ខេត្តព្រៃវែង៖យោងតាមរបាយការណ៍បានឲ្យដឹងថា មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង ចំនួន១១នាក់ មានតួនាទីចាប់ពីមន្ត្រី រហូតដល់នាយរងការិយាល័យ ដែល តេស្តរកឃើញ សារធាតុញៀននៅក្នុងខ្លួន ត្រូវបាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្តេញ ពី ក្របខណ្ឌនគរបាលជាតិហើយ។
សេចក្តីប្រកាសរបស់ ក្រសួងមហាផ្ទៃ ចុះ ថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០២៣។សូមរំលឹកថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាឲ្យបណ្ដេញ ចេញពីក្របខ័ណ្ឌតែម្តង ចំពោះមន្ត្រីនគរបាលរូបណា ដែលតេស្តរ.កឃើញមានសារធាតុញៀន។ ការដាក់ បទបញ្ជាក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ពី សំណាក់ឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើឡើងក្នុង ឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានព្រមានជាថ្មីម្តង ទៀត ចំពោះជនទាំងឡាយណាដែលពាក់ព័ន្ធជា មួយបទល្មើសគ្រឿងញៀន សូមដកខ្លួនចេញឲ្យ ឆ្ងាយ ខណៈអ្នកដែលដឹងថា ខ្លួនមានសារធាតុញៀន ក៏ត្រូវស្វែងរកវិធីសាស្ត្រដើម្បីផ្តាច់ចោល៕AFN