ភ្នំពេញ ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងដ្ឋាននគរបាលជាតិ បានធ្វើពិធីបង្ហាញពីស្នាដៃបង្ក្រាបបទល្មើស កែច្នៃ ផលិត រក្សាទុក និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់មួយករណី ដោយឃាត់ខ្លួនជនសង្ស័យ ជនជាតិចិន២នាក់ និងជនជាតិវៀតណាម២នាក់ រួមជាមួយវត្ថុតាងម៉ាស៊ីនកែច្នៃសម្រាប់ផលិត និងថ្នាំងញៀនជាច្រើន។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋល្អបានមករាយការណ៍ជូនមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿ.ងញៀន (ក១១)ថា មានមុខសញ្ញាតែងតែប្រព្រឹត្តសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលមានមធ្យោបាយធ្វើដំណើរដោយម៉ូតូ១គ្រឿង មានភិនភាគម៉ាក SUZUKI VIVA ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1AH-5938 ។បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលជំនាញ បានចុះទៅស៊ើបអង្កេតលើមុខសញ្ញានោះ។លុះដល់វេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបានប្រទះឃើញជនសង្ស័យ២នាក់ កំពុងតែធ្វើដំណើរដោយមធ្យោបាយម៉ូតូ១គ្រឿង ដែលមានភិនភាគដូចប្រជាពលរដ្ឋបានរាយការណ៍ បន្ទាប់មកសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួន ហើយពិនិត្យឃើញមានវត្ថុតាងសារធាតុញៀនមួយចំនួន ។
រហូតដល់វេលាម៉ោងប្រមាណ៧យប់ថ្ងៃខែដដែល សមត្ថកិច្ចក៏បន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចបុរីវីឡាថោន មុខផ្ទះលេខ L-65 ផ្លូវលេខ V-16 ស្ថិតក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដែរ ។ នៅវេលាម៉ោង៧កន្លះយប់ សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យថែមម្នាក់ទៀត នៅចំណុចមុខបុរីវីឡាថោន ផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបន្តឆែកឆេរផ្ទះលេខ L-65 ផ្លូវលេខ V-16 ស្ថិតក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ក្នុងរួមមាន ៖ ១-ឈ្មោះ ឡេ មិនហ៊ុយ ភេទប្រុស អាយុ២៣ ឆ្នាំ ជាជនជាតិវៀតណាម ។ ២- ឈ្មោះ ចឹង ង៉ុកហ្វាក ភេទប្រុស អាយុ២១ឆ្នាំ ជាជនជាតិវៀតណាម ។ ៣- ឈ្មោះ ជា ជេក (XIE JIE) ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិចិន និង៤- ឈ្មោះ ភី ភី (PEI PEI) ភេទប្រុស អាយុ៣១ឆ្នាំ ជាជនជាតិចិន ។
ចំណែកវត្ថុតាងដែលចាប់យក រួមមាន ៖ ១- សារធាតុញៀនសុទ្ធចំនួន៥៨គីឡូ ២២៤ ក្រាម ។ ២- សារធាតុមិនច្បាស់លាស់សម្រាប់ផលិតគ្រឿងញៀនជាង៣០០គីឡូក្រាម។ ៣- ម៉ាស៊ីនកែច្នៃ សម្រាប់ផលិតគ្រឿងញៀនចំនួន២គ្រឿង ។ ៤- ម៉ូតូចំនួន៣គ្រឿង ។ និង៥- ទូរស័ព្ទចំនួន៤គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖afn