ខេត្តសៀមរាប៖កាលពីពេលថ្មីនេះ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននាំយកថវិកាសប្បុរសធម៌សរុបចំនួន ២០២លានរៀល ទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ចំនួន១៥២លានរៀល និងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន៥០លានរៀល ដើម្បីជួយសម្រាលបន្ទុកដល់មន្ទីរពេទ្យទាំងពីរ សម្រាប់ការព្យាបាលដល់អ្នកជំងឺកុមារា កុមារី ជនក្រីក្រ អ្នកមានផ្ទៃពោះ និងអ្នកជំងឺទូទៅ ដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើ។
នេះជាកាយវិការដ៏ប្រពៃដែលកើតចេញពីគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលតែងចូលរួមសកម្ម ក្នុងការចែករំលែកក្ដីស្រឡាញ់ និងយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋស្របតាមគោលនយោបាយគាំពារសង្គមដែលត្រូវបានរាជរដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់ ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំព្រឹត្តិការណ៍«រាត្រីសមោសរសប្បុរសធម៌» និងទទួលបានការបរិច្ចាគពីសប្បុរជន ឯកឧត្តម លោកជំទាវ ឧកញ៉ា អ្នកឧកញ៉ា អស់លោក លោកស្រី ដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារ:សំខាន់នោះ៕AFN