុជាមានប្រសាសន៍ថា អគារនេះជាមជ្ឈមណ្ឌលស្នាក់ការកណ្តាលជាទីសក្ការៈនិងជាកន្លែងជួបប្រជុំគ្នានៃបងប្អូនជាសមាជិកក្នុងប្រទេសជិតខាងនិងប្រទេសក្នុងតំបន់អាស៊ានក្នុងការប្រាស្រ័យទាក់ទងជួយការងារសង្គម ធ្វើការងារមនុស្សធម៌ ដូចជាជួយសង្គ្រោះដល់គ្រួសារទីទ័លក្រ ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ស្ត្រីម៉េម៉ាយមានកូនច្រើនជនពិការនិងជនបាត់បង់សមត្ថភាពរាងកាយ។ និងក៍ជាទីកន្លែងបដិបត្តិធម៌អប់រំផ្លូវចិត្តតាមបែបសមាធិដល់សាធារណៈជនគ្រប់ស្រទាប់ទាំងអស់ ដើម្បីឆ្ពោះត្រង់ទៅឱ្យផ្លូវចិត្តស្ងប់ មានគុណធម៌ សីលធម៌ ចរិយាធម៌ និងជាទីកន្លែងជួបជុំសម្រាប់ចែករំលែកបទពិសោធផ្លាស់ប្តូរគំនិតយោបល់គ្នាទៅវិញទៅមកជាមួយសមាគមដូចគ្នាក្នុងតំបន់អាស៊ានផងដែរ។
ជាមួយគ្នានោះ លោកអ៊ឹង គឹមលាង អភិបាលរងខេត្ត ចាត់ទុកសមិទ្ឋផលនេះថាពិតជាបានរួមចំណែកយ៉ាងច្រើនដល់ការងារមនុស្សធម៌និងការអប់រំនៅកម្ពុជាជាពិសេសការអប់រំផ្លូវចិត្តតាមបែបសមាធិដល់គ្រប់ស្រទាប់មនុស្សដើម្បីជំរះចិត្តដែលដក់ជាប់ដោយភាពសៅហ្មងផងទាំងពួងឱ្យជ្រះស្រឡះ ចៀសផុតពីអំពើអកុសលនិងអបាយមុខផ្សេងៗ ។លោក មានប្រសសន៍ថា៖ការកសាងអគារថ្មីនេះ បង្ហាញឱ្យឃើញពីការចូលរួមជំរុញឱ្យការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យ។លោក អភិបាលរងខេត្តបានជំរុញលើកទឹកចិត្តដល់គណៈគ្រប់គ្រងសមាគមបន្តលើកកម្ពស់ស្មារតីវិជ្ជាជីវៈនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ហាត់បង្រៀនផ្សព្វផ្សាយអប់រំផ្លូវចិត្ត និងផ្តល់ការអប់រំដល់កុមារាកុមារី សិស្សានុសិស្សយុវជន មនុស្សចាស់ដើម្បីបង្កើនសមត្ថភាពនិងកសាងខ្លួនឱ្យក្លាយខ្លួនជាសិស្សល្អ មិត្តល្អ កូនល្អនិងជាពលរដ្ឋល្អក្នុងសង្គមឱ្យសាកសមជាទំពាំងស្នងឬស្សី ជាសរសទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ចៀសវាងនូវអំពើអសកម្ម អំពើអបាយកុខដែលនាំឱ្យបំផ្លាញខ្លួនឯង អ្នកដទៃនិងសង្គមជាតិ៕ ដោយ៖AFN

ឲ្យ


