ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យផ្ទុះអាវុធ២គ្រាប់ដោយសារប៉ងធ្វើសកម្មភាពលួចម៉ូតូ និងលួចក្របីរបស់អ្នកភូមិមិនបានសម្រេច ហើយត្រូវពលរដ្ឋនិងសមត្ថកិច្ចឃាត់ខ្លួន រីឯម្នាក់ជិះម៉ូតូរត់គេចខ្លួនបាត់។ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅ២០២២វេលាម៉ោង០១:៣០នាទី រំលងអាធ្រាត្រថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២២នៅចំណុចគោកចំរេះ ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សុខ ករុណា ភេទប្រុស អាយុ ៥២ ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្នភូមិតាវ៉ូង ឃុំទៀនអង្កាំ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្ម (ប៉ុនប៉ងមនុស្សឃាតដោយប្រើប្រាស់កាំភ្លើងខ្លីK59),កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត,អំពើលួចមានស្ថានទម្ងន់ទោស។ សមត្ថកិច្ចបន្តទៀតថា យោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ខន ឃាន ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ កសិករ នៅភូមិឃុំខាងលើបានរៀបរាប់ថា ខ្លួនសព្វថ្ងៃមានក្របីចំនួន ០៩ក្បាល ហើយរៀងរាល់យប់ ខ្លួនតែងចងក្របីចំនួន ០៤ក្បាលនៅក្នុងរបងក្រោយផ្ទះចម្ងាយប្រហែល៣០ម៉ែត្រ និង០៥ក្បាលទៀតចងក្រៅរបង។នៅថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២២ នៅពេលល្ងាច ខ្លួនបានយកក្របីទៅចងនៅក្រោលរបងក្រោយផ្ទះដូចសព្វដង។លុះដល់ម៉ោង ១:១០នាទី រំលងអាធ្រាត្យ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ឈ្មោះ គា ហេង ភេទប្រុស នៅចំណុចចំរេះ បានទូរសព្ទ័មកប្រាប់ថា ឃើញមានម៉ូតូ ០១គ្រឿង ដូចជាមានការសង្ស័យជិះទៅខាងត្បូងហើយ ។ភ្លាមនោះខ្លួនបានស្ទុះក្រោកឆួលពិលដើរទៅមើលក្របីនៅក្រោលក្រោយផ្ទះ ឃើញក្របីនៅទាំងអស់ រួចខ្លួនក៏ដើរត្រឡប់មកវិញដល់មុខផ្ទះស្រាប់តែឮសម្លេងម៉ូតូជិះមកពីខាងជើងហួសផ្ទះខ្លួនទៅត្បូងបានប្រហែល១០០ម៉ែត្រទើបឈប់។ពេលនោះខ្លួនលបមើល ឃើញពួកជនសង្ស័យជិះគ្នា០២នាក់ ហើយម្នាក់បានចុះពីម៉ូតូដើរសំដៅមកផ្ទះខ្លួន ហើយម្នាក់ទៀតជិះម៉ូតូបកមកវិញហួសផ្ទះខ្លួនបន្តិចក៏ឈប់រួចចុះដើរមកផ្ទះខ្លួនដែរ។ពេលនោះជនសង្ស័យម្នាក់បានដើរចូលក្នុងបរិវេណផ្ទះខ្លួនទៅខាងក្រោយតម្រង់ទៅកន្លែងចងក្របី។ភ្លាមៗនោះខ្លួនក៏ស្រែកថា“ចោរៗ” ជនសង្ស័យក៏បានឆួលពិលដើរតម្រង់មករកខ្លួនហើយស្រែកថា ហ្អែងចង់ងាប់ និងបានដកកាំភ្លើងខ្លីចេញពីក្នុងហោប៉ៅអាវបាញ់មករកខ្លួនចំនួន០១គ្រាប់ តែមិនត្រូវ។ភ្លាមនោះ ប្អូនថ្លៃខ្លួនឈ្មោះពៅ បានដើរចូលមកជួយជនសង្ស័យក៏ស្រែកថា “បើអាណាចង់ងាប់ចូលមក” រួចជនសង្ស័យក៏បាញ់ថែម ០១គ្រាប់ទៀតតម្រង់មកប្អូនថ្លៃខ្លួនតែមិនត្រូវ ។សមត្ថកិច្ចបន្ថែមថា បន្ទាប់ពីបាញ់រួចធ្វើអោយមានការផ្អើលឆោឡោ បងប្អូនញាតិមិត្តជិតខាងស្ទុះស្ទាមកជួយអន្តរាគមន៍ ប្រតាយប្រតប់ធ្វើឲ្យជនសង្ស័យភ័យរត់គេចខ្លួន។ ជនសង្ស័យម្នាក់បានជិះម៉ូតូគេចខ្លួនបាត់ នៅសល់តែម្នាក់ទៀតដែលមានកាំភ្លើងខ្លីបានរត់កាត់វាលស្រែ និងទម្លាក់កាំភ្លើងខ្លីចោលតាមផ្លូវ ។ពេលនោះបងប្អូនប្រជាពលរដ្ឋ ប្រជាការពារ សហការជាមួយសមត្ថកិច្ចតាមរករហូតចាប់ខ្លួនជនសង្ស័យបាន យកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។
សមត្ថកិច្ចបន្ថែមទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពដោយមានបំណងចង់កាច់សោរលួចម៉ូតូ និងលួចក្របី តែដោយសារម្ចាស់ផ្ទះភ្ញាក់ទាន់ក៏សម្រេចចិត្តបាញ់សម្ញែងតែម្ដង។
សមត្ថកិច្ចបានដកហូតយកកាំភ្លើងខ្លីម៉ាក K59 ចំនួន ០១ ដើម និងគ្រាប់ចំនួន ០៤គ្រាប់ ឧបករណ៍សម្រាប់កាច់សោរម៉ូតូមួយចំនួន។
នៅល្ងាចថ្ងៃទី២៧ខែធ្នូឆ្នាំ២០២២នេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕សេរី