Tuesday, November 26, 2024
Header Banner

នាយឧត្តមសេនីយ៍ ទៀ សីហា ដាក់គោលដៅអាទិភាពឆ្នាំ២០២៤ មួយចំនួនដល់រដ្ឋបាលខេត្ដសៀមរាប

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប ដែលបានដំណើរការតាំងពីថ្ងៃទី២៥ ខែធ្នូម្សិលមិញនេះ នៅសាលសន្និសីទសុខាខេត្តសៀមរាប   ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និង សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប  ព្រមទាំងលោកលោកស្រីជាសមាជិកអង្គសនិ្នបាត ប្រមាណជាង១០០០នាក់។

   ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា៖ អង្គសន្និបាត បានលើកយកមកពិភាក្សា ចូលរួមមតិយោបល់ និងអនុសាសន៍នានា សម្រាប់ជាធាតុចូលសំខាន់បន្ថែមទៀត សម្រាប់ទិសដៅអនុវត្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត រួមមាន ៖ទី១ ៖ ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងខេត្ត , ទី២ ៖ ការគ្រប់គ្រងបញ្ហាសំណង់ ការដោះស្រាយបញ្ហាដីធ្លី និងការចុះបញ្ជីដីធ្លី , ទី៣ ៖ ការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ , ទី៤ ៖ ការលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្ត និង ទី៥ ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការចូលរួម និងបញ្ហាប្រឈម។

ឯកឧត្តមបន្ថែមថា៖ផ្តើមចេញពីកត្តាគន្លឹះនេះ រដ្ឋបាលខេត្ត សម្រេចដាក់ចេញនូវទិសដៅភារកិច្ច សកម្មភាពការងារ និងវិធានការចាំបាច់នានាសម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ ចំនួន ៧៧ចំណុច ក្នុងនោះការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំនួន ៧ចំណុច , ការងាររដ្ឋបាលទូទៅ ចំនួន ៣១ចំណុច , ផ្នែកសេដ្ឋកិច្ច ចំនួន ២២ចំណុច និង ផ្នែកសង្គមកិច្ច ចំនួន ១៧ចំណុច ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ដែលជាថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការ សាមគ្គីគ្នាបានយ៉ាងល្អនៅក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ រហូតឈាន ទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត។

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍បន្តថា ៖ឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យ កាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យ ក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និង ក្នុងនាមសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមនាយឧត្តមសេនីយ៍ ទៀ សីហា បានផ្តល់គោលការណ៍ណែនាំលើកិច្ចការអាទិភាពសំខាន់ៗមួយចំនួន ដោយផ្ដោតទៅលើការការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិឱ្យបានរឹងមាំ , ការរក្សាស្ថិរភាពសន្តិសុខផ្ទៃក្នុង ដោយធានាប្រក្រតីកម្មស្ថាប័នជាតិ ធានាសុវត្ថិភាពជូនឥស្សរជនជាន់ខ្ពស់ជាតិ អន្តរជាតិ ព្រមទាំងព្រឹត្តិការណ៍នយោបាយជាតិ តំបន់ និងអន្តរជាតិ ដែលធ្វើឡើងនៅកម្ពុជា និង ទប់ស្កាត់ការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ឬការបង្កើតតំបន់អបគមន៍ ព្រមទាំងប្រឆាំងរាល់ឧបាយកលសកម្មភាពនៃការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានជំរុញឲ្យបន្តចលនាអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បីលើកកម្ពស់ការចូលរួមបង្ការទប់ស្កាត់បង្រ្កាបបទល្មើសនានាឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត , បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសសកម្មភាពលួច ឆក់ ប្លន់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ ការជំរិតទារប្រាក់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពក្មេងទំនើងជាដើម ព្រមទាំងគិតគូរត្រៀមវិធានការ និងមធ្យោបាយនានាក្នុងការបង្ការ និងពន្លត់អគ្គិភ័យ បន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្អែកតាមផែនការយុទ្ធសាស្ត្រទសវត្សរ៍ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំឲ្យរដ្ឋបាលខេត្តសៀមរាប បន្តចូលរួមអនុវត្តកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល តាមរយៈការអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពទាំង០៦ របស់រាជរដ្ឋាភិបាល និងការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងពង្រឹងរបៀបរបបការងារ ការដឹកនាំនិងគ្រប់គ្រងរដ្ឋបាលខេត្ត ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម