Tuesday, November 26, 2024
Header Banner

សម្តេចធិបតី បានដាក់ចេញបទបញ្ជាដល់ក្រសួងស្ថាប័ន-ពាក់ព័ន្ធ ត្រូវទប់ស្កាត់បទល្មើសព្រៃឈើឲ្យបានម៉ឹងម៉ាត់!

ភ្នំពេញ៖មានប្រសាសន៍ក្នុងឱកាសអញ្ជើញបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ នៅក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យគ្រប់បណ្តាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុតចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ និងធនធានធម្មជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំលឹកថា កន្លងទៅមានការកាប់ព្រៃ និងការរកសត្វរបស់បងប្អូនប្រជាពលរដ្ឋ តែមិនបានប៉ះពាល់ធ្ងន់ធ្ងរទៅដល់ធនធានធម្មជាតិនោះទេ អ្វីដែលប៉ះពាល់ខ្លាំងគឺការរំលោភបទល្មើសព្រៃឈើនិងធនធានធម្មជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្ការនិងទប់ស្កាត់ឲ្យបានជាដាច់ខាត។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំលេចបន្ថែមថា កិច្ចការពារ និងទប់ស្កាត់ការរំលោភបទល្មើសព្រៃឈើនិងធនធានធម្មជាតិ គឺជាការយកចិត្តទុកដាច់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរព័ន្ធ ត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងបទល្មើសព្រៃឈើគ្រប់ទម្រង់។

សេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្នមានសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ យ៉ាងគគ្រឹកគគ្រេងពីសំណាក់ក្រុមឈ្មួញ។

មហាជនស្នើឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់នោះឲ្យបានទាន់ពេលវេលា ដើម្បីឲ្យព្រៃឈើនៅតំបន់ខាងលើនៅគង់វង្ស៕ដោយ៖AFN

(រូបភាពឯកសារ ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់នៃខេត្តកំពង់ធំ )

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម