ខេត្តរតនគិរី៖មនុស្ស២នាក់ក្នុងចំណោម៧នាក់បានរងរបួសធ្ងន់ស្រាល ខណ:ផ្ទុះរំសេវផាវដាក់ក្នុងដបប្រេងកូឡាធ្វើជាឧបករណ៍ យកមកកែច្នៃបោកត្រី។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចអូរជញ្ជាន់ ស្ថិតក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ១-ឈ្មោះ ប៉ាលិត យ៉ន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិគ្រឹង រងរបួសធ្ងន់ត្រង់ប្រអប់ដៃឆ្វេង។២-ឈ្មោះ ចាងឡុង រាំង ភេទប្រុសអាយុ៤៩ឆ្នាំ ជនជាតិគ្រឹង រងរបួសស្រាលត្រូវខ្នង។
ទាំង២នាក់រស់នៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។អ្នករួមដំណើរ ១-ឈ្មោះ យិត ធិន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិគ្រឹង។២-ឈ្មោះ យន្ត ហប់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិគ្រឹង។៣-ឈ្មោះ ក្រឡាង ព្រិច ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិគ្រឹង។៤-ឈ្មោះ ខ្មិកថង និល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិគ្រឹង។៥-ឈ្មោះ មីន អង្គារ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិគ្រឹង។ទាំង៥នាក់មានទីលំនៅបច្ចុប្បន្នភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគីរ។
សមត្ថកិច្ចបានបញ្ជាក់ថា តាមការរៀបរាប់របស់ជនរងគ្រោះ ដែលបានទៅជាមួយគ្នាថា មុនពេលកើតហេតុថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៩ជាង ពួកគាត់បានបបួលគ្នាទៅរកត្រីនៅអូរជញ្ជាន់ ពេលទៅដល់អូរនោះប្រហែលជាវេលាម៉ោង១២ ក៏ចាប់ផ្ដើមចុះទឹកដើម្បីទៅរកត្រី។ ចំណែកឈ្មោះ ឡុង រ៉ាង ក៏បានបង្កាត់ភ្លើងចាំនៅលើគោក ពេលជនរងគ្រោះឈ្មោះ ផលិត យ៉ន បានឡើងពីទឹកមកវិញ ពេលនោះរំសេវកែច្នៃដែលនៅក្នុងហោប៉ៅបានសើម រួចជនរងគ្រោះក៏យករំសេវកែច្នៃដែលដាក់ដបប្រេងក្រឡានោះ ទៅរោលភ្លើងដែលបង្កាត់នោះឲ្យរំសេវនោះស្ងួត ស្រាប់តែ បណ្ដាលឲ្យផ្ទុះឡើងតែម្ដងទៅ។
បច្ចុប្បន្នជនរងគ្រោះដែលត្រូវរងរបួសធ្ងន់ដាច់ប្រអប់ដៃខាងឆ្វេងត្រូវបានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕ដោយ៖សាវ័ន្ត